
ក្មេងស្រីអាយុ២ឆ្នាំដាំក្បាលចូលពាងទឹកឈ្លក់ទឹកស្លាប់
ភ្នំពេញ ៖ ក្មេងស្រីម្នាក់អាយុ២ឆ្នាំ បានដាំក្បាលធ្លាក់ចូលពាងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ ខណៈដែលក្មេងស្រីរូបនេះបានជាន់លើធុងប៉េត្រូជ័រ រួចឱនដួសទឹកក្នុងពាង ។ ហេតុការណ៏នេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ នៅផ្ទះពលរដ្ឋក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ភី ស្រីពៅ អាយុ២ឆ្នាំ ម្តាយឈ្មោះ ស្វាយ សឿន អាយុជាង៣០ឆ្នាំ ជាកម្មការិនីរោងចក្រ និងឪពុកឈ្មោះ ភី គង់។
លោកយាយម្នាក់ឈ្មោះ ស្វាយ ញុំ អាយុ៧៣ឆ្នាំ ត្រូវជាជីដូនក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុចៅស្រីរបស់គាត់បានរត់លេងជាមួយបងរបស់គេ ហើយលោកយាយអង្គុយក្នុងផ្ទះ ក្រោយមកក៏បាត់ចៅស្រីរងគ្រោះ គាត់ដើររក បន្ទាប់មកក៏មានចៅប្រុសម្នាក់បានប្រាប់គាត់ថា គេឃើញស្រីពៅអណ្តែតក្នុងពាងទឹក។ ភ្លាមនោះលោកយាយក៏ស្រែកឲ្យគេជួយ តែហួសពេលទៅហើយ។
ស្ត្រីម្នាក់បានឲ្យដឹងដែរថា មុនដំបូងចៅប្រុសរបស់គាត់ បានដើរទៅពាងទឹក ក៏ឃើញស្រីពៅ(ក្មេងស្រីរងគ្រោះ)អណ្តែតក្នុងពាងទឹក វាក៏បានមកប្រាប់យាយរបស់គេ ហើយក៏នាំគ្នាស្ទុះមកជួយ តែហួសពេលទៅហើយ មិនដឹងគេធ្លាក់ទឹកពីពេលណាមកម៉ោង រយៈជាង១ហើយទើបដឹង ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ឲ្យដឹងដែរថា ក្មេងស្រីរងគ្រោះបានជាន់ឡើងលើធុងប៉េត្រូជ័រ ហើយឱនដួសទឹក ក៏ដាំក្បាលចូលក្នុងពាងទឹកបណ្តាលឲ្យឈ្លក់ទឹកស្លាប់ ព្រោះទឹកក្នុងពាងជិតពេញ៕
