ចាប់​បាន​ឃាតក​សម្លាប់​ក្មេង​នៅ​ពោធិ៍សាត់​ប្លន់​យក​ម៉ូតូ​

ដោយ​ ៖ ស្អាងជ័យ ថ្ងៃទី 15 មករា 2013ម៉ោង 14:54:05

​ខេត្ដកណ្ដាល​ ៖​ ជនសង្ស័យ​ជា​ឃាតក​ ដែល​សម្លាប់​ក្មេង​ម្នាក់​ និង​២​នាក់​ទៀត​ រង​របួសធ្ងន់​ ក្នុង​ករណី​ប្លន់​យក​ម៉ូតូ​កាល​ ពី​ថ្ងៃ​ទី​១៣​ ខែមករា​ នៅ​ភូមិ​ក្បាលដំរី​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់​ ត្រូវ​បាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ​ ក្រោម​ ចំណាត់ការ​ក្រសួងមហាផ្ទៃ​ ចាប់​បាន​ ឃាតក​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ប៊ុ​ន​ យ៉េ​ត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ ភូមិ​-​ឃុំ​បា​រ៉ុ​ង​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ កាលពី​វេលា​ម៉ោង​១៣​ថ្ងៃ​ទី​១៥​ខែមករា​ ឆ្នាំ​២០១៣​ ។​

​ដោយ​មាន​កិច្ច​សហប្រតិបត្ដិការ​ជា​ មួយ​ក្រុម​គ្រួសារ​ជនសង្ស័យ​ បុរស​ជា​ ឃាតក​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​ចំការឪឡឹក​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ទី​ដែល​ជនសង្ស័យ​កំពុង​លាក់​ខ្លួន​ ។​ បច្ចុប្បន្ន​ បុរស​ឈ្មោះ​ ប៊ុ​ន​ យ៉េ​ត​ ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ​ឃុំ​ ខ្លួន​ជា​បណ្ដោះអាសន្ន​ ។​

​លោក​វរសេនីយ៍ទោ​ ស៊ឹង​ សេង​លី​ នាយការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ បានឱ្យ​ ដឹង​ថា​ បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​ ប្លន់​យក​ម៉ូតូ​នៅ​ខេត្ដពោធិ៍សាត់​ អគ្គ​ស្នង​ការ​នគរបាល​បាន​កំណត់​មុខសញ្ញា​ ហើយ​ដឹង​ថា​ ជនសង្ស័យ​ជា​ឃាតក​មាន​ទី​លំ​ នៅ​នៅ​ខេត្ដកណ្ដាល​ ក៏​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ កណ្ដាល​ចាត់វិធានការ​ស្រាវជ្រាវ​វែក​ មុខ​រក​ឃាតក​ ។​ បន្ទាប់​ពី​មាន​កិច្ច​សហ​ ការ​ពី​ក្រុម​គ្រួសារ​ជនសង្ស័យ​ ទើប​នគរ​ បាល​ខេត្ដកណ្ដាល​សហការ​ជាមួយ​នគរ​ បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំ​ ពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ប៊ុ​ន​ យ៉េ​ត​  នៅ​វេលា​ម៉ោង​១៣​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ចំការឪឡឹក​ សង្កាត់​កា​កាប​ ។​

​គួរ​បញ្ជាក់​ថា​ ក្មេង​ប្រុស​ស្រី​៣​នាក់​ បងប្អូន​បង្កើត​ត្រូវ​ឃាតក​ឈ្មោះ​ ប៊ុ​ន​ យ៉េ​ត​ វាយ​សម្លាប់​ម្នាក់​និង​២​នាក់​ទៀត​រង​ របួសធ្ងន់​ ខណៈ​ឪពុក​ម្ដាយ​និង​បងធំៗ​ របស់​ពួក​គេ​ចេញ​ទៅ​ស៊ីឈ្នួល​ដាំដំឡូង​ ដោយ​ទុក​ពួក​គេ​ឱ្យ​នៅ​ចាំផ្ទះ​ ។​

​ករណី​វាយ​សម្លាប់​ក្មេង​ដ៏​សាហាវ​ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ក្បាលដំរី​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់​ ។​

