អ្នកគ្រូ​ចំណាស់​ម្នាក់​ត្រូវ​ឃាតក​វាយ​សម្លាប់​ញាត់​ចូល​ក្នុង​ពាងទឹក​

ដោយ​ ៖ វិច្ឆិកា|ថ្ងៃទី 28 មករា 2013 ម៉ោង 17:08:26

 

​ខេត្ដបន្ទាយមានជ័យ​ ៖​ មាន​ករណី​ ភ្ញាក់ផ្អើល​ឆោឡោ​ពី​ប្រជាពលរដ្ឋ​សិ​ស្សា​នុ​សិស្ស​លោកគ្រូ​អ្នកគ្រូ​នៅ​ចំណុច​ភូមិ​-​ឃុំ​គត្ដ​សត​ ស្រុក​អូរ​ជ្រៅ​ ខេត្ដ​បន្ទាយ​ មាន​ជ័យ​ ខណៈ​ឃើញ​អ្នកគ្រូ​ចំណាស់​ម្នាក់​ បង្រៀន​នៅ​សាលា​បឋម​សិក្សា​គត្ដ​សត​ ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​វាយ​សម្លាប់​ យក​ទៅ​ញាត់​ចូល​ក្នុង​ពាងទឹក​ពេល​ដែល​ជន​រង​គ្រោះ​ដើរ​ចេញ​ពីសា​លាមក​បត់​ ជើង​នៅផ្ទះ​ឪពុកមា​ដែល​ស្ថិត​នៅ​ខាង​ ក្រោយ​ឆៀង​ខាងលិច​សាលារៀន​ប្រមាណ​ ១០០​ម៉ែត្រ​គ្រា​ដែល​គ្មាន​មនុស្ស​នៅ​ ចាំផ្ទះ​ហើយ​សាកសព​ជន​រង​គ្រោះ​ត្រូវ​ បានកូន​សិស្ស​ប្រទះ​ឃើញ​ក្នុង​ពាងទឹក​ នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៣​ ពេល​ទៅ​បើក​គម្រប​ពាង​ បម្រុង​ដងទឹក​ផឹក​ ។​

 បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកនាយក​ សាលា​បឋម​សិក្សា​គត្ដ​សត​បញ្ជាក់​ថា​មុន​ពេល​កើតហេតុ​អ្នកគ្រូ​ឈ្មោះ​ ឡ​ មួយ​សាយ​ អាយុ​៥៨​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ ខាងលើ​គាត់​បាន​សុំ​ចេញ​មុន​សិស្ស​ ចេញលេង​ហើយ​ទៅ​បត់ជើង​នៅផ្ទះ​ឪពុកមា​ របស់​ខ្លួន​នា​វេលា​ម៉ោង​៩​និង​៤៥​នាទី​ ព្រឹក​ដែល​មាន​ចម្ងាយ​ពីសា​លា​ប្រមាណ​ ១០០​ម៉ែត្រ​ ។​ លុះ​រំលង​បាន​១៥​នាទី​ ក្រោយមក​កូនសិស្ស​ដល់​ម៉ោង​ចេញ​ លេង​ក៏​មាន​សិស្ស​ស្រី​ម្នាក់​បាន​ដើរទៅ​ កន្លែង​ពាងទឹក​ខាងលើ​ដើម្បី​រក​ដងទឹក​ ផឹក​នៅ​ពេល​បើក​គំរប​ពាង​ឡើង​ស្រាប់​ តែ​ឃើញ​សព​អ្នកគ្រូ​ ឡ​ មួយ​សាយ​ ត្រូវ​ឃាតក​វាយ​សម្លាប់​ញាត់​ចូល​ក្នុង​ ពាងទឹក​នោះ​ ។​ ភ្លាមៗ​នោះ​ក៏​មានការ​ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​នាំ​គ្នា​ផ្អើល​ឈូឆរ​ ទៅ​ចោមរោម​មើល​សព​ ។​ បន្ដិច​ ក្រោយមក​ទើប​សមត្ដ​កិច្ច​ដឹកនាំ​កម្លាំង​ ដោយ​លោក​វរសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ ស្នងការ​រង​នគរបាល​កណ្ដាល​ព្រហ្មទណ្ឌ​ ខេត្ដ​បាន​ចុះ​ទៅ​ត្រូ​ត​ពិនិត្យ​សព​នៅ​កន្លែង​ កើតហេតុ​ ។

 ​លោកនាយក​សាលា​បាន​បន្ដ​ថា​ ស្ដ្រី​ រង​គ្រោះ​មាន​ប្ដី​ឈ្មោះ​ ដួង​ រ៉ា​ន់​ អាយុ​៥៨​ ឆ្នាំ​ គ្រួសារ​នេះ​ពុំ​មានកូន​នោះ​ទេ​ ហើយ​ ពេល​ដែល​អ្នកគ្រូ​មួយ​សាយ​ទៅ​បត់ជើង​គឺ​ម្ចាស់ផ្ទះ​ឈ្មោះ​ យ៉ាវ​ សែ​ អាយុ​ជាង​ ៦០​ឆ្នាំ​ ត្រូវជា​ឪពុកមា​ស្ដ្រី​រង​គ្រោះ​មិន​ បាន​នៅផ្ទះ​ទេ​ ដោយ​គាត់​បាន​ជូន​កូន​ទៅ​ ខេត្ដបាត់ដំបង​ដោយ​ទុក​កូនស្រី​បង្កើត​ និង​កូនប្រសា​ប្រុស​ឱ្យ​នៅ​ចាំផ្ទះ​ ។​ ប៉ុន្ដែ​ មុន​ពេល​កើតហេតុ​អ្នក​ទាំង​២​នាក់​ត្រូវ​ បាន​គេ​ឃើញ​កំពុង​លក់​នំ​នៅ​ក្នុង​សាលា​ រៀន​ ។​ តាម​ការ​បញ្ជាក់​ពី​សំណាក់​លោក​ គ្រូ​ម្នាក់​ឱ្យ​ដឹង​ថា​ អ្នកគ្រូ​ ឡ​ មួយ​សាយ​ មាន​ពាក់​ខ្សែ​ក​មាស​មួយ​ខ្សែ​ទម្ងន់​៥​ជី​ ចិញ្ចៀន​១​វង់​ និង​ក្រវិល​១​គូ​ នៅ​ពេល​ គាត់​ស្លាប់​គ្រឿងអលង្ការ​ទាំងនោះ​បាត់​ អស់ពី​ខ្លួន​ ។

 ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​ត្រូវ​ឃាតក​ វាយ​ត្រូវ​ចំ​កញ្ចឹងក​ខាងក្រោយ​មាន​ ស្នាម​ខ្មៅ​ ហើយ​នៅ​កន្លែង​កើតហេតុ​ សមត្ដ​កិច្ច​រក​ឃើញ​កាំបិត​ផ្គាក់​១​ ដែល​ មាន​ស្នាម​ប្រឡាក់​ឈាម​ត្រូវ​សមត្ថកិច្ច​ សង្ស័យ​ថា​ ឃាតក​យក​ខ្នងកាំបិត​ផ្គាក់​ នោះ​វាយ​ទៅ​លើ​ស្ដ្រី​រង​គ្រោះ​ បន្ទាប់​មក​ អូស​យក​ទៅ​ញាត់​ក្នុង​ពាងទឹក​ឯ​ កាំបិត​ ផ្គាក់​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ផ្ទះបាយ​។

​ករណី​នេះ​សមត្ថកិច្ច​ពុំ​ទាន់​សន្និដ្ឋាន​ ថា​ ជា​អំពើ​ប្លន់​ឬ​ជា​រឿង​គំនុំ​នៅឡើយ​ នោះ​ទេ​ ដោយ​កំពុង​ស្រាវជ្រាវ​ដើម្បី​ស្វែង​ រកមុខ​សញ្ញា​ជន​ដៃដល់​ ។

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​កាល​នៅ​រស់​ គាត់​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ទេ​ ដោយ​ ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ ករណី​ឃាត​ កម្មនេះ​ពួក​គាត់​សង្ស័យ​ថា​ ជា​អំពើ​ប្លន់​ យក​មាស​ព្រោះ​ជន​រង​គ្រោះ​មាន​ពាក់​ខ្សែ​ក​ ចិញ្ចៀន​ និង​ក្រវិល​មាស​ជាប់​ខ្លួន​។

ព័ត៌មានចុងក្រោយ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរពាក់ព័ន្ធករណីវាយសម្លាប់

អ្នកគ្រូបង្រៀនវ័យចំណាស់ខាងលើ ដែលសមត្ថកិច្ចអះអាងថា ជនដែលត្រូវឃាត់ខ្លួនត្រូវជាកូនបង្កើតរបស់ឪពុកមារស្រ្តីរងគ្រោះម្ចាស់ផ្ទះកន្លែង

កើតហេតុ។​ សមត្ថកិច្ចបន្តថា ជនសង្ស័យបើទោះជាសមត្ថកិច្ចឃាត់ខ្លួន ប៉ុន្តែរូបគេមិនទាន់ឆ្លើយសារភាពនៅឡើយទេ ចំពោះករណីឃាតកម្មខាងលើ ប៉ុន្តែសមត្ថកិច្ចនៅតែបន្តដុតដៃដុតជើង ដើម្បីវាយរកមុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