
កម្លាំងចម្រុះខណ្ឌទួលគោកចុះធ្វើរដ្ឋបាលរកឃើញពស់ថ្លាន់៤ក្បាល
ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ កម្លាំងនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោក ស៊ឹម ពិសិដ្ឋ បានចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន ដោយបានរឹបអូសបានពស់ថ្លាន់៤ក្បាល ឋិតនៅផ្ទះលេខ៦១ ផ្លូវ១៣៨ ក្រុម២៦ ភូមិ៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សុខ អង ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់ នៅផ្ទះជួលកន្លែងកើតហេតុ ស្រុកកំណើតខេត្ដព្រៃវែង និងឈ្មោះ សុខ ឃី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ នៅស្រុកកំណើតព្រៃវែង ។
លោក ស៊ឹម ពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានឱ្យដឹងថា ការចុះធ្វើ រដ្ឋបាលនេះ កម្លាំងរបស់លោកដកហូតបានពស់ថ្លាន់៤ក្បាល ទម្ងន់៤៦,៥គីឡូក្រាម ។ លោកបន្ដថា ពស់ថ្លាន់ទាំង៤ក្បាលនេះ ជនសង្ស័យបានដឹកមកយកពីខេត្ដសៀមរាប តាមរថយន្ដ
ក្រុងឈប់ផ្សារថ្មី ហើយឈ្មោះ សុខ អន បានយកមកលាក់ទុកនៅផ្ទះរបស់ខ្លួន នាំបបន្ដយកទៅលក់នៅប្រទេសវៀតណាម ។ ក្រោយប្រតិបត្ដិការរួចមក លោកបានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ដ ៕
