អគ្គី​ភ័យ​ឆេះ​ផ្ទះ​លក់​គ្រឿងទេស​និង​លក់​សាំង​១​ខ្នង​នៅ​ឧដុង្គ​

ដោយ​ ៖ វិចិត្រា|ថ្ងៃទី 14 មករា 2013 ម៉ោង 08:01:46

​ខេត្ដកំពង់ស្ពឺ​ ៖​ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​លក់​គ្រឿងទេស​ និង​លក់​សាំង​ មួយ​ខ្នង​ បំផ្លាញ​ទ្រព្យ​ សម្បត្ដិ​ និង​សម្ភារៈ​ក្នុងផ្ទះ​ទាំងស្រុង​ ប៉ុន្ដែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ​ទេ​ ។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ ភូមិ​ស្រះ​កែវ​  ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។​

​តាម​សម្តី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​មាន​អគ្គី​ភ័យ​ គេ​ឃើញ​មាន​រថយន្ត​ដឹក​ស៊ីទែន​សាំង​ធុន​តូច​១​គ្រឿង​ មក​ឈប់​បូម​សាំង​នៅ​មុខ​ផ្ទះ​ខាងលើ​ ខណៈ​កំពុង​បូម​ក៏​ឆ្លង​ចរន្ត​ចេញពីម៉ូទ័របណ្តាល​ឲ្យ​ឆេះ​រាលដាល​ចូល​ក្នុងផ្ទះ​ ឃើញ​ដូច្នោះ​អ្នក​បើករថយន្ត​ដឹក​សាំង​ខាងលើ​បាន​បើករថយន្ត​គេចខ្លួន​បាត់​ ហើយ​ភ្លើង​ក៏​ឆេះ​ខ្លាំង​ឡើងៗ​ ។​

​ក្រោយមក​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១០​គ្រឿង​ ប្រើ​ទឹក​អស់​៥០​ឡាន​ ទើប​អាច​ពន្លត់​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ ។​ ផ្ទះ សម្ភារ​ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ ក្នុង​នោះ​មាន​ម៉ូតូ​២​គ្រឿង​ និង​ឆ្កែ​២​ក្បាល​ផង​ដែរ​ ៕