
រថយន្ដដឹកដី២គ្រឿងបុកគ្នាឆេះស្លាប់ម្នាក់ក្នុងភ្លើងនិងម្នាក់រងរបួសធ្ងន់
ដោយ ៖ អ៊ុំ ណុន ថ្ងៃទី 13 មករា 2013ម៉ោង 15:02:01
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរគួរឱ្យរន្ធត់មួយបានកើតឡើង រវាងរថយន្ដធុនធំ១គ្រឿងបុកជាមួយរថយន្ដដឹកដី១គ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលឱ្យឆេះស្លាប់បុរសម្នាក់នៅក្នុងរថយន្ដ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នៅចំណុចមុខហាងលក់ភេសជ្ជៈយីហោ ទីទី ឋិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូ(១០១៩)ឋិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនរងគ្រោះដែលស្លាប់ក្នុងរថយន្តឈ្មោះ ឈន ឆៃណា អាយុ៣០ឆ្នាំ និងម្នាក់ទៀតមិនត្រូវទាន់ត្រូវបានស្គាល់អត្ដសញ្ញាណនៅឡើយ ។
តាមសម្ដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ដទាំង២គ្រឿងបានបើកច្រាសទិសគ្នា ១គ្រឿងមានដឹកដី និង១គ្រឿងមិនមានដឹកដី លុះមកដល់ចំណុចកើតហេតុ ក៏បុកគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្ដទាំង២គ្រឿងឆេះ ដោយគាបជាប់បុរសម្នាក់នៅក្នុងរថយន្ដនោះ និងបុរសម្នាក់ទៀតរងរបួសធ្ងន់។ ក្នុងនោះមានរថយន្ដពន្លត់អគ្គីភ័យបាញ់ពន្លត់ផងដែរ ៕
