លោក​ ខៀវ​ កា​ញា​រី​ទ្ធ​បញ្ជាក់​ថា​ កម្ពុជា​មាន​អ​ទិ​ភាព​ជាង​ថៃ​នៅ​ក្នុង​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​

ដោយ​ ៖ ហេង សូរិយា ថ្ងៃទី 25 មករា 2013ម៉ោង 10:05:38

​ភ្នំពេញ​ ៖​ ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​ពី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ ជាន់ខ្ពស់​មួយ​លោក​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ជា​ថ្មី​ម្ដងទៀត​ថា​ កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ ហើយ​សម្រាប់​តតាំង​ជា​ថ្មី​ជាមួយនឹង​ ភាគី​ថៃ​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ​ក្នុង​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ ។​

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​បាន​ថ្លែង​បែប​ នេះ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ស្ដី​ពី​គម្រោង​ រួម​គ្នា​ដើម្បី​ពង្រឹង​ឱកាស​នៃ​ការ​ប្រកប​ មុខរបរ​សម្រាប់​ស្ដ្រី​ដែល​មាន​ប្រាក់​ ចំណូល​ទាប​និង​ស្ដ្រី​ផ្ទុកមេរោគ​អេ​ដស៍​ ដែល​បាន​រៀបចំ​ដោយ​អង្គការ​ឆេ​ម​ស៍​ នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​២០១២​ ។​

លោក​រដ្ឋមន្ដ្រី​បន្ដ​ថា​ “​យើង​បាន​រៀប​ ចំ​រួច​ជា​ស្រេច​ហើយ​ ដោយ​យើង​មាន​ ក្រុម​របស់​យើង​ ។​ និយាយ​រួម​យើង​មាន​ ចំណុច​ល្អ​មួយ​ដែល​ថៃ​មិន​មិន​មាន​គឺ​ ទី​១-​អ្នក​ច្បាប់​របស់​យើង​មាន​ យើង​ មាន​អ្នក​ច្បាប់​ដែល​ធ្វើការ​ជាមួយ​យើង​ ប៉ុន្ដែ​របស់​យើង​ គឺ​ក្នុង​ជាង​១០​ឆ្នាំ​នេះ​ មិន​មាន​ផ្លាស់​ប្ដូរ​ទេ​ ។​ ចំណែក​ថៃ​មាន​ ការ​ផ្លាស់​ប្ដូរ​ បើ​តាម​ដឹង​គឺ​ជិត​២០​ដង​ ដូច្នេះ​គាត់​ផ្លាស់​ប្ដូរ​តាម​នយោបាយ​ រីឯ​ រឿង​ព្រះ​វិហារ​ជា​រឿង​ច្បាប់​ ដូច្នេះ​ថៃ​គឺ​ គាត់​ដឹងខ្លួន​គាត់​ថា​ចាញ់​ប្រៀប​ខ្មែរ​យើង​ គឺ​កន្លែង​ហ្នឹង​ អ៊ី​ផ​ចឹ​ង​ចំណុច​សំខាន់​របស់​ យើង​គឺ​យើង​ជា​អ្នកកាន់ការ​ងារ​ដដែល​ នោះ​ដឹង​ការងារ​ក្ដាប់​ជាប់​ដូច្នេះ​យើង​ធ្វើ​ការងារ​ជាមួយ​តុលាការ​រាល់ពេល​ជា​ ការងារ​មួយ​យើង​នឹង​បន្ដ​ធ្វើ​ទៀត​”​ ។​

លោក​រដ្ឋមន្ដ្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​បន្ដ​ ទៀត​ថា​ ការ​ផ្លាស់​ប្ដូរ​សមាសភាព​ជា​ ញឹកញាប់​របស់​ថៃ​នា​ពេល​កន្លង​មក​ សរ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ ភាគី​ថៃ​កំពុង​តែ​បក់​ បោក​ទៅ​តាម​ខ្យល់​នយោបាយ​នៅ​ក្នុង​ ប្រទេស​របស់​ខ្លួន​ដោយ​មិន​បាន​គិត​ថា​ បញ្ហា​ប្រាសាទព្រះវិហារ​រវាង​កម្ពុជា​ និង​ ថៃ​នៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ ICJ​សុទ្ធ​សឹង​ជា​បញ្ហា​ដែល​ត្រូវ​បាន​ច្បាប់​ជា​ចម្បង​ ។​ ចំនុច​នេះ​ហើយ​ដែល​លោក​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​កត់​សម្គាល់ថា​ ថៃ​ចាញ់​ប្រៀប​កម្ពុជា​ត្រង់​ចំណុច​នេះ​ ។​

គួរ​បញ្ជាក់​ថា​ សវនាការ​ជា​សាធារណៈ​ ដើម្បី​ស្ដាប់​ភស្ដុ​តាង​របស់​គូភាគី​ជុំវិញ​បណ្ដឹង​របស់​កម្ពុជា​សុំ​ឱ្យ​តុលាការក្រុង​ ឡា​អេប​ក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ ស្ដី​ពី​ប្រាសាទព្រះវិហារ​នឹង​ត្រូវ​បើក​ធ្វើ​ ពី​ថ្ងៃ​ទី​១៦​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ។​

ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​បញ្ចប់​ សវនាការ​នេះ​ទៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​ថា​ ថ្ងៃ​ណា​នឹង​ចេញ​សេចក្ដី​ សម្រេច​ជា​ស្ថាពរ​នោះ​នៅឡើយ​ទេ​៕