
គ្រាន់តែជជែកគ្នារឿងម៉ូតូស៊ីសាំងតិចឬច្រើនក្លាយជាហិង្សា
ដោយ ៖ គឹម សុខជា ថ្ងៃទី 25 មករា 2013ម៉ោង 10:58:05
ខេត្ដបាត់ដំបង៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ដបាត់ដំបងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទបង្ករបួសស្នាមបន្ទាប់ពីជជែកគ្នារឿងជិះម៉ូតូចេញពីបាត់ដំបងទៅភ្នំពេញប្រើសាំងអស់តែ៣លីត្រប៉ុណ្ណោះតែបុរសរងគ្រោះថាពីបាត់ដំបងទៅភ្នំពេញគឺមិនដែលប្រើសាំងអស់តិចប៉ុណ្ណឹងទេយ៉ាងតិចណាស់ក៏អស់សាំង ១៥លីត្រដែរពួកគេបានជជែកគ្នាតឹងសរសៃ.ករហូតដល់ប្រើអំពើហិង្សា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ នៅចំណុចខាង ក្រោយក្លិបជ័យជំនះស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ដបាត់ដំបង ។
បុរសសង្ស័យត្រូវកងរាជអាវុធហត្ថ ខេត្ដបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទបង្ករបួសស្នាមនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១ ៣ដើម្បីចាត់ ការទៅតាមផ្លូវច្បាប់ ។
លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវព័ត៌មាននិងបទល្មើសព្រហ្ម ទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ សេង គិរី អាយុ ២២ឆ្នាំ ជាកម្មករ សំណង់ មានទីលំនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ដ បាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ាត ឌី អាយុ៣០ឆ្នាំ រស់នៅកន្លែងកើត ហេតុខាងលើ ។ បុរសរងគ្រោះរងរបួស បែកថ្ងាសនិងហើមជាំភ្នែកខាងឆ្វេង ។ លោកឡាច ប្រុស បានស្រង់សម្ដីសាក្សី មកបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែ មករានោះបុរសពីរនាក់បានចូលទៅផឹកស្រាក្នុងតៀមលក់ដូររបស់ជនរងគ្រោះ ដែលមានគ្នាពីរនាក់ដែរ ។ លុះប្រហែល ម៉ោង៩និង៣០នាទី យប់ថ្ងៃទី២២ ខែ មករា ស្រាប់តែឮជជែកគ្នាខ្លាំងៗពីរឿង ជិះម៉ូតូអស់សាំងតិចច្រើនហើយក៏កើត អំពើហិង្សាវាយតប់គ្នាតែម្ដង ។
ឈ្មោះ យ៉ាត ឌី ជាជនរងគ្រោះបាន ប្រាប់មន្ដ្រីកងរាជអាវុធហត្ថខេត្ដបាត់ ដំបងថា រូបគាត់បានឮឈ្មោះ សេង គិរី និយាយអួតថាជិះម៉ូតូ (ហុងដាសេ១២៥) ពីបាត់ដំបងទៅភ្នំពេញអស់សាំងតែ៣ លីត្រទេ គឺដល់គោលដៅហើយ ។ ពេល នោះរូបគាត់(យ៉ាតឌី)បានតបថា ពីបាត់ ដំបងទៅភ្នំពេញបើជិះម៉ូតូមិនមែនប្រើសាំងអស់៣លីត្រនោះទេ គឺខ្លួនធ្លាប់ ជិះទៅភ្នំពេញដែរប្រើសាំងអស់ដល់ទៅ១៥លីត្រឯណោះ ។ គ្រាន់តែនិយាយ ប៉ុណ្ណឹងឈ្មោះសេង គិរី ក៏ខឹងស្ទុះទាញទូរ ស័ព្ទមកគប់ចំថ្ងាសរបស់គាត់បែកហូរឈាមរួចស្ទុះចូលមកដាល់ចំភ្នែកខាង ឆ្វេងឡើងជាំខៀវថែមទៀត ។
ជនសង្ស័យឈ្មោះសេង គិរី បានសារ ភាពថា មុនពេលកើតហេតុខ្លួនកំពុងស៊ី ផឹកជាមួយមិតភក្ដិម្នាក់ទៀតជជែកគ្នាពីរឿងជិះម៉ូតូទៅភ្នំពេញប្រើសាំងអស់តែ៣លីត្រ ខណៈនោះឈ្មោះយ៉ាត ឌី ជាម្ចាស់ ផ្ទះលក់ចាប់ហួយ បានតបមកថាមិន ដែលអស់តិចប៉ុណ្ណឹងទេ គឺពីបាត់ដំបងទៅ ភ្នំពេញប្រើសាំងអស់១៥លីត្រ ។ ដោយ ខ្លួនខឹងម្ចាស់ផ្ទះលូកមាត់និយាយចង់ឈ្នះក៏យកទូរស័ព្ទដៃគប់បែកថ្ងាសនិងស្ទុះ ងើបទៅដាល់ជនរងគ្រោះជាំភ្នែកខាង ឆ្វេងហើម ។
លោកឡាច ប្រុស បានបញ្ជាក់ថា បុរសដៃដល់ឈ្មោះ សេង គិរី ត្រូវកម្លាំង អាវុធហត្ថខេត្ដបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ដនារសៀលថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០១៣ ដើម្បីចាត់ ការទៅតាមផ្លូវច្បាប់ ៕
