លោក ម៉ា សេរី ៖ ក្រុងសៀមរាបនឹងមានសង្វៀនប្រដាល់នៅ ចុងខែកុម្ភៈឬខែមីនា

ដោយ​ ៖ សារីម|ថ្ងៃទី 22 មករា 2013 ម៉ោង 15:24:08

 

ភ្នំពេញ​ ៖​ យ៉ាង​យូរ​បំផុត​នៅ​ដំណាច់​ខែកុម្ភៈ​ ឬ​ក៏​ដើមខែ​មីនា​ ឆ្នាំ​២០១៣​ខាង​ មុខ​នេះ​ក្រុង​សៀមរាប​នឹង​មាន​សង្វៀន​ ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​ដំបូង​ គេ​បន្ទាប់​ពី​ក្រុងភ្នំពេញ​ទៅ​ដែល​បង្កើត​ ឡើង​ដោយ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ឆ្ពោះទៅ​ប្រាសាទ​ អង្គរ​វត្ដមាន​ចម្ងាយ​ប្រមាណ​ជិត​៣​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភព​ លោក​របស់​ប្រទេស​កម្ពុជា​ ប៉ុន្ដែ​ទន្ទឹម​ នឹង​ការ​លើក​ឡើង​របស់​លោក​ ម៉ា​ សេរី​ នេះ​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ ខេត្ដសៀមរាប​ប្រាប់​ថា​មិនដឹង​ទេ​ ព្រោះ​ មិន​ទាន់​មាន​សំណើសុំ​ ។

  ប្រធាន​ផ្នែក​គ្រប់គ្រង​កីឡា​នៅ​សង្វៀន​ ប្រដាល់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​លោក​ ម៉ា​ សេរី​ បាន​បង្ហើប​ប្រាប់​សារព័ត៌​ មាន​នគរវត្ដ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី​១៨​ ខែមករា​ ឆ្នាំ​២០១៣​ថា​ ស៊ី​ធី​អិន​ជិត​បើក​ សង្វៀន​ប្រដាល់​ថ្មី​មួយទៀត​ហើយ​ នៅ​ លើ​ទឹកដី​ខេត្ដសៀមរាប​ ដោយ​សំណង់​ នោះ​បាន​សាងសង​ជិត​រួចរាល់​មួយ​រយ​ ភាគរយ​ទៅ​ហើយ​ដែរ​ ។​ ប្រធាន​ផ្នែក​ រូប​នេះ​បន្ដ​ទៀត​ថា​ មូលហេតុ​ដែល​ស៊ី​ធី​ អិន​បង្កើត​សង្វៀន​ថ្មី​នៅ​ខេត្ដសៀមរាប​ នោះ​ក៏​ព្រោះតែ​ចង់​ពង្រឹង​និង​ពង្រីក​ វិស័យ​កីឡាប្រដាល់​ឱ្យ​កាន់តែ​មាន​សក្ដា​ នុ​ពល​ខ្លាំងក្លា​ថែម​មួយ​កម្រិត​ទៀត​ ។​ 

  លោក​បាន​បន្ដ​ទៀត​ថា​ ដោយសារ​ តែ​សព្វ​ថ្ងៃនេះ​ វិស័យ​កីឡាប្រដាល់​សេរី​ ត្រូវ​បាន​ទស្សនិកជន​ពេញ​និយម​ទស្សនា​ ច្រើន​ហើយ​សិល្បៈ​ក្បាច់គុន​បុរាណ​ខ្មែរ​ បែប​ប្រយុទ្ធ​ការពារ​ខ្លួន​មួយ​នេះ​ក៏​កំពុង​ បាន​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ ឱ្យ​ចូល​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ អច្ឆរិយៈ​បាន​មួយ​ចំណែក​ផង​ដែរ​ ។

សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន​ថ្មី​ មួយ​នេះ​លោក​ ម៉ា​ សេរី​ ក៏​មិន​ទាន់​ ប្រាកដ​ថា​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ណា​ឱ្យ​ពិតប្រាកដ​ នៅឡើយ​ទេ​ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ ថា​ ការ​ប្រកួត​នេះ​គឺ​មិន​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ សុក្រ​ សៅរ៍​ និង​ថ្ងៃអាទិត្យ​ដូច​នៅ​ភ្នំពេញ​ ទេ​ ។​ វា​អាច​ជា​ថ្ងៃ​ពុធ​ ឬ​ក៏​ថ្ងៃ​ព្រហស្បតិ៍​ ក៏​ថា​បាន​ ប៉ុន្ដែ​យ៉ាងណា​បងប្អូន​នៅ​ឯ​ ខេត្ដសៀមរាប​ក៏​អាច​ចូល​ទស្សនា​ដោយ​ ផ្ទាល់​បាន​ ដោយ​គ្រាន់តែ​ចំណាយ​លុយ​ ប្រមាណ​ជា​១៥​ដុល្លារ​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​ សម្រាប់​សំបុត្រ​១៥​ដុល្លារ​នេះ​គឺ​មិន​កំណត់​ ថា​ជនបរទេស​ឬ​ក៏​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ​។

លោក​ ម៉ា​ សេរី​ បាន​បន្ដ​ទៀត​ថា​ ចំពោះ​ការ​ប្រកួត​នៅ​សង្វៀន​ថ្មី​នេះ​ គឺ​ធ្វើ​ រៀង​រាល់​សបា្ដហ៍​ដូច​នៅ​ភ្នំពេញ​ដែរ​ ប៉ុន្ដែ​ជា​គោលដៅ​កីឡាករ​នៅ​តាម​បណ្ដា​ខេត្ដ​គឺ​មាន​អាទិភាព​ច្រើន​ជាង​កីឡាករ​ នៅ​ក្រុងភ្នំពេញ​ បើ​រក​កីឡាករ​តាម​ខេត្ដ​ មិន​បាន​ទេ​ជម្រើស​ទី​២​គឺ​ត្រូវ​យក​កីឡា​ ករ​ពី​ភ្នំពេញ​ទៅ​ជំនួស​ ។​ សម្រាប់​ការ​ ប្រកួត​១​សបា្ដហ៍ៗ​អាច​មាន​កីឡាករ​បរ​ ទេស​ចាប់ពី​១​គូ​ដល់​៣​គូ​ផង​ដែរ​ ។

ដោយឡែក​លោក​ តែម​ ម៉ឺន​ ប្រធាន​ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​មាន​ ប្រសាសន៍​ថា​ ចំពោះ​សង្វៀន​ប្រដាល់​ថ្មី​ របស់​ស៊ី​ធី​អិន​ដែល​គ្រោង​បើក​សម្ពោធ​នា​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​ឯ​ខេត្ដ​ សៀមរាប​នោះ​ លោក​កំពុង​តែ​រៀបចំ​ មន្ដ្រី​ប្រចាំការ​នៅ​ទីនោះ​ ។​ 

លោក​ តែម​ ម៉ឺន​បាន​បន្ដ​ទៀត​ថា​ សម្រាប់​មន្ដ្រី​ចៅក្រម​និង​អាជ្ញាកណ្ដាល​ដែល​ប្រចាំការ​នៅ​ទីនោះ​ គឺ​យក​សុទ្ធតែ​ គ្រូៗ​ប្រដាល់​នៅ​ឯ​ខេត្ដសៀមរាប​ទាំង​ អស់​ ។​ លោក​បញ្ជាក់​ថា​ ការ​ដែល​សហ​ ព័ន្ធ​ធ្វើ​បែប​នេះ​ពីព្រោះ​សហព័ន្ធ​ចង់​ពង្រីក​វិស័យ​កីឡាប្រដាល់​ឱ្យ​កាន់តែ​ផុលផុស​ ឡើង​ថែម​ទៀត​ ។

ចំណែក​លោក​ អុង​ សេរី​ឌី​ ប្រធាន​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ដសៀមរាប​ បាន​ប្រាប់​សារព័ត៌មាន​នគរវត្ដ​កាល​ ពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​កន្លង​មក​ថា​ ពាក់ព័ន្ធ​នឹង​ការ​បើក​សង្វៀន​ប្រដាល់​នៅ​ ឯ​ខេត្ដសៀមរាប​នេះ​លោក​មិន​ទាន់​បាន​ ទទួល​ដំណឹង​ឬ​ក៏​ពាក្យ​ស្នើ​សុំ​អ្វី​នៅឡើយ​9​ ៕