
វាយប្លន់យកម៉ូតូបានសម្រេចនៅសែនសុខ
ដោយ ៖ អ៊ុំ ណូន ថ្ងៃទី 29 មករា 2013ម៉ោង 20:03:02
ភ្នំពេញ ៖ យុវជនជានិស្សិតម្នាក់បានរងរបួសជាច្រើនកន្លែងដេរចំនួន៤ថ្នេរហើយសន្លប់ត្រូវបាននគរបាលដឹកមកសង្គ្រោះជីវិត ខណៈដែលជូនមិត្ដភក្ដិមកពីទារលុយបងប្អូន ហើយមិត្ដភក្ដិនោះបានប្លន់យកម៉ូតូតែម្ដង ។
ហេតុការណ៍ភ្ញាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយកែងផ្លូវបេតុង ស្ថិតក្នុងភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
យុវនិស្សិតដែលត្រូវមិត្តភក្ដិវាយនិងចាក់ឱ្យរងរបួសនោះមានឈ្មោះ ដុន ដានីត អាយុ២០ឆ្នាំ ជានិស្សិតផ្នែកច្បាប់ឆ្នាំទី១សាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះជួលភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សី ។ ម៉ូតូដែលជនសង្ស័យវាយប្លន់យកទៅនោះម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1N-7892 ។
ជនសង្ស័យដែលវាយប្លន់នោះឈ្មោះ អាស្កាយ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ អាហ៊ីង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់មានជ័យ ខណ្ឌមានជ័យ ។
តាមការឱ្យដឹងពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុមិត្ដភក្ដិទាំងនោះបានសុំឲ្យជនរងគ្រោះជូនពួកគេទៅទារលុយបងប្អូន ពេលជិះម៉ូតូមកដល់កន្លែងកើតហេតុជនសង្ស័យបានឱ្យជនរងគ្រោះឈប់ម៉ូតូអង្គុយលេង តែជនរងគ្រោះបានបបួលជនសង្ស័យទាំង២ទៅផ្ទះ ពេលនោះជនសង្ស័យទាំង២នាក់ក៏បានវាយជនរងគ្រោះប្លន់យកម៉ូតូរួចគេចខ្លួនបាត់តែម្ដង ។
ក្រោយករណីឃាតកម្មខាងលើ នគរបាលខណ្ឌសែនសុខដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការ ម៉ក់ ហុង បានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ បានម្នាក់ ។ បច្ចុប្បន្នកំពុងចាត់ចែងស៊ើបអង្កេតបន្តស្វែងរកបក្ខពួកជនដៃដល់បន្តទៀត ៕
