
កីឡាគ្រប់ប្រភេទត្រូវបានផ្អាកប្រកួតមួយសបា្ដហ៍ក្នុងពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពព្រះបរមរតនកោដ្ឋ
ដោយ ៖ សារីម ថ្ងៃទី 24 មករា 2013ម៉ោង 15:49:58
ភ្នំពេញ ៖ សហព័ន្ធកីឡាមួយចំនួន ដែលមានកម្មវិធីប្រកួតប្រចាំសបា្ដហ៍ របស់ខ្លួនត្រូវបានផ្អាកនិងលើកពេល ប្រកួតមួយសបា្ដហ៍ ដើម្បីចូលរួមកាន់ ទុក្ខក្នុងព្រះរាជពិធីបុណ្យរំកិលព្រះបរមសពនិងថ្វាយព្រះភ្លើងដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ ចាប់ពីថ្ងៃសុក្រទី១ រហូតដល់ថ្ងៃព្រស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ ២០១៣ខាងមុខនេះ ។
ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក តែម ម៉ឺន បានមានប្រសាសន៍ ប្រាប់សារព័ត៌មាននគរវត្ដកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៣កន្លងមកថា សម្រាប់សហព័ន្ធកីឡាប្រដាល់ក៏បាន ផ្អាករាល់ការប្រកួតនានារបស់ខ្លួនដែរ នៅសបា្ដហ៍ក្រោយនេះគឺនៅក្នុងព្រះរាជពិធីបុណ្យរំកិលព្រះបរមសព និងថ្វាយ ព្រះភ្លើងដល់ព្រះបរមសពព្រះបរមរតនកោដ្ឋរយៈពេល១សបា្ដហ៍ ។
លោក តែម ម៉ឺន បានបន្ដទៀតថា រយៈពេលដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប កំពុងកាន់ទុក្ខនេះគ្រប់ស្ថានីយទូរទស្សន៍ ដែលមានសង្វៀនប្រដាល់ក្បាច់គុនបុរាណ ខ្មែរទាំងអស់ត្រូវបានផ្អាកការប្រកួត របស់ខ្លូនរយៈពេល៧ថ្ងៃចាប់ពីថ្ងៃសុក្រ ទី១ ដល់ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ ២០១៣ ។
ពាក់ព័ន្ធនឹងការផ្អាកការប្រកួតកីឡា ប្រដាល់ខាងលើនេះដែរប្រធានផ្នែកគ្រប់គ្រងកីឡារបស់ស្ថានីយទូរទស្សន៍ស៊ីធី អិនលោក ម៉ា សេរី បានឱ្យដឹងថា សម្រាប់សង្វៀនទូរទស្សន៍ស៊ីធីអិនក៏បាន ផ្អាកការប្រកួតមួយសបា្ដហ៍ដែរ ។ មូល ហេតុដែលស៊ីធីអិនផ្អាក ដោយសារតែ ស៊ីធីអិនត្រូវផ្សាយបន្ដផ្ទាល់ព្រះរាជពិធីបុណ្យរំលាយព្រះសពព្រះបរមរតនកោដ្ឋរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ទី១ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ ២០១៣ខាងមុខនេះ ។
លោក ម៉ា សេរី បានបន្ដទៀតថា ចំពោះព្រះរាជពិធីបុណ្យរំកិលព្រះសព និងដង្ហែព្រះសពរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហា វិរក្សត្រ ព្រះបរមរតនកោដ្ឋខាងលើនេះ ស៊ីធីអិននឹងចាក់ផ្សាយរាល់សកម្មភាព ព្រមទាំងស្នាប្រហស្ដរបស់ព្រះអង្គឱ្យកូនចៅនៅទូទាំងប្រទេសបានដឹងគ្រប់ៗគ្នា។
ដោយឡែកសហព័ន្ធកីឡាបាល់ទាត់ កម្ពុជាក៏បានចេញសេចក្ដីជូនដំណឹង របស់ខ្លូនពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យ ថ្វាយព្រះភ្លើងដល់ ព្រះបរមសព ព្រះ បរមរតនកោដ្ឋនេះថា នៅដើមខែកុម្ភៈ នេះសហព័ន្ធបានផ្លាស់ប្ដូរការប្រកួត របស់ខ្លូនមួយចំនួន ដោយសារតែព្រះ រាជាណាចក្រកម្ពុជាធ្វើព្រះរាជពិធីថ្វាយ ព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋ ។ ម្យ៉ាង វិញទៀតក៏មានការណែនាំពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជាឱ្យពលរដ្ឋខ្មែរគ្រប់រូប ចូលរួមកាន់ទុក្ខថ្វាយ ព្រះបរមសព ព្រះ បរមរតនកោដ្ឋចំនួនមួយសបា្ដហ៍៕
