
នគរបាលស្រុកម៉ាឡៃចាប់ឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់តាមដីការសាលាដំបូងខេត្ត
ដោយ ៖ វិច្ឆិកា ថ្ងៃទី 13 មករា 2013ម៉ោង 10:25:48
ខេត្តបន្ទាយមានជ័យ ៖ ជនជាប់ចោទម្នាក់ត្រូវបាននគរបាលស្រុកម៉ាឡៃចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៣ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ការចាប់ឃាត់ ខ្លួនជនជាប់ចោទរូបនេះ សមត្ថកិច្ចស្រុកម៉ាឡៃអនុវត្តតាមដីការតុលាការខេត្តលេខ០៨ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ។
លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនជាប់ ចោទឈ្មោះ ហៀង ពៅ អាយុ២៤ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិ ឃុំ ខាងលើ។ ជនជាប់ចោទ ហៀង ពៅ ត្រូវបានចោទតុលាការចោទប្រកាន់ ពីបទនាំមុស្សចេញឆ្លងដែនមិនស្របច្បាប់ ប្រ ព្រឹត្តកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១១ ។ ជននេះកន្លងមកសមត្តកិច្ចតែងព្យាយាមស្វែងរក
ចាប់ឃាត់ខ្លួនដែរ តែជននេះចេះតែរត់គេចខ្លួនចេញចូលប្រទេសថៃ និងចល័តទីលំនៅ ។ ជនជាប់ចោទឈ្មោះ ហៀង ពៅ ប្រព្រឹត្តក្នុងបទល្មើសព្រហ្មទណ្ឌ មានចែងនិងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រាច្បាប់ស្តីពីការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ។ ជនជាប់ចោទត្រូវនគរបាលស្រុកម៉ាឡៃ ចាប់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីយកទៅចាត់ការតាមនីតិវិធីបន្ត ៕
