
ហុងកុងបន្ដបាតុកម្មទាមទារមេដឹកនាំលាលែងពីតំណែង
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 28 មករា 2013ម៉ោង 17:43:31
កាលពីថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៣បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងទៅនឹងការថ្លែងសុន្ទរកថា របស់ប្រមុខមេដឹកនាំកោះហុងកុង លោក Leung Chun Ying ស្ដីពីគោលនយោបាយដីធ្លីនិងកាត់បន្ថយភាពក្រីក្រ ។ ក្រុមបាតុករទាមទារឱ្យលោកត្រូវតែលាលែងចេញពីតំណែង ។
នៅក្នុងសុន្ទរកថា នាពេលកន្លងមកថ្មីៗ លោក Leung Chun Ying បាន សន្យាថានឹងបង្កើនការផ្គត់ផ្គង់ផ្ទះសំរាប់ ស្នាក់នៅដល់ពលរដ្ឋរស់នៅតាមទីក្រុង ដែលមានពលរដ្ឋរស់នៅច្រើនបំផុត និងអនុវត្ដន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ប៉ុន្ដែពលរដ្ឋយល់ឃើញថា ទាំងនោះគ្រាន់តែជាការបោកប្រាស់ ប៉ុណ្ណោះ ។
ក្រុមបាតុករបានលើកស្លាកបដាធំៗ ដែលមានអក្សររៀបរាប់ពីមេដឹកនាំ Leung Chun Ying ជាបិសាចជាសត្វចចក ។ លោក Icarus Wong មកពី អង្គការសិទ្ធិមនុស្សក្នុងស្រុកដឹកនាំក្រុម បាតុករបញ្ជាក់ថា លោកLeung Chun Ying គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយរាល់ទុក្ខលំំបាករបស់ពលរដ្ឋហុងកុង ។ ពលរដ្ឋបានបង្ហាញការខឹង សម្បាយ៉ាងខ្លាំងដល់សុន្ទរកថារបស់ លោកតែការពិតមិនមែនដូច្នោះនោះ ឡើយ ។ ទន្ទឹមនឹងនោះក្រុមបាតុករក៏បានស្នើឱ្យមានបោះឆ្នោតជាថ្មីម្ដងទៀត។
ចាប់តាំងពីឡើងកាន់តំណែងកាលពី ខែកក្កដា ឆ្នាំ២០១២ មក ទំនុកចិត្ដរបស់ លោក Leung Chun Ying ក៏ធ្លាក់ចុះ យ៉ាងខ្លាំង ។ តាមលទ្ធផលស្ទាបស្ទង់មតិ នៃសកលវិទ្យាល័យហុងកុងបានប្រកាស នៅខែមករា នេះថា ពលរដ្ឋភាគច្រើន បាត់បង់ទំនុកចិត្ដទៅលើរូបលោក ។ លោក Leung Chun Ying ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលមានសមាជិក១.២០០ នាក់ត្រូវបានគេចាត់ទុកថា មានភាព លំអៀងទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង។ មកទល់ពេលនេះសម្លេងគាំទ្ររបស់ លោកធ្លាក់ចុះនៅសល់តែ៣១ភាគរយ ប៉ុណ្ណោះ ។ ទន្ទឹមនឹងនោះការរិះគន់ពីការ សាងសង់លំនៅឋានខុសច្បាប់ និងការធ្វើបាតុកម្មបន្ដបន្ទាប់នៅឆ្នាំ២០១៣ ទាមទារឱ្យលោកផ្ដល់ភាពយុត្ដិធម៌ ប្រជាធិបតេយ្យពេញលេញ ។ ក្រុមបាតុករបានអះអាងថា នៅពេលដែលលោក ឡើងកាន់តំណែងមកទល់ពេលនេះ លទ្ធិប្រជាធិបតេយ្យកំពុងតែបាត់បង់បន្ដិច ម្ដងៗ ៕
