គូស្នេហ៍​កីឡាករ​ Gerard​ Pique​ និង​តារាចម្រៀង​ Shakira​ ទើបតែ​ទទួល​បានកូន​ប្រុស​មួយ​

ដោយ​ ៖ ដេវីត ថ្ងៃទី 24 មករា 2013ម៉ោង 08:57:47

​គូស្នេហ៍​១​គូរ​វាង​ខ្សែការពារ​ Gerard​ Pique​ របស់​ក្រុម​ Barcelona​ នឹង​តារា​ ចម្រៀង​ដ៏​ពេញ​និយម​សញ្ជាតិ​កូ​ឡុំ​ប៊ី​ នាង​ Shakira​ ទើបតែ​បាន​ទទួល​បានកូន​ ប្រុស​មួយ​ជា​ចំណងដៃ​ថ្មី​នៃ​ស្នេហា​របស់​ ពួក​គេ​ ។​

គូស្នេហ៍​ទាំង​២​នាក់​នេះ​បាន​ប្រកាស​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Twitter​ ថា​ “​យើង​ពិតជា​សប្បាយ​រីក​ រាយ​ខ្លាំង​ដោយ​សូម​ប្រកាស​ថា​ពួក​យើង​បាន​បង្កើត​បានកូន​ប្រុស​មួយ​ហើយ​ដែល​មាន​ឈ្នោះ​ថា​ Milan​ Pique​ Mebarak​ ដែល​បាន​កើត​នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ម៉ោង​៩​និង​៣០​នាទី​យប់​”​ ។​

ពួក​គេ​ទាំង​២​នាក់​បាន​និយាយ​បន្ថែម​ទៀត​ថា​ “​ពាក្យ​ថា​ Milan​ មាន​ន័យ​ថា​ សេចក្ដី​ស្រលាញ់​និង​ភាព​គួរសម​នៅ​ក្នុង​សម័យ​បុរាណ​ទីក្រុង​រ៉ូ​ម​ មិន​ត្រឹមតែ​ ប៉ុណ្ណោះ​គេ​បាន​កើត​ក្នុង​ទីក្រុង​ Barcelona​ ប្រទេស​អេ​ស្ប៉ា​ញ​និង​ក្លាយទៅជា​សមាជិក​ របស់​ក្រុមបាល់ទាត់​ដ៏​ល្បី​ល្ប៉ា​ញ​ដូច​ ឪពុក​របស់​គេ​អ៊ី្ចឹង​”​ ។​

​ទារក​នោះ​ ពេល​កើតមក​មាន​ទម្ងន់​ ជិត​៣​គីឡូក្រាម​ ហើយ​ទារក​និង​ម្ដាយ​ មាន​សុខភាព​ល្អជា​ប្រក្រតី​ ។​ លោក​ Juan​ Manuel​ Santos​ ប្រធានាធិបតី​ របស់​ប្រទេស​កូ​ឡុំ​ប៊ី​ក៏​បាន​ផ្ញើរ​សារ​អបអរ​សារ​ទរ​ចំពោះ​គូស្នេហ៍​ទាំង​២​នាក់​ នេះ​ផង​ដែរ​៕