ទឹកជំនន់​បន្ដ​ស្រក​ចុះ​ ខណៈ​ពលរដ្ឋ​នាំ​គ្នា​វិល​ចូល​លំនៅ​ឋាន​វិញ​

ដោយ​ ៖ ថាច់ យ៉ាត ថ្ងៃទី 30 មករា 2013ម៉ោង 10:57:39

​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​ជម្លៀស​ទៅ​រក​ទី​សុវត្ថិភាព​តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ​នា​ប៉ុន្មាន​ថ្ងៃមុន​នោះ​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​រៀងៗ​ខ្លួន​វិញ​ហើយ​ ។​

​ទឹកជំនន់​បាន​ចាប់ផ្ដើម​ស្រក​ចុះ​បន្ដិច​ម្ដងៗ​នៅ​ទូ​ទាំង​ភាគ​ខាងជើង​អូស្ដ្រាលី​កាលពី​ថ្ងៃ​ពុធ​ ទី​៣០​ ខែមករា​ ឆ្នាំ​២០១៣​ ខណៈ​ដែល​គ្រឿង​សម្អាត​កំពុង​តែ​មមាញឹក​ខ្លាំង​ក្រោយ​លំនៅ​ឋាន​រាប់​ពាន់​ខ្នង​បាន​ជន​លិច​ និង​បណ្ដាល​ឱ្យ​ពលរដ្ឋ​៤​ នាក់​បាត់បង់​ជីវិត​ ។​

​ជាមួយ​