
ខ្សឹបដាក់ត្រចៀក ៖ អនុប្រធានកាំកុងត្រូលអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញពុករលួយ និងឬកធំ
ដោយ ៖ សហការី ថ្ងៃទី 26 មករា 2013ម៉ោង 14:11:49
ក្រុមអ្នករត់ការឱ្យក្រុមហ៊ុនវិនិយោគក៏ដូចជាអ្នករត់ការឱ្យក្រុមហ៊ុនឯកជន ផ្សេងទៀតបានសម្ដែងនូវការធុញទ្រាន់ចំពោះសម្ដីមិនគប្បីផ្ដើមចេញពីអនុប្រធាន ស្នាក់ការកាំកុងត្រូលម្នាក់នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាទម្លាប់ បានចាត់ទុកក្រុមអ្នករត់ការជាមនុស្សដែលគ្មានតម្លៃ និងប្រើសម្ដីអសីលធម៌ក្នុង នាមជាមន្ដ្រីរដ្ឋបាលមុខងារសាធារណៈ ធ្វើឱ្យអ្នករត់ការខឹងសម្បារស្ទើរតែរាល់ថ្ងៃ។
ក្រុមអ្នករត់ការឯកសារបានលើកឡើងថា ប្រសិនបើថ្នាក់ដឹកនាំនៅក្នុងអគ្គ នាយកដ្ឋានកាំកុងត្រូលពុំបានដឹងអំពីបុគ្គលិកលក្ខណៈរបស់អនុប្រធានមួយរូបដែល កំពុងបង្កើតបញ្ហាអំពើពុករលួយ ប្រើពាក្យសម្ដីមិនគប្បីនោះទេ ទង្វើរបស់គាត់ អាចនឹងជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់ថ្នាក់ដឹកនាំជាច្រើនទៀត ដែលក្រុមហ៊ុន ឬអ្នករត់ការចាត់ទុកថា ដោយសារតែបុគ្គលរូបនេះផ្ដល់លទ្ធភាពណាមួយ ទើប មិនមានការដកមុខតំណែង និងកែប្រែទៅលើអត្ដចរិតមិនគប្បីទាំងនោះ ។
ក្រុមអ្នករត់ការទំនិញវិនិយោគបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងឯកសារ១សេអូ ត្រូវតែបង់ប្រាក់ឱ្យទៅអនុប្រធានរូបនេះចំនួន៤០ដុល្លារ មន្ដ្រីត្រួតពិនិត្យ៥ដុល្លារ បង់ចូលរដ្ឋក្នុង១សេអូ០,១ភាគរយ ស្មើនឹង២១ដុល្លារ ។ ការបង់ប្រាក់បែបនេះមិន មែនជាបញ្ហាដែលត្រូវចោទ ប៉ុន្ដែអ្វីដែលហួសហេតុពេកមានអ្នករត់ការមិនតិច ទេ ដែលរងនូវការប្រមាថ និងសម្ដីអសីលធម៌ពីអនុប្រធានកាំកុងត្រូលរូបនេះ ដូចជាប្រើពាក្យថា “ពួកហ្អែង!, អញមិនចង់ធ្វើឱ្យពួកហ្អែង!, អញធ្វើមិនធ្វើឱ្យហ្អែង ជារឿងរបស់អញ!...” ដូច្នេះកាលៈទេសៈខ្លះអ្នករត់ការដែលយកលុយទៅឱ្យសោះ ទប់ចិត្ដមិនបានទះតុ និងយកវិទ្យុទាក់ទងបោកលើតុលោកអនុប្រធានរូបនេះ ក៏មិន មានការកែអត្ដចរិតដដែល ។
អ្នករត់ការបានចេញជាទស្សនៈផងដែរថា គិតទៅគេអាចដូរឈ្មោះមនុស្សពី“ក” ទៅ“ខ”បាន ប៉ុន្ដែគេមិនអាចប្ដូរអត្ដចរិតមនុស្សបានឡើយ ។ ដូច្នេះថ្នាក់លើគួរតែ សិក្សា ឬក៏ដាក់ភាពសង្ស័យទៅលើបុគ្គលិកលក្ខណៈរបស់អនុប្រធានកាំកុងត្រូល រូបនេះ គាត់កំពុងតែអនុវត្ដន៍ប្រាសចាកវិន័យ សេចក្ដីថ្លៃថ្នូររបស់មន្ដ្រីរដ្ឋបាល មុខងារសាធារណៈដល់កម្រិតណា?
ក្នុង១ថ្ងៃយ៉ាងហោចណាស់ ក៏មានឯកសារដែលត្រូវឆ្លងកាត់បុគ្គលរូបនេះពី ១៥០-១៧០ឯកសារ ហើយក្នុង១ឯកសារបង់សេវាក្រោមតុ៤០ដុល្លារ ឃើញថា មានចំនួនច្រើន ដែលបង្កើតឱ្យមានអំពើពុករលួយ ។ អនុប្រធានចំនួន៥រូប ប៉ុន្ដែ មានតែអនុប្រធានមួយរូបប៉ុណ្ណោះ ដែលពោរពេញដោយឥទ្ធិពលអំណាច និងពុក រលួយ ពេលខ្លះអ្នករត់ការត្រូវយកលុយទៅជូនដល់កន្លែងហាងគុយទាវ ផ្ទះរបស់ គាត់ ធ្វើយ៉ាងណាឱ្យអនុប្រធានរូបនេះមេត្ដាជួយពិនិត្យឯកសារ កុំឱ្យស្ទះ ពីព្រោះ ទំនិញ ដែលត្រូវឡើងយន្ដហោះ គាត់ធ្វើឱ្យស្ទះឯកសារក្រុមហ៊ុននឹងត្រូវខាតបង់ដ៏ ធ្ងន់ធ្ងរសម្រាប់សេវាដឹកជញ្ជូនព្រោះខកជើងយន្ដហោះ ៕
