
អគ្គីភ័យឆេះផ្ទះលក់គ្រឿងទេសនិងលក់សាំង១ខ្នងនៅឧដុង្គ
ដោយ ៖ វិចិត្រា ថ្ងៃទី 14 មករា 2013ម៉ោង 08:01:46
ខេត្ដកំពង់ស្ពឺ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះលក់គ្រឿងទេស និងលក់សាំង មួយខ្នង បំផ្លាញទ្រព្យ សម្បត្ដិ និងសម្ភារៈក្នុងផ្ទះទាំងស្រុង ប៉ុន្ដែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នៅក្នុង ភូមិស្រះកែវ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
តាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានអគ្គីភ័យ គេឃើញមានរថយន្តដឹកស៊ីទែនសាំងធុនតូច១គ្រឿង មកឈប់បូមសាំងនៅមុខផ្ទះខាងលើ ខណៈកំពុងបូមក៏ឆ្លងចរន្តចេញពីម៉ូទ័របណ្តាលឲ្យឆេះរាលដាលចូលក្នុងផ្ទះ ឃើញដូច្នោះអ្នកបើករថយន្តដឹកសាំងខាងលើបានបើករថយន្តគេចខ្លួនបាត់ ហើយភ្លើងក៏ឆេះខ្លាំងឡើងៗ ។
ក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង ប្រើទឹកអស់៥០ឡាន ទើបអាចពន្លត់បានទាំងស្រុងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ។ ផ្ទះ សម្ភារ និងទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបានបំផ្លាញទាំងស្រុង ក្នុងនោះមានម៉ូតូ២គ្រឿង និងឆ្កែ២ក្បាលផងដែរ ៕
