
ម៉ូតូពីរគ្រឿងប៉ះគ្នាដួលត្រូវអ្នកថ្មើរជើងនិងខ្ទាតចូលរថយន្ដកិនស្លាប់២របួសធ្ងន់៤
ដោយ ៖ យឹម សុថាន ថ្ងៃទី 14 មករា 2013ម៉ោង 12:47:20
ខេត្ដស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៤នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើត ឡើង រវាងម៉ូតូ២គ្រឿងប៉ះគ្នាដួលទៅត្រូវអ្នកឈរលើចិញ្ចើមផ្លូវ ហើយបន្ដខ្ទាតទៅលើផ្លូវ រថយន្ដ១គ្រឿងមកដល់កិន ពីលើបន្ថែម នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ដស្វាយរៀង ។
ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ ញឹក រី ភេទស្រី អាយុ២២ឆនាំ និងឈ្មោះ ញឹក ផ្លឹត ភេទប្រុស អាយុ១៨ឆ្នាំ ជាបងប្អូនបង្កើត មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគួកល្វាង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ ចំណែកអ្នករង របួសធ្ងន់ស្រាលទាំង៤នាក់មានឈ្មោះ ១-សុច ចិន្ដា ភេទស្រី អាយុ២៥ឆនាំ, ២-រស់ សារី ភេទស្រី អាយុ២៨ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិសាលាទៀន សង្កាត់ច្រកម្ទេស ក្រុងបាវិត, ៣-ជឹង ផល្លា ភេទស្រី អាយុ១៩ឆ្នាំ និង៤- គឹម អ៊ីដាង ភេទស្រី អាយុ១៨ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិកើតហេតុ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿង ១គ្រឿងម៉ាកសាលូស និង១គ្រឿងទៀតម៉ាកស្ប៉ាក បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅស្របគ្នា លុះមក ដល់ចំណុចកើតហេតុម៉ូតូម៉ាកស្ប៉ាកបានប៉ះជន្ទល់ម៉ូតូម៉ាកសាលូស បណ្ដាលឱ្យម៉ូតូទាំង២គ្រឿងដួល ខ្ទាតទៅត្រូវមនុស្ស២នាក់ដែលឈរនៅចិញ្ចើមផ្លូវក្បែរនោះ ហើយអ្នកជិះម៉ូតូម៉ាកស្ប៉ាកបានខ្ទាតទៅលើផ្លូវ ខណៈនោះមានរថយន្ដ១គ្រឿងដែលមានដឹកកម្មករបានមកដល់ ក៏កិនពីលើបន្ថែមស្លាប់ទាំង២នាក់ភ្លាមៗ ហើយរថយន្ដបានបន្ថែមល្បឿនគេចខ្លួនបាត់ ៕
