
វូស៊ូឈ្នះមេដាយ១៣គ្រឿងពីភ្នំអ៊ូតាំង
ដោយ ៖ យឺន ពន្លឺ ថ្ងៃទី 26 មករា 2013ម៉ោង 09:35:16
ភ្នំពេញ ៖ ប្រតិភូ៩នាក់ កីឡាករ កីឡាការិនី៧នាក់ ក្នុងនោះ៦នាក់បាន ទទួលមេដាយ មានមេដាយមាស១គ្រឿង មេដាយប្រាក់១១គ្រឿង និងមេដាយសំរឹទ្ធិ ១គ្រឿង ពីព្រឹត្ដិការណ៍សន្និបាតស្ដីពីសុខ ភាពកីឡាវូស៊ូវិញ្ញាសា Taijiquan ពិភព លោកលើកទី៤ នៅភ្នំអ៊ូតាំង (Wudang Mountain) ។
តាមការឱ្យដឹងពីលោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជាបានឱ្យដឹងថា វូស៊ូជាប្រភេទកីឡាដែល មានសក្ដានុពលតែងតែបានទទួលមេដាយ ស្ទើរគ្រប់ការប្រកួតក្នុងព្រឹត្ដិការណ៍អន្ដរជាតិនានា ។ ក្នុងការប្រកួតកីឡា SEA Games វូស៊ូក៏តែងតែបានទទួលមេដាយ មិនដែលខានដែរ ។ លោកបន្ដថា ចំពោះ ព្រឹត្ដិការណ៍ខាងលើនេះកាលពីឆ្នាំ២០០៩ កម្ពុជាធ្លាប់បានចូលរួមម្ដងហើយ ដោយ បានទទួលមេដាយ៩គ្រឿង តែកាលណោះ មិនបានមេដាយមាសឡើយគឺបានមេដាយ ប្រាក់៦គ្រឿង និងសំរឹទ្ធិ៣គ្រឿង ។
សម្រាប់ព្រឹត្ដិការណ៍លើកនេះវិញ្ញាសា ដែលដាក់ឱ្យប្រកួតនោះមាន៣គឺ Taijiquan (ក្បាច់ដៃ) ជាក្រុម Taijiquan ជា ឯកត្ដជន និងវិញ្ញាសា Taijijian (ក្បាច់ សម្ដែងដាវ)។ ក្នុងការប្រកួតនោះលោកគ្រូធំរបស់កម្ពុជាដែលចូលរួមប្រកួត ដែរនោះជាជនជាតិកូរ៉េគឺលោក គីម ជិនគ្វាន់ បានទទួលមេដាយមាសមួយ គ្រឿង និងមេដាយប្រាក់២គ្រឿង លើ វិញ្ញាសាទាំង៣ គឺTaijijian ឯកត្ដជន និង ក្រុម និងTaijiquan ។
កីឡាការិនី ឃូ ស៊ុនលី បានទទួល មេដាយប្រាក់៣គ្រឿង កីឡាការិនី សាម ម៉យ ទទួលបានមេដាយប្រាក់៣គ្រឿង កីឡាការិនី ហ៊ួយ ចាន់ ទទួលបាន មេដាយប្រាក់១គ្រឿង កីឡាការិនី គឹម ចេង បានមេដាយប្រាក់១គ្រឿង និង កីឡាការិនី ម៉ៃ ចាន់ បានទទួលមេដាយ ប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង9 ៕
