
ហេតុអ្វីបានជាស្ដ្រីឥណ្ឌាងាយរងការចាប់រំលោភនៅទីសាធារណៈ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 19 មករា 2013ម៉ោង 17:30:44
ករណីចាប់រំលោភបានកើតឡើងគ្រប់ទិសទី នៅក្នុងប្រទេសឥណ្ឌា ធ្វើឱ្យស្ដ្រីធ្លាក់ក្នុងសភាពភ័យខ្លាច ត្រូវគេចាប់រំលោភ គ្រប់ពេលវេលា នៅពេលដែលធ្វើដំណើរចេញក្រៅផ្ទះ។ ក្នុងពេលជាមួយគ្នានោះ ច្បាប់នៅក្នុងប្រទេសឥណ្ឌា ហាក់បីដូចជា បរាជ័យក្នុងការគ្រប់គ្រង និងរារាំងបញ្ហាខាងលើ។
តាមលទ្ធផលស្រាវជ្រាវកាលពីចុង ខែធ្នូ ២០១២ របស់ការិយាល័យសហប្រតិបត្ដិការពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ASSOCHAM បង្ហាញឱ្យឃើញថា មាន៩២ភាគរយស្ដ្រីដែលទៅធ្វើការមានអារម្មណ៍ គ្មានសុវត្ថិភាពនោះឡើយ ពិសេសគឺនៅពេលយប់ និងតាមបណ្ដា មជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ ទូទាំងប្រទេសក្នុងនោះមានទីក្រុងញ៉ូដេលី មានស្ដ្រីដល់ទៅ៩២ភាគរយបង្ហាញការភ័យខ្លាចត្រូវគេចាប់រំលោភ បន្ទាប់មកគឺទីក្រុងបេងកាឡ មាន៨៥ភាគរយ និងទីក្រុងគោលកាតាមាន៨២ភាគរយ។
ក្រៅពីនេះ ស្ដ្រីឥណ្ឌាមានអារម្មណ៍ មានសុវត្ថភាពពេលដែលពួកគាត់ធ្វើការនៅក្នុងវិស័យឧស្សាកម្មសំខាន់ៗដូច ជាព័ត៌មាន ធនាគារ អាកាសចរ សុខាភិបាល និងវិស័យឧស្សាហកម្មកាត់ដេរផងដែរ។
ចំណែកលទ្ធផលរបស់មូលនិធិអភិវឌ្ឍ សង្គម ASDF ដោយពឹងផ្អែកទៅលើប្រតិកម្មរបស់ស្ដ្រីដែលទៅធ្វើការ និងមិន ទៅធ្វើការបង្ហាញឱ្យ ឃើញថា ក្នុងចំណោមស្ដ្រី១០០ភាគរយដែលបានសួរបង្ហាញថា អសន្ដិសុខនៅទូទាំងប្រទេសគឺជាឧបសគ្គមួយដ៏ធំធេងដែលស្ដ្រីឥណ្ឌា កំពុងតែប្រឈមមុខ។ ការស្រាវជ្រាវធ្វើឡើងនៅបណ្ដាទីក្រុងធំៗ ដែលជាមុខមាត់របស់ប្រទេសជាតិដូចជាទីក្រុងញ៉ូដេលី បុមបៃ គោល កាតា បេងកាឡ...ឃើញថាស្ដ្រី រស់នៅក្នុងក្ដីព្រួយបារម្ភខ្លាចទទួលរងការធ្វើទារុណកម្មផ្លូវភេទ។
