ម៉ូតូ​ពីរ​គ្រឿង​ប៉ះ​គ្នា​ដួល​ត្រូវ​អ្នក​ថ្មើរជើង​និង​ខ្ទាត​ចូល​រថយន្ដ​កិន​ស្លាប់​២​របួសធ្ងន់​៤

ដោយ​ ៖ យឹម ​សុថាន ថ្ងៃទី 14 មករា 2013ម៉ោង 12:47:20

​ខេត្ដស្វាយរៀង​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​៤​នាក់​រង​របួសធ្ងន់​ស្រាល​ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៣​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ ឡើង​ រវាង​ម៉ូតូ​២​គ្រឿង​ប៉ះ​គ្នា​ដួល​ទៅ​ត្រូវ​អ្នក​ឈរ​លើ​ចិញ្ចើម​ផ្លូវ​ ហើយ​បន្ដ​ខ្ទាត​ទៅ​លើ​ផ្លូវ​ រថយន្ដ​១​គ្រឿង​មក​ដល់​កិន​ ពីលើ​បន្ថែម​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​ព្រៃ​ទប់​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​ទី​១​មានឈ្មោះ​ ញឹក​ រី​ ភេទ​ស្រី​ អាយុ​២២​ឆនាំ​ និង​ឈ្មោះ​ ញឹក​ ផ្លឹ​ត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​បងប្អូន​បង្កើត​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​គួ​ក​ល្វាង​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ ។​ ចំណែក​អ្នក​រង​ របួសធ្ងន់​ស្រាល​ទាំង​៤​នាក់​មានឈ្មោះ​ ១-​សុច​ ចិន្ដា​ ភេទ​ស្រី​ អាយុ​២៥​ឆនាំ​,​ ២-​រស់​ សារី​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​សាលា​ទៀន​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​,​ ៣-​ជឹ​ង​ ផល្លា​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ និង​៤-​ គឹ​ម​ អ៊ី​ដាង​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​២​គ្រឿង​ ១​គ្រឿង​ម៉ាក​សា​លូ​ស​ និង​១​គ្រឿង​ទៀត​ម៉ាក​ស្ប៉ា​ក​ បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​ទិស​ដៅ​ស្របគ្នា​ លុះ​មក​ ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ម៉ាក​ស្ប៉ា​កបាន​ប៉ះ​ជ​ន្ទ​ល់​ម៉ូតូ​ម៉ាក​សា​លូ​ស​ បណ្ដាល​ឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​ ខ្ទាត​ទៅ​ត្រូវ​មនុស្ស​២​នាក់​ដែល​ឈរ​នៅ​ចិញ្ចើម​ផ្លូវ​ក្បែរ​នោះ​ ហើយ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ស្ប៉ា​កបាន​ខ្ទាត​ទៅ​លើ​ផ្លូវ​ ខណៈនោះ​មាន​រថយន្ដ​១​គ្រឿង​ដែល​មាន​ដឹក​កម្មករ​បាន​មក​ដល់​ ក៏​កិន​ពីលើ​បន្ថែម​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​ ហើយ​រថយន្ដ​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​ ៕