
ប្រធានាធិបតីអាមេរិកស្បថចូល កាន់តំណែងអាណត្ដិទី២
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 21 មករា 2013ម៉ោង 13:56:23
ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានស្បថចូលកាន់តំណែងប្រធានាធិបតីអាណត្ដិទី២របស់ខ្លួននៅសេតវិមានវេលាម៉ោង១១និង៥៥នាទីព្រឹក ថ្ងៃទី២០ ខែមករា (ម៉ោងក្នុងតំបន់) ។ លោក ចន រ៉ូបឺត ប្រធានតុលាការកំពូលអាមេរិក ជាអ្នកដឹកនាំកម្មវិធីស្បថចូលកាន់តំណែង តាមការកំណត់នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។ ជាមួយដៃឆ្វេងលើកឡើងទៅលើដៃស្ដាំដាក់នៅលើគម្ពីស័ក្ដិសិទ្ធិ រួចអាននូវពាក្យសម្បថចូលកាន់តំណែងអាណត្ដិទី២ ។ ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនោះ មានភរិយានិងកូនស្រីទាំង២របស់អូបាម៉ាផងដែរ ។
ប្រធានាធិបតីអាមេរិកបាននិយាយទៅកាន់កូនស្រីសំណព្វចិត្ដទាំង២របស់ខ្លួនថា “ឪពុកបានស្បថចូលកាន់តំណែងប្រធានាធិបតីហើយ”។ ពិធីស្បថចូលកាន់តំណែងចំពោះមុខមហាជននៅថ្ងៃ ទី២១ មករា ពេលនោះលោកអូបាម៉ា ក្លាយជាប្រធានាធិបតីអាមេរិកពេញសិទ្ធិក្នុង អាណត្ដិទី២ ដោយអានពាក្យសម្បថចូលកាន់តំណែង៤លើក ។ ការស្បថចូលកាន់តំណែងនៅសេតវិមានកាលពីថ្ងៃទី២០ មករា ឆ្នាំ២០០៩ លោកអូបាម៉ាបានអានពាក្យសម្បថតែ១លើកប៉ុណ្ណោះ ។ ចំណែកនៅក្នុងពិធីឆ្នាំនេះ លោកអូបាម៉ា អានពាក្យសម្បថ២ដងនៅសេតវិមាន។
អតីតប្រធានាធិបតី Frankin Roo-sevelt ក៏ធ្លាប់អានពាក្យសម្បថ៤លើក ពេលស្បថចូលកាន់តំណែងផងដែរ ប៉ុន្ដែ ខុសពីលោកអូបាម៉ា ដោយលោក Roo sevelt ត្រូវបោះឆ្នោតជ្រើសរើសធ្វើជា ប្រធានាធិបតីអាមេរិករហូតដល់៤ អាណត្ដិឯណោះ ។
មុនការស្បថចូលកាន់តំណែងរបស់លោកអូបាម៉ាប៉ុន្មានម៉ោង អនុប្រធានាធិបតី ចូបាយឌែន ក៏បានស្បថចូលកាន់ តំណែងផងដែរ នៅមូលដ្ឋានទ័ពជើងទឹកអាមេរិក ដោយមានការចូលរួមពីមន្ដ្រីយោធា និងសមាជិកក្នុងគ្រួសារប្រមាណ១២០នាក់ ។ លោកចូបាយឌែន បាន បញ្ជាក់ថា ខ្ញុំនឹងគាំទ្រហើយការពាររដ្ឋធម្មនុញ្ញរបស់អាមេរិក ។
ការស្បថចូលកាន់តំណែងអាណត្ដិទី២របស់លោកអូបាម៉ាមិនមានភាពរំជើបរំជួល ដូចកាលស្បថចូលកាន់តំណែង កាលពីឆ្នាំ២០០៩នោះឡើយ ដោយសារតែនៅរយៈពេល៤ឆ្នាំខាងមុខឧបស័ក្ដិជាច្រើនដែលត្រូវដោះស្រាយ ពិសេសគឺបញ្ហាសេដ្ឋកិច្ចនិងនយោបាយផ្ទៃក្នុង ។
សេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០១២មានការប្រែប្រួលស្មុគ្រស្មាញ ដោយទទួលរងឥទ្ធិពលពីវិបត្ដិសេដ្ឋកិច្ចនៅឆ្នាំ២០០៧-២០០៩ ។ ល្បឿននៃកំណើនសេដ្ឋកិច្ចនិង ជីឌីភី នៅឆមាសទី១ ឆ្នាំ២០១២ មានតែ២ភាគរយប៉ុណ្ណោះ និងនៅឆមាសទី២ មានតែ១,៣ភាគរយប៉ុណ្ណោះ។ តាមការព្យាករណ៍សេដ្ឋកិច្ចនឹងថយចុះនៅសល់តែ១,២ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ។ មូលដ្ឋាននៃការងើបឡើងវិញ សេដ្ឋកិច្ច អាមេរិកមិនទាន់មានភាពរឹងមាំដោយសារតែទីផ្សារពលកម្មនៅតែតូចចង្អៀត ទោះបីចំនួនអ្នកអត់ការងារធ្វើបានថយចុះក៏ដោយ ។