តាមការស្រាវជ្រាវពីបទល្មើសជាតិរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងបទល្មើស បង្ហាញឱ្យឃើញថានៅក្នុងប្រទេសដែល មានពលរដ្ឋរហូត ដល់១,២ពាន់លាននាក់ គឺរយៈពេល២២នាទី មានស្ដ្រីម្នាក់ត្រូវគេចាប់រំលោភ។ក្នុងពេលដែលពលរដ្ឋកំពុង តែខឹងសម្បារយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការរំលោភនៅលើរថយន្ដក្រុង បណ្ដាលឱ្យស្ដ្រីជានិស្សិតពេទ្យវ័យ២៣ឆ្នាំ ត្រូវបាត់បង់ជីវិត ធ្វើឱ្យតុលាការកំពូលរបស់ប្រទេស នេះ បានចេញសេចក្ដីប្រកាសថា ទីក្រុងញ៉ូដេលី ជាទីក្រុងគ្មានសុវត្ថិភាពឡើយសម្រាប់ស្ដ្រី។
គ្រាន់តែនៅក្នុងទីក្រុងញ៉ូដេលី នៅឆ្នាំ២០១២ មានស្ដ្រីដល់ទៅ៦០០នាក់ ត្រូវគេចាប់រំលោភ នៅមានជាច្រើនទៀត ដែលមិនបានដាក់ បញ្ចូលក្នុងរបាយការណ៍ដោយសារតែជនរងគ្រោះគ្មានសមត្ថភាពក្នុងការប្ដឹងផ្ដល់ឬជនល្មើសសូកប៉ាន់លុយកាក់ដើម្បីបញ្ចប់រឿងតែម្ដង។
នៅទូទាំងប្រទេសឥណ្ឌាក្នុងឆ្នាំកន្លងមកមានករណីចាប់រំលោភរហូតដល់ទៅ ២២៨.៦៥០ដូចជាតួលេខក្នុងរបាយការណ៍ចំណែកតួលេខ ក្រៅរបាយការណ៍អាចកើតឡើងទ្វេរដង។
ចន្លោះប្រហោងក្នុងប្រព័ន្ធច្បាប់
ក្រោយចាប់រំលោភកើតឡើងជាបន្ដ បន្ទាប់នៅទូទាំងប្រទេសនាពេលកន្លងមកថ្មីៗក្រុមសកម្មជនសិទ្ធិមនុស្សបាន បញ្ជាក់ថាស្ថានភាព ទាំងនោះកើតឡើង ដោយសារប្រព័ន្ធច្បាប់នៅឥណ្ឌាគ្មានភាពខ្លាំងក្លាគ្រប់គ្រាន់ ដើម្បីរារាំងបទល្មើស ផ្លូវភេទដែលកើតឡើង គ្រប់ពេលវេលានោះ។
យល់ស្របទៅនឹងទស្សនៈខាងលើក្រុមការពារសិទ្ធិស្ដ្រី ក៏បានចោទប្រកាន់ផងដែរថា វិធានការនិងការតាមចាប់ខ្លួន ជនល្មោភកាមនៅមាន កម្រិតដូច្នេះទើបរដ្ឋាភិបាលមិនអាចរារាំងករណីរំលោភបំពានលើស្ដ្រីភេទកើតឡើងនៅទូទាំងប្រទេស។ មួយវិញទៀតច្បាប់នៅក្នុងប្រទេស នេះ មិនបានធ្វើការស្រាវជ្រាវនិងកាត់ទោសឱ្យបានឆាប់បំផុតដើម្បីការពារស្ដ្រី ។
លោកស្រី Sokanya Gupta ប្រធានអង្គការការពារស្ដ្រីបានបញ្ជាក់ឱ្យដឹងថា រយៈពេល៦ទស្សវត្សកន្លងមកក្រោយពេល ឥណ្ឌាទទួលបានឯករាជ្យភាពមក យើងមិនគួរទទួលរងនូវការភ័យខ្លាចដោយសារ បទល្មើសនៅក្នុងសង្គមដូចខាងលើនោះតទៅទៀត ឡើយត្រូវតែមានវិធានការបញ្ចប់សកម្មភាពទាំងនោះ។
តាមរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា បច្ចុប្បន្ននៅមានជាង១សែនករណី ពាក់ព័ន្ធនឹងការរំលោភផ្លូវ ភេទមិនទាន់ដោះ ស្រាយផ្ដល់យុត្ដិធម៌ជូនដល់ជនរងគ្រោះនៅបណ្ដាតុលាការនានាទូប្រទេសឥណ្ឌា ។
