
រថភ្លើងបើកធ្លាក់ផ្លូវដែកស្លាប់និងរបួស១២៦នាក់នៅអេហ្ស៊ីប
ដោយ ៖ ថាច់ យ៉ាត ថ្ងៃទី 16 មករា 2013ម៉ោង 10:21:14
រថភ្លើងដឹកកងទាហានដែលទើបរើស ថ្មីក្នុងប្រទេសអេហ្ស៊ីបបានបើកធ្លាក់ផ្លូវ ដែកបណ្ដាលឱ្យស្លាប់១៩នាក់ និងរបួស ១០៧នាក់ធ្វើឱ្យវិស័យដឹកជញ្ជូនក្នុង ប្រទេសនេះត្រាំត្រែងជាខ្លាំង ។
មន្ដ្រីអេហ្ស៊ីបបានឱ្យដឹងថា រថភ្លើងដឹកកងទាហានដែលទើបរើសថ្មីនៅភាគ ខាងត្បូងអេហ្ស៊ីបយកចូលទៅកាន់បន្ទាយ ស្ថិតក្នុងទីក្រុងកៃរ៉ូ ហើយស្រាប់តែបើក ធ្លាក់ផ្លូវដែកភ្លាមៗនៅពាក់កណ្ដាល អធ្រាត្រ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ ខណៈដែលរថភ្លើងបើកមកដល់ចំណុច Giza ស្រុកBadrasheen ភាគខាងត្បូង ទីក្រុងកៃរ៉ូ ប្រទេសអេហ្ស៊ីប ។
នាយករដ្ឋមន្ដ្រីអេហ្ស៊ីបលោក Hesham Qandeel បានទៅដល់ កន្លែងកើតហេតុដើម្បីពិនិត្យមើលស្ថាន ការណ៍ ប៉ុន្ដែត្រូវទទួលរងការជេរប្រមាថ និងខឹងសម្បាពីអ្នកស្រុកមួយចំនួនដែល នៅជិតកន្លែងកើតហេតុ ។ ពួកអ្នកស្រូក បានស្រែកជេរថា “Hesham លោកឯង មានមានបាតដៃប្រឡាក់ដោយឈាម”។ ដោយស្ថានភាពមិនសូវអំណោយផល ក្រុមអង្គរក្សបានជម្លៀសរូបលោកចេញ ពីទីនោះបាត់ស្រមោលតែម្ដង ។
នៅក្នុងសារលិខិតមួយច្បាប់ដែល ផ្សាយនៅលើប្រព័ន្ធ Twitter ប្រធានាធិ បតីអេហ្ស៊ីប មកពីគណបក្សបងប្អូន អ៊ិនស្លាម លោកមូហាម៉េដ មឺស៊ី បាន សម្ដែងការចូលរួមរំលែកមរណទុក្ខយ៉ាង ក្រៀមក្រំជាមួយក្រុមគ្រួសារដែលមាន សមាជិកស្លាប់នៅក្នុងហេតុការណ៍រថ ភ្លើងបើកធ្លាក់ផ្លូវដែកខាងលើនេះងដែរ។
រថយន្ដសាម៉ុយប្រមាណ៦៦គ្រឿង បានបើកទៅកាន់ទីតាំងកើតហេតុដើម្បី ដឹកបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរៗនោះដើម្បីសង្គ្រោះនិង ព្យាបាល ខណៈដែលក្រុមសង្គ្រោះកំពុង មមាញឹកអូសទាញ គាស់កកាយសាក សព និងអ្នករងរបួសចេញពីដែកនៃ កាប៊ីនរថភ្លើងយ៉ាងតក់ស្លុតក្នុងចិត្ដ ។
ក្រសួងសុខាភិបាលអេហ្ស៊ីបបាន ប្រកាសថា ក្នុងហេតុការណ៍ខាងលើនេះ បណ្ដាលឱ្យកងទាហានដែលទើបរើសថ្មី ១៩នាក់បាត់បង់ជីវិត និង១០៧នាក់ ផ្សេងទៀតរងរបួសធ្ងន់-ស្រាល ។
លោក Hatem Abdel Latif រដ្ឋ មន្ដ្រីដឹកជញ្ជូនបានថ្លែងថា ការស៊ើប អង្កេតនឹងប្រព្រឹត្ដឡើងដើម្បីរកមូល ហេតុពិតដែលបណ្ដាលឱ្យហេតុការណ៍ អកុសលបែបនេះកើតឡើង ។ លោក Lafif បន្ដថា “ខ្ញុំសូមទទួលស្គាល់ថា ផ្លូវ ដែកក្នុងប្រទេសយើងពិតជាមានការពុក ផុយ, ខ្ញុំនឹងស៊ើបអង្កេតដើម្បីឱ្យច្បាស់ ប្រកដថា គ្រោះថ្នាក់នេះកើតឡើងដោយ សារផ្លូវដែក, ដោយសារកត្ដារថភ្លើង ឬ ដោយសារហេតុផលអ្វីផ្សេងទៀត” ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១២ សិស្ស សាលាប្រមាណ៥០នាក់បានបាត់បង់ ជីវិតដោយសារតែរថភ្លើងបើកបុកនៅ អេហ្ស៊ីបផងដែរ ។ មូលហេតុគ្រោះថ្នាក់ នេះកើតឡើងដោយសារតែអ្នកបើករថ ភ្លើងដេកលក់ភ្លេចខ្លួន ៕
