សម្ដេច​តេ​ជោ​ ៖​ បញ្ឈប់​នយោបាយ​ទឹក​ឡើង​​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 14 មករា 2013ម៉ោង 20:25:00

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ឡើង​ ដោយ​គាំទ្រ​ពេញទំហឹង​ឱ្យ​មានការ​បង្កើត​ ក្រមសីលធម៌​សម្រាប់​អ្នកនយោបាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​អំពាវនាវ​ ឱ្យ​បញ្ចប់​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ ។​

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាលពី​ព្រឹក​ថ្ងៃ​ ចន្ទ​ ទី​១៤​ ខែមករា​ ឆ្នាំ​២០១៣​ សម្ដេច​ តេ​ជោ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គំនិត​ ផ្ដួចផ្ដើម​ឱ្យ​មាន​ក្រមសីលធម៌​សម្រាប់​ អ្នកនយោបាយ​ ដែល​កំណត់​កុំឱ្យ​មានការ​ ជេរ​ប្រមាថ​ក្នុង​ពេល​ឃោសនាបោះឆ្នោត​ តំណាងរាស្ដ្រ​ នា​ខែកក្កដា​ ឆ្នាំ​២០១៣​ ។​

​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ គួរតែ​មាន​ក្រមសីលធម៌​ចំពោះ​អ្នក​ និយាយ​ ។​ បើ​បាន​ដូច្នេះ​គឺ​ល្អ​ ខ្ញុំ​ចូល​ចិត្ដ​ ណាស់​ពាក្យ​ហ្នឹង​ បើ​មាន​ក្រមសីលធម៌​ គឺជា​ការ​ល្អ​ បើ​អ្នកឯង​ហ៊ាន​ប្រើ​ភាសា​ គ្មាន​ក្រមសីលធម៌​ គឺ​ត្រូវ​ជាប់​ទោស​ “​តើ​ហ៊ាន​ឬ​អត់​?”​។​

​សម្ដេច​តេ​ជោ​បាន​ថ្លែង​អំពាវនាវ​ ដល់​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​ ចូលរួម​ ហើយ​អនុម័ត​ចំពោះ​បញ្ហា​ការ​ ផ្ដួចផ្ដើម​ឱ្យ​មាន​ក្រមសីលធម៌​សម្រាប់​អ្នក​ នយោបាយ​នៅ​ពេល​ខាង​មុខ​ ។​ សម្ដេច​ តេ​ជោ​ក៏​បាន​លើក​ឡើង​ថា​ កន្លង​មក​អ្នក​ នយោបាយ​បក្ស​ប្រឆាំង​បាន​ប្រើ​ពាក្យ​ជេរ​ ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​គណបក្ស​ ប្រជាជន​កម្ពុជា​ ពិសេស​លើ​រូប​សម្ដេច​ ដូច​ជា​ការ​ប្រើ​ពាក្យ​ក្បាល​យួន​ខ្លួន​ខ្មែរ​  និង​ពាក្យ​អា​ក្បត់ជាតិ​ ដែល​ជា​ការ​ ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ ។​

​សម្ដេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ “​មាន​អ្នកនយោបាយ​បក្ស​ខ្លះ​និយាយ​មក​ ខ្លាំង​ពេក​ ប្រើ​ពាក្យ​សុទ្ធតែ​ក្បាល​យួន​ខ្លួន​ ខ្មែរ​...​អា​ក្បត់ជាតិ​...​ លុះដល់​គេ​បក​ទៅ​ វិញ​ដូច​ជា​អា​ល្ងង់​ទូ​...​ជាដើម​ ពាក្យ​នេះ​ ខ្ញុំ​ខំ​រក​មើល​ អត់​ឃើញ​មាន​ក្នុង​វចនា​នុ​ ក្រម​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​”​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ ពេល​ គេ​បក​ត្រឡប់​ទៅ​វិញ​ថា​គេ​ឆ្លើយឆ្លង​ បើ​ មិន​ឆ្លើយឆ្លង​វា​អត់​កើត​ ។​ កន្លង​ទៅ​ថ្មីៗ​ មាន​អា​ល្ងង់​មួយទៀត​ចេះ​និយាយ​ថា​ ព្រះករុណា​ ព្រះបាទ​នរោត្ដម​ សុរា​ម្រិ​ត​ អត់​ទទួលស្គាល់​ទេ​ ។​

