
អ.ហនិងនគរបាលស្រុកមេមត់ចុះអនុវត្ដដីកាឃាត់ខ្លួនជនសង្ស័យ២នាក់
ដោយ ៖ វណ្ណៈ ថ្ងៃទី 15 មករា 2013ម៉ោង 09:23:14
ខេត្ដកំពង់ចាម ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង២០និង២៥នាទី កម្លាំងកងរាជអាវុធ ហត្ថស្រុកមេមត់ចំនួន៥នាក់ និងរថយន្ដ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សូត្រ ស៊ីម បានសហការជាមួយនគរបាលស្រុក ចុះអនុវត្ដន៍ដីកាបង្គាប់ដោយចាប់ខ្លួន លេខ៦៤៨ព.ស ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ របស់សាលាដំបូងខេត្ដកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចហាឦសានកម្ពុជា ភូមិត្បូងវត្ដ ឃុំ-ស្រុកមេមត់ ពាក់ព័ន្ធករណីលួចដោយហិង្សា ។
ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់ មានឈ្មោះ គ ហួរ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិបង្ហើយ ហួស ឃុំជាំក្រវៀន ស្រុកមេមត់ និងឈ្មោះ ខា ថា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ។ ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន ដូចជា ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ១គ្រឿង, ដែកអក្សរតេ១ ។
ក្រោយពិនិត្យនិងកសាងសំណុំរឿងរួចរាល់ សមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕
