
អគ្គិភ័យឆេះក្លិបរាត្រីសម្លាប់មនុស្ស២៣២នាក់នៅប្រេស៊ីល
ដោយ ៖ ថាច់ យ៉ាត ថ្ងៃទី 28 មករា 2013ម៉ោង 10:37:53
ជារឿងមួយគួរឱ្យរន្ធត់និងខ្លោចផ្សាបំផុតចំពោះប្រេស៊ីលដែលហេតុការណ៍ អគ្គិភ័យមួយបានសម្លាប់មនុស្សរហូត ដល់២៣២នាក់តែក្នុងមួយប៉ព្រិចភ្នែក ធ្វើឱ្យលោកស្រីប្រធានាធិបតីDilma Rousseft ប្រកាសផ្អាកដំណើរទស្សន កិច្ចទៅចូលរួមប្រជុំនៅប្រទេសឈីលី ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុម គ្រួសាររងគ្រោះ។ លោកស្រីប្រធានាធិ បតីបង្ហាញការឈឺចាប់ខ្លោចផ្សារយ៉ាង ខ្លាំងដល់ហេតុការណ៍អាក្រក់បង្កឱ្យមាន សោកនាដកម្មនៅទូទាំងប្រទេស ។
អាជ្ញាធរប្រទេសប្រេស៊ីលបានថ្លែងថា យ៉ាងហោចណាស់មនុស្ស២៣២នាក់ បានបាត់បង់ជីវិត និង១៣១នាក់រងរបួស នៅក្នុងហេតុការណ៍ឆេះក្លិបរាត្រីយីហោ ឃីសដែលមានមនុស្សទៅចូលរួមក ម្សាន្ដរាប់រយនាក់កាលពីវេលាម៉ោង ២ទៀតភ្លឺម៉ោងនៅក្នុងតំបន់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅទីក្រុង សាន់តាម៉ារៀរ ភាគខាងត្បូងប្រើស៊ីល។
មេបញ្ជាការប៉ូលិស លោក Rois Tavares បានបញ្ជាក់ថា អ្នកស្លាប់ និងរងរបួសនៅតែបន្ដកើនឡើងដែលរហូត មកដល់ពេលនេះសរុប២៤៥នាក់ហើយ។ លោកបន្ដថា ក្នុងចំណោមអ្នកស្លាប់ មានបុរស១២០នាក់ និងស្ដ្រី១១២នាក់។ ពួកគេស្លាប់ដោយសារថប់ដង្ហើម ខណៈ ដែលអ្នកខ្លះទៀតត្រូវបំបែកអគារដែល ឆេះបាក់ធ្លាក់ចំ ។
សាកសពទាំងអស់ត្រូវបានគេដឹក យកទៅរក្សាទុកបណ្ដោះអាសន្ននៅពហុកីឡដ្ឋានហើយមានការបិទរបងទ្វារមិន ទាន់អនុញ្ញាតក្រុមគ្រួសារជនរងគ្រោះឱ្យ ចូលទៅដើម្បីពិនិត្យសាច់ញាតិរបស់ ខ្លួននៅឡើយ ។
លោក Guido de Melo ប្រធាន ក្រុមពន្លត់អគ្គិភ័យបាននិយាយថា ភ្លើង បានឆេះរាលយ៉ាងឆាប់រហ័សបំផុត ធ្វើ ឱ្យអ្នកដែលទៅចូលរួមកម្សាន្ដសប្បាយ នៅទីនោះមិនអាចរត់ចេញបានទាន់ ពេលនោះឡើយ ។
ទោះយ៉ាងណាក៏ដោយ ក៏មូលហេតុនៃ អគ្គិភ័យនេះ អាជ្ញាធរមិនទាន់បញ្ជាក់នៅឡើយ ហើយអាជ្ញាធរកំពុងបើកការ ស៊ើបអង្កេត។ ប៉ុន្ដែបើតាមសាក្សីនិយាយ ថា អគ្គិភ័យនេះកើតចេញមកពីផ្កាភ្លើង កាំជ្រួចដែលក្រុមនិស្សិតដុតក្នុងពិធីជួបជុំគ្នា ។
អ្នករួចផុតពីក្ដីស្លាប់ឈ្មោះ Michelle Pereira បានប្រាប់ប្រភពព័ត៌មានក្នុងស្រុកថា ភ្លើងបានចាប់ផ្ដើមឆេះនៅ បន្ទាប់ពីនិស្សិតមួយក្រុមបានទៅប្រារឰ ពិធីជួបជុំគ្នានៅក្នុងបន្ទប់មួយនៃក្លឹប រាត្រីឃីសនេះ ហើយដុតកាំជ្រួចដើម្បី អប់អបពីធី ។ ប៉ុន្ដែមិននឹកស្មានថា ផ្កាភ្លើងនៃកាំជ្រួចនោះបានហើរទៅជាប់នៅ ពិដានបង្កើតទៅជាអណ្ដាតភ្លើងឆេះពេញ ក្នុងបន្ទប់ ហើយរាលឆេះក្នុងទ្រង់ទ្រាយធំ រហូតមិនអាចគ្រប់គ្រងបានតែម្ដង ។
រីឯបុរសម្នាក់ទៀតឈ្មោះ Taynne Vendruscolo បាននិយាយថា “ដំបូងឡើយភ្លើងឆេះទ្រង់ទ្រាយតូចទេ ហើយ អ្នកគ្រប់គ្នានៅទីនេះបានរុញច្រានគ្នាជា ខ្លាំង...ហើយមិនបានប៉ុន្មាននាទីផង ក៏ចាប់ផ្ដើមផ្ទុះតែម្ដង” ។
ហេតុការណ៍អគ្គិភ័យខាងលើនេះបាន ធ្វើឱ្យលោកស្រីប្រធានាធិបតីប្រេស៊ីល DilmaRousseft ប្រកាសលុបចោល ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឈីលី ជាទីដែលលោកស្រីត្រូវចូលរួមកិច្ចប្រជុំកំពូលស្ដីអំពីអឺរ៉ុបនិងអាមេរិកឡាតីន ដើម្បីពិនិត្យនិងដោះស្រាយស្ថានការណ៍ សោកនាដ កម្មដែលកើតឡើងនៅសាន់តាម៉ារៀលនេះ ។ លោកស្រីបានថ្លែងថា “នេះជាសោកនាដកម្មសម្រាប់យើងរាល់គ្នា, ហើយខ្ញុំមិនអាចបន្ដកិច្ចប្រជុំនេះ ឡើយ ពីព្រោះអាទិភាពរបស់ខ្ញុំ គឺប្រជា ជនប្រេស៊ីលជាទីស្រឡាញ់របស់ខ្ញុំ” ។
លោកស្រីបានបន្ដថា អាជ្ញាធរក្នុងតំបន់ក៏ដូចសហព័ន្ធទាំងមូលត្រូវតែយក ចិត្ដទុកដាក់ មិនត្រឹមតែជួយក្រុមគ្រួសារ សពប៉ុណ្ណោះទេ ប៉ុន្ដែគាំពារសុខាភិបាលឱ្យបានម៉ត់ចត់ចំពោះអ្នករបួសផងដែរ៕