​ក្មេង​ស្រី​ឈ្មោះ​ សុទ្ធ​ តុលា​ អាយុ​១៧​ ឆ្នាំ​ ជា​កូន​ទី​៣​ ក្នុង​គ្រួសារ​ និង​ជា​បង​បង្កើត​ក្មេង​រង​គ្រោះ​ នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ នគ​វត្ដ​ឱ្យ​ដឹង​ថា​ ប្អូន​ទាំង​៣​របស់​គេ​ដែល​ រង​គ្រោះ​ ទី​១.​ឈ្មោះ​ សុទ្ធ​ ចា​ន្នី​ ភេទ​ ស្រី​ អាយុ​១០​ឆ្នាំ​  ជា​កូន​ទី​៥​ រង​របួសធ្ងន់​ ទី​២.​ឈ្មោះ​ សុទ្ធ​ ចាន់​ណា​ក់​ ភេទ​ស្រី​អាយុ​៨​ឆ្នាំ​ ជា​កូន​ទី​៦​ រង​របួសធ្ងន់​ និង​ទី​៣.​ ឈ្មោះ​ សុទ្ធ​ ដែន​ ភេទ​ប្រុស​ អាយុ​៦​ឆ្នាំ​ ជា​កូនពៅ​ ក្នុង​ចំណោម​បងប្អូន​៧​នាក់​ បាន​ស្លាប់​ ។​

​នាង​បានឱ្យ​ដឹង​ថា​ ឪពុក​របស់​នាង​ ឈ្មោះ​ សំ​ សា​វឿ​ន​ អាយុ​៤៧​ឆ្នាំ​ និង​ ម្ដាយ​ឈ្មោះ​ ឆៃ​ ចាន់​ធឿ​ន​ អាយុ​៤៤​ឆ្នាំ​  បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​មាន​ មុខរបរ​ស៊ីឈ្នួល​ដាំដំឡូង​ឱ្យ​ក្រុមហ៊ុន​ចិន​ មួយ​នៅ​ក្នុង​ខេត្ដពោធិ៍សាត់​។​

​នាង​ សុទ្ធ​ តុលា​ បាន​បញ្ជាក់​ថា​ ជា​រៀងរាល់ថ្ងៃ​នៅ​ម៉ោងជាង​៦​ព្រឹក​ ឪពុក​ម្ដាយ​ ព្រមទាំង​បងៗ​បាន​នាំ​គ្នា​ ទៅ​ស៊ីឈ្នួល​ដាំដំឡូង​ឱ្យ​ក្រុមហ៊ុន​ចិន​  ដោយ​បាន​ទុក​ប្អូន​តូចៗ​ទាំង​៣​នាក់​ឱ្យ​ នៅ​ចាំផ្ទះ​ដូច​សព្វដង​ ។​ លុះ​ពេល​ពួក​គេ​ ត្រឡប់​ពី​កន្លែងធ្វើការ​មក​ហូប​បាយ​ថ្ងៃ​ ត្រង់​ដ​ក៏​ស្រាប់តែ​ឃើញ​ប្អូនៗ​ទាំង​៣​ មាន​ស្នាម​ប្រឡាក់​ឈាម​ និង​ មាន​ ភួយ​គ្រប​ពីលើ​ពួក​គេ​ផង​។​ ដំបូង​ឡើយ​ នឹក​ស្មានថា​ ពួក​គេ​ទាំង​៣​ដេក​ តែ​ពេល​ ឪពុក​របស់​នាង​បើក​ភួយ​ចេញ​ ស្រាប់តែ​ ឃើញ​ប្អូនៗ​ទាំង​៣​ដេក​តំរៀប​គ្នា​ប្រឡាក់​ ឈាម​ពេញ​ខ្លួនប្រាណ​ ។​ នៅ​ពេល​នោះ​ ឪពុក​ម្ដាយ​របស់​នាង​ ព្រោះតែ​រន្ធត់​ និង​នឹក​ស្មានថា​ ប្អូនៗ​ទាំង​៣​ស្លាប់​ទាំង​ អស់​ ក៏​ដួល​សន្លប់​តែ​ម្ដង​ ប៉ុន្ដែ​ ក្រោយ​ មក​ទើប​ដឹង​ថា​ ប្អូនស្រី​ សុទ្ធ​ ចា​ន្នី​ និង​ សុទ្ធ​ ចាន់​ណា​ក់​ នៅ​មាន​ដង្ហើម​។​ ក្រោយ​ មក​ទើប​មានការ​ភ្ញាក់ផ្អើល​និង​ដឹក​បញ្ជូន​ ពួក​គេ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ បង្អែក​ពោធិ៍សាត់​ ប៉ុន្ដែ​ដោយ​ស្ថានភាព​ របួស​ធ្ងន់ធ្ងរ​ កុមារ​ទាំង​២​ត្រូវ​បាន​បញ្ជូន​ មក​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​បាន​ប្លន់​យក​ម៉ូតូ​សេ​១២៥​យក​ទៅ​លក់​ដើម្បី​ បាន​ប្រាក់​ស៊ីចាយ​ ។​ ពេល​នេះ​នគរបាល​ កំពុង​ស្វែងរក​ម៉ូតូ​ដែល​ជនសង្ស័យ​បាន​យក​ទៅ​លក់​ ៕