ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ដាំ​ក្បាល​ចូល​ពាងទឹក​ឈ្លក់ទឹក​ស្លាប់​

ដោយ​ ៖ តា​ឡឹម​ ​|ថ្ងៃទី 13 មករា 2013 ម៉ោង 11:08:17

​ភ្នំពេញ​ ៖​ ក្មេង​ស្រី​ម្នាក់​អាយុ​២​ឆ្នាំ​ បាន​ដាំ​ក្បាល​ធ្លាក់​ចូល​ពាងទឹក​ បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​ ខណៈ​ដែល​ក្មេង​ស្រី​រូប​នេះ​បាន​ជាន់​លើ​ធុង​ប៉េ​ត្រូ​ជ័រ​ រួច​ឱន​ដួស​ទឹក​ក្នុង​ពាង​ ។​ ​ហេតុ​ការ​ណ៏​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​ នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៣​ នៅផ្ទះ​ពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ចក​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ ភី​ ស្រី​ពៅ​ អាយុ​២​ឆ្នាំ​ ម្តាយ​ឈ្មោះ​ ស្វាយ​ សឿ​ន​ អាយុ​ជាង​៣០​ឆ្នាំ​ ជា​កម្មការិនី​រោងចក្រ​ និង​ឪពុក​ឈ្មោះ​ ភី​ គង់​។​
​លោកយាយ​ម្នាក់​ឈ្មោះ​ ស្វាយ​ ញុំ​ អាយុ​៧៣​ឆ្នាំ​ ត្រូវជា​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើតហេតុ​ចៅស្រី​របស់​គាត់​បាន​រត់​លេង​ជាមួយ​បង​របស់​គេ​ ហើយ​លោកយាយ​អង្គុយ​ក្នុងផ្ទះ​ ក្រោយមក​ក៏​បាត់​ចៅស្រី​រង​គ្រោះ​ គាត់​ដើរ​រក​ បន្ទាប់​មក​ក៏​មាន​ចៅប្រុស​ម្នាក់​បាន​ប្រាប់​គាត់​ថា​ គេ​ឃើញ​ស្រី​ពៅ​អណ្តែត​ក្នុង​ពាងទឹក​។​ ភ្លាម​នោះ​លោកយាយ​ក៏​ស្រែក​ឲ្យ​គេ​ជួយ​ តែ​ហួសពេល​ទៅ​ហើយ​។​

​ស្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ដែរ​ថា​ មុន​ដំបូង​ចៅប្រុស​របស់​គាត់​ បាន​ដើរទៅ​ពាងទឹក​ ក៏​ឃើញ​ស្រី​ពៅ​(​ក្មេង​ស្រី​រង​គ្រោះ​)​អណ្តែត​ក្នុង​ពាងទឹក​ វា​ក៏​បាន​មក​ប្រាប់​យាយ​របស់​គេ​ ហើយ​ក៏​នាំ​គ្នា​ស្ទុះ​មក​ជួយ​ តែ​ហួសពេល​ទៅ​ហើយ​ មិនដឹង​គេ​ធ្លាក់ទឹក​ពី​ពេល​ណា​មក​ម៉ោង​ រយៈ​ជាង​១​ហើយ​ទើប​ដឹង​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ក្មេង​ស្រី​រង​គ្រោះ​បាន​ជាន់ឡើង​លើ​ធុង​ប៉េ​ត្រូ​ជ័រ​ ហើយ​ឱន​ដួស​ទឹក​ ក៏​ដាំ​ក្បាល​ចូល​ក្នុង​ពាងទឹក​បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​ ព្រោះ​ទឹក​ក្នុង​ពាង​ជិត​ពេញ​៕​