រយៈពេល៤ឆ្នាំកាន់តំណែងប្រធានាធិបតីកន្លងមករបស់លោកអូបាម៉ាប្រាក់បំណុលជាតិកើនឡើងបន្ថែម៥៥ភាគរយ គឺចាប់ពី ១០.៦០០ពាន់លានដុល្លារឡើង ដល់១៦.៤០០ពាន់លានដុល្លារ។ ជាមួយប្រាក់បំណុលដ៏ច្រើនលើសលុបនោះ អ្នក ឯកទេសជាច្រើនរបស់អាមេរិក រួមទាំងរដ្ឋមន្ដ្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏បានប្រមានថា បំណុលជាតិអាចគំរាមកំហែងដល់សន្ដិសុខអាមេរិក ។
លោកអូបាម៉ាជាប់ឆ្នោតប្រធានាធិបតីក្នុងអាណត្ដិទី២ ត្រូវបានគេរៀបរាប់ថា មានភាពតានតឹងបំផុតក្នុងការប្រកួតប្រជែងខុសប្លែកពីឆ្នាំ២០០៨ ដែលលោកអូបាម៉ាទទួលបានជ័យជម្នះ ដោយគ្មានគូប្រជែងអាចតាមប្រកៀកប្រកិតនោះឡើយ ។ ការបោះឆ្នោតលើកនេះ បាន ជំរុញឱ្យឆាកនយោបាយអាមេរិកធ្លាក់ក្នុងដំណាក់កាលនៃការវិវាទនិងបែងចែករវាងគណបក្សប្រជាធិបតេយ្យ នឹងគណបក្សសាធារណរដ្ឋ ។ នៅថ្ងៃស្បថចូលកាន់តំណែងអាណត្ដិទី២ គណបក្សប្រជាធិបតេយ្យចាត់ទុកថា ជាថ្ងៃដ៏ត្រចះត្រចង់បំផុត ដោយមានពលរដ្ឋរាប់សិប ពាន់នាក់មកពីរដ្ឋផ្សេងៗចូលរួម ។ ចំណែកអ្នកគាំទ្រគណបក្សសាធារណរដ្ឋ បានឆ្លៀតយកឱកាសនៃថ្ងៃឈប់សម្រាក ប៉ុន្មានថ្ងៃជាប់គ្នាទៅកម្សាន្ដទីឆ្ងាយៗ ដើម្បីគេចវេសពីការប្រមូលផ្ដុំទាំងនោះ។ លោកអូបាម៉ានៅតែគ្រប់គ្រងសេតវិមាន ប៉ុន្ដែរដ្ឋសភាស្ថិតក្នុងការគ្រប់គ្រងសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋដដែល ។ ដូច្នេះនៅឆ្នាំ២០១៣ការវាយតប់ដោយសម្ដីនៅតែកើតឡើងដដែល នៅក្នុងរដ្ឋសភា។ វិវាទផ្ទៃក្នុងបានបង្ហាញយ៉ាងច្បាស់តាមរយៈសាធារណរដ្ឋបានប្រឆាំងទៅនឹងគម្រោងមួយចំនួនដែលលោកអូបាម៉ាបានលើកឡើងក្នុងនោះ មានទាំងបញ្ហាបំណុល គ្រប់គ្រងការប្រើប្រាស់សញ្វវុធ កែទម្រង់ប្រព័ន្ធសង្គមនិងបញ្ហាអន្ដោប្រវេសន៍ជាដើម ។
ភាពតានតឹងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១២ បានបង្ហាញយ៉ាងច្បាស់ពីការប្រេះឆានៅក្នុងទំនាក់ ទំនងកិច្ចការបរទេសរវាងអាមេរិកនឹងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ពិសេសគឺរុស្ស៊ី ចិន ។ ឈានចូលដល់អាណត្ដិទី២ មានសំណួរជាច្រើនបាន ចោទឡើងថាតើរដ្ឋាភិបាលរបស់លោកអូបាម៉ា ត្រូវតែកែទម្រង់ឡើងវិញ ឬមួយត្រូវផ្លាស់ប្ដូរទាំងស្រុងនៅក្នុងទំនាក់ទំនង ដែលបង្កប់ទៅដោយវិវាទយុទ្ធសាស្ដ្រនោះ។ ធ្វើយ៉ាងណាដើម្បីអាចរារាំងអំពើហិង្សា វិវាទបក្ខពួក ក្នុងប្រទេសអ៊ីរ៉ាក់? ការដែលរក្សាទាហានប្រមាណ១ម៉ឺននាក់ នៅអាហ្គានីស្ថានគ្រប់គ្រាន់ដែរឬទេ? ជ្រៀតជ្រែកទៅលើប្រទេសស៊ីរីដោយរូបភាពណា? តើអាមេរិកអនុវត្ដគោលនយោបាយឆ្ពោះទៅកាន់ “រណ្ដៅនៃសង្គ្រាម” ជាមួយអ៊ីរ៉ង់ដែរឬទេ? កាត់បន្ថយឥទ្ធិពលពីវិបត្ដិបំណុលនៅអឺរ៉ុប? ពេលណាអាមេរិកដាក់ពង្រាយរាប់ពាន់នាក់នៅប្រទេសចំនួន៣៥ក្នុងទ្វីបអាហ្វ្រិក? អាមេរិកទទួលរាប់រងដល់កម្រិតណាក្នុងស្ថានភាពចលាចលតំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង ដែលគេហៅថា អារ៉ាប់និទាឃរដូវគាំទ្រដោយអាមេរិកនោះ? ទាំងនោះជាសំណួរដ៏ស្មុគ្រស្មាញហើយ គ្មាននរណាម្នាក់អាចឆ្លើយនូវសំណួរនោះ បានក្រៅពីម្ចាស់សេតវិមានលោកអូបាម៉ានោះឡើយ ។ ដើម្បីផ្ដល់ចម្លើយទាំងនោះ ឱ្យបានសមស្របបំផុត អាមេរិកចាំបាច់ ត្រូវតែកែទម្រង់គោលនយោបាយការបរទេសនិងសន្ដិសុខ ៕