​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ សម្ដេច​ តេ​ជោ​បាន​បំភ្លឺ​ថា​ ព្រះករុណា​ ព្រះបាទ​ នរោត្ដម​ សុរា​ម្រិ​ត​ ព្រះ​អង្គ​សោយ​ទិវង្គត​ នៅ​ឆ្នាំ​១៩៦០​ ហើយ​នៅ​ឆ្នាំ​១៩៦៤​ បាន​ ព្រះករុណា​ ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​ ព្រះ​អង្គ​យក​ផែនទី​ទាំង​ទឹក​ទាំង​ គោក​យក​ទៅ​តម្កល់​នៅ​អង្គការ​សហ​ ប្រជាជាតិ​ ដូច្នេះ​ខុស​គ្នា​៤​ឆ្នាំ​ ។​ ដូច្នេះ​ពិបាក​ដែរ​ បើសិន​ឆ្លើយ​តប​ទៅ​ដូច​ជា​ មិនកើត​ ប៉ុន្ដែ​បើ​មិន​ឆ្លើយ​តប​ ប្រជាជន​ មិន​យល់​ ។​

​ជាមួយនឹង​សេចក្ដី​ប្រកាស​គាំទ្រ​ដល់​ ការ​បង្កើត​ក្រមសីលធម៌​សម្រាប់​អ្នក​ នយោបាយ​ សម្ដេច​តេ​ជោ​ក៏​បាន​អំពាវ​ នាវ​ដល់​អ្នកនយោបាយ​ទាំងអស់​កុំ​ប្រើ​ ប្រាស់​នយោបាយ​“​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​”​ និង​ន​យោ​ បាយ​ថា​“​មាន​អញ​អត់​អ្ហែង​ មាន​អ្ហែង​ អត់​អញ​”​។​

​សម្ដេច​បាន​លើក​ឡើង​ភាព​ជាក់ស្ដែង​ នៅ​សម័យ​លន់​ ន​ល់​ ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​សម្ដេច​នរោត្ដម​ សីហ​នុ​ ហើយ​ ពេល​លោក​លន់​ ន​ល់​ បាន​ដឹកនាំ​ប្រទេស​ ក៏​បាន​ចាប់​មនុស្ស​ស្និទ្ធ​នឹង​ព្រះ​អង្គ​យក​ ទៅ​ដាក់គុក​ ។​ ក្រោយមក​នៅ​ពេល​ ប៉ុ​ល​ ពត​ ឡើង​ កាន់​អំណាច​ក៏​បាន​កាប់សម្លាប់​មនុស្ស​ក្នុង​ សង្គមរាស្ដ្រនិយម​ និង​សម័យ​ លន់​ ន​ល់​ ជាដើម​ ។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​មាន​ ប្រសាសន៍​ថា​ ដូច​ការ​ដែល​លន់​ ន​ល់​ ធ្វើ​ រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​ អ្នក​ដែល​ស្និទ្ធ​នឹង​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ ត្រូវ​លន់​ ន​ល់​ ចាប់​ ដាក់គុក​ ដល់​ប៉ុ​ល​ពត​ ឡើង​មក​កម្ទេច​ ទាំងអស់​ ។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ បញ្ជាក់​ថា​ ឥឡូវនេះ​ជាក់ស្ដែង​យើង​បាន​ ឃើញ​ហើយ​ ពេល​ដែល​គណបក្ស​ប្រជា​ ជន​ ពេល​ដែល​ខ្ញុំ​នៅ​គ្រប់គ្រង​ អ្នក​ណា​ក៏​ នៅ​បាន​ដែរ​ ពិសេស​អ្នក​ដែល​ជេរ​ក៏​នៅ​ បាន​ដែរ​ ។​ ប៉ុណ្ណឹង​ហើយ​គេ​នៅ​តែ​ថា​អត់​ មាន​សិទ្ធិ​ទៀត​ ខ្ញុំ​អត់​យល់​ដែរ​ ជេរ​នៅ​ ហ្នឹង​មុខ​ហើយ​ បាន​សុខ​ហើយ​...​។​ ដូច្នេះ​ យើង​បញ្ចប់​ទៅ​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ ស្រមោច​,​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​,​ នយោបាយ​មាន​ឯង​អត់​អញ​,​ នយោបាយ​ មាន​អញ​អត់​ឯង​...៕