ស្លាប់​កើន​ដល់​១៥​នាក់​ក្នុង​គ្រោះ​ទឹកជំនន់​នៅ​ឥណ្ឌូ​នេ​ស៊ី​

ដោយ​ ៖ ម៉ែវ​ សាធី ថ្ងៃទី 19 មករា 2013ម៉ោង 15:29:19

អ្នក​ស្លាប់​ដោយ​គ្រោះ​ទឹកជំនន់​ជន​លិច​កណ្ដាល​ទីក្រុង​ហ្សា​ការ​តា​បាន​កើន​ដល់​១៥​ នាក់​ហើយ​នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៣​ ។​  លោក​ Rikwanto​ អ្នកនាំពាក្យ​ស្នងការ​ប៉ូលិស​បាន​និយាយ​ថា​ ការ​ស្លាប់​ដោយ​ គ្រោះ​ទឹកជំនន់​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​មួយ​សបា្ដហ៍​នៅ​ទីក្រុង​ហ្សា​ការ​តា​នេះ​ បាន​កើនឡើង​រហូត​ដល់​១៥​នាក់​ ។​ នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្រុមការងារ​ជួយ​សង្គ្រោះ​បាន​រក​ ឃើញ​សាកសព​៤​នាក់​បន្ថែម​ទៀត​ ដែល​ម្នាក់​ជា​សន្ដិសុខ​ឯកជន​យាម​តាម​ផ្ទះ​ និង​ ម្នាក់​ជា​វិស្វករ​សំណង់​ ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អាជ្ញាធរ​បាន​ចេញ​ប្រកាស​អំពាវនាវ​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ ចំពោះ​បញ្ហា​ដែល​បន្ដ​ជន​លិច​នៅ​ទីក្រុង​ហ្សា​ការ​តា​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ​បណ្ដាល​ ឱ្យ​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​មួយ​ចំនួន​ទទួល​រង​ការ​ខូចខាត​ ។

លោក​ Sutopo​ Purwo​ Nugroho​ អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ ឥណ្ឌូ​នេ​ស៊ី​បាន​ថ្លែង​ថា​ ពលរដ្ឋ​ប្រមាណ​១៨.០០០​នាក់​ត្រូវ​ជម្លៀស​ទៅ​រក​ទី​សុវត្ថិភាព​  ហើយ​រហូត​ដល់​ថ្ងៃ​សៅរ៍​នេះ​ ក្រុមការងារ​នៅ​តែ​បន្ដ​ជួយ​ជម្លៀស​ខ្លួន​ពលរដ្ឋ​នៅឡើយ​។​  នេះ​ជា​គ្រោះ​ទឹក​ជំនាន់​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ឥណ្ឌូ​នេ​ស៊ី​ គិត​ចាប់តាំងពី​ឆ្នាំ​២០០៧​ រហូត​មក​ ដែល​កាល​ណោះ​ឥណ្ឌូ​នេ​ស៊ី​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​បណ្ដាល​ឱ្យ​ មនុស្ស​ស្លាប់​រហូត​ដល់​៥០​នាក់​ ៕