តើលួន សុខខេង អាចសងសឹក និងយក៣ពិន្ទុពីសៅ ប៊ុននឿនបានឬអត់នៅស៊ីធីអិនចុងសប្តាហ៍នេះ?

ដោយ​ ៖ សារីម ថ្ងៃទី 26 មករា 2013ម៉ោង 14:18:55

ភ្នំពេញ​ ៖​ ជំនួប​ប្រកួត​លើក​ទី​២​រវាង​កីឡាករ​លួ​ន​ សុខ​ខេ​ង​អ្នក​ប្រដាល់​នៅ​ក្នុង​ក្លិប​សិង្ហ​កីឡា​និង​កីឡាករ​សៅ​ ប៊ុ​ន​នឿ​ន​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​ពួក​គេ​មាន​តួនាទី​២​គឺ​វាយ​សងសឹក​និង​វាយ​សន្សំ​ពិន្ទុ​ក្នុង​ដំណើរ​ ឆ្ពោះទៅ​រក​តំណែង​ជើងឯក​ខ្សែក្រវាត់​ ខេ​ស៊ី​មេន​ សម្រាប់​ថ្ងៃអាទិត្យ​ ទី​២៧​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​លើ​សង្វៀន​ ប្រដាល់​ទូរទស្សន៍​ស៊ី​ធី​អិន​ ។​
សម្រាប់​អ្នក​ប្រដាល់​២​នាក់​នេះ​ហាក់បីដូចជា​មាន​ក្ដី​សង្ឃឹម​ប្រហាក់ប្រហែល​គ្នា​ដោយ​ម្នាក់ៗ​រំពឹង​តែ​លើ​កាយសម្បទា​ ដែល​បាន​ហ្វឹកហាត់​អស់​រយៈពេល​យូរ​ រៀងៗ​ខ្លួន​ដូច​គ្នា​នោះ​ ។

លួ​ន​ សុខ​ខេ​ង​ គេ​ត្រូវការ​វាយ​សង​ សឹក​ទៅ​លើ​ សៅ​ ប៊ុ​ន​នឿ​ន​ ឱ្យ​ខាង​តែ​បាន​ ពីព្រោះ​កាលពី​ជាង​១​ឆ្នាំ​មុន​នេះ​សុខ​ខេ​ង​ ធ្លាប់​ចាញ់​ក្រោម​កណ្ដាបដៃ​និង​ជង្គង់​ អុក​ចំពោះ​របស់​ ប៊ុ​ន​នឿ​ន​ ទើប​បណ្ដាល​ ឱ្យ​រូបគេ​ដួល​សន្លប់​ត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ​ នៅ​ឯ​ខេត្ដបាត់ដំបង​ លើ​សង្វៀន​ប្រដាល់​ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ ។​

សុខ​ខេ​ង​បាន​ប្រាប់​សារព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​រូបគេ​វាយ​ ចាញ់​ប៊ុ​ន​នឿ​ន​នៅ​ឯ​បាត់ដំបង​នោះ​ ព្រោះ​កាលនោះ​សុខភាព​របស់​គេ​មិន​ សូវ​ល្អ​ដូច​ឥឡូវនេះ​ទេ​ ។​ កីឡាករ​រូប​ នេះ​បាន​បន្ដ​ទៀត​ថា​ សម្រាប់​ការ​ជួប​គ្នា​ លើក​នេះ​គេ​មាន​សង្ឃឹម​ឈ្នះ​៧០​ភាគ​ រយ​ ប៉ុន្ដែ​តាំងពី​ដឹង​ថា​បាន​ឡើង​វាយ​ ដណ្ដើម​ខ្សែក្រវាត់​មក​ ប៉ុន្មាន​សបា្ដហ៍​ នេះ​សុខ​ខេ​ង​មាន​អារម្មណ៍​ភ័យ​ផង​ អរ​ផង​ខ្លាច​ផង​ ព្រោះ​រយៈពេល​៥​ឆ្នាំ​មក​ ហើយ​គេ​មិន​ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​បែប​នេះ​ទេ​ ។​ ពេល​នេះ​គេ​ មានឱកាស​ ត្រូវ​តែ​ចាប់​ឱកាស​នេះ​ឱ្យ​ បានជា​ដាចខាត់​ដើម្បី​កសាង​កេរ្ដិ៍ឈ្មោះ​ ឱ្យ​បាន​ល្អ​ដូច​អ្នក​ប្រដាល់​ដទៃ​ទៀត​ដែរ​។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​សុខ​ខេ​ង​ គេ​ បាន​វាយ​ឈ្នះ​ពិន្ទុ​កីឡាករ​ ពុទ្ធ​ ឆាយ​រិ​ទ្ធី​ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​នៅ​ សង្វៀន​ស៊ី​ធី​អិន​ ។​

ចំណែក​កីឡាករ​ សៅ​ ប៊ុ​ន​នឿ​ន​វិញ​ ប្រាប់​សារព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ចំពោះ​ការ​ជូ​ប​ប្រកួត​គ្នា​និង​ លួ​ន​ សុខ​ខេ​ង​ លោក​មិន​មាន​អ្វី​គួរ​ឱ្យ​លោក​ ព្រួយបារម្ភ​ឡើយ​ ។​ អ្នក​ប្រដាល់​រូប​នេះ​ បាន​បញ្ជាក់​បន្ដ​ទៀត​ថា​ មូលហេតុ​ដែល​ ខ្ញុំ​មិន​ខ្លាច​សុខ​ខេ​ង​នោះ​ក៏​ព្រោះ​កន្លង​មក​សុខ​ខេ​ង​ធ្លាប់​ចាញ់​សន្លប់​ខ្ញុំ​ម្ដង​រួច​មក​ ហើយ​ ។

ក្នុង​ការ​ប្រកួត​វាយ​វិល​ជុំ​ជម្រុះ​លើក​ដំបូង​រវាង​ខ្ញុំ​នឹង​សុខ​ខេ​ង​នេះ​គឺ​នៅ​តែ​បន្ដ​ សង្ឃឹម​យកឈ្នះ​គេ​ (​លួ​ន​ សុខ​ខេ​ង​៧០​ ភាគរយ​ដដែល​)​ បើ​ទោះបី​យ៉ាងណា​ក៏​ ខ្ញុំ​ធ្លាប់​វាយ​ឱ្យ​គេ​សន្លប់​ក្នុង​ទឹក​ទី​២​ម្ដង​ នៅ​ឯ​ខេត្ដបាត់ដំបង​ ដោយ​ប្រើ​កណ្ដាប់​ ដៃ​វាយ​ម៉ាត់​ និង​ជង្គង់​អុក​ប៉ុណ្ណោះ​។​ ចំពោះ​ម្ចាស់​ជើងឯក​ខេ​ស៊ី​មេន​លេខ​២​ នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥​រូប​នេះ​ក៏​បាន​បន្ដ​ថា​ ក្នុង​ចំណោម​កីឡាករ​៤​នាក់​ស្ថិត​ក្នុង​ ពូ​ល​A​ជាមួយ​ខ្ញុំ​មាន​២​នាក់​ធ្លាប់​ចាញ់​ ក្រោម​ កណ្ដាបដៃ​ខ្ញុំ​រួច​ហើយ​ គឺ​លួ​ន​ សុខ​ខេ​ង​ និង​កីឡាករ​ យឹ​ម​ ឌៀប​ អ្នក​ ប្រដាល់​មក​ពី​សមាគម​កីឡាប្រដាល់​ ក្រសួងការពារជាតិ​កាលពី​វាយ​ពាក់​ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ ខេ​ស៊ី​មេន​នៅ​ប៉ុស្ដិ៍​លេខ​៥​ ។​ ចំណែកឯ​ កីឡាករ​ ពុទ្ធ​ ឆាយ​រិ​ទ្ធី​ ខ្ញុំ​មិន​ធ្លាប់​ដែល​ បាន​ជួប​គេ​ទេពី​មុន​មក​ ។​

ទោះជា​យ៉ាងនេះ​ក៏​ដោយ​មិន​ទាន់​ ប្រាកដ​ថា​ នរណា​ខ្លាំង​ជាង​នរណា​បាន​ឡើយ​ ពីព្រោះ​ទាំងនេះ​គ្រាន់តែ​ការ​អះអាង​ របស់​កីឡាករ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​ ការ​ពិត​ យ៉ាងណា​នោះ​មាន​តែ​រង់ចាំ​ទស្សនា​ ។​

ក្រៅពី​អ្នក​ប្រដាល់​២​នាក់​នេះ​នៅ​ មាន​កីឡាករ​ខ្លាំងៗ​៣​គូ​ទៀត​ដូច​ជា​ រិ​ន​ មុន្នី​ មក​ពី​ក្លិប​កងទ័ពជើងគោក​ ប៉ះ​ ជាមួយ​ សុខ​ សុវណ្ណ​ ក្លិប​កងពល​លេខ​ ៣១​ ។​ ឈិ​ត​ ង៉ុ​យ​ មក​ពី​ក្លិប​អប្សរា​គុន​ ខ្មែរ​ជួបនឹង​ លាភ​ សំណាង​ មក​ពី​ក្លិប​កង​ ពល​លេខ​៧០​ រីឯ​ ស្វាយ​ ចាន់​ថន​ មក​ពី​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រកួត​ សាកល​អាជីព​ជាមួយ​ ពេជ្រ​ តុលា​ មក​ពី​ ក្រសួងការពារជាតិ​ ៕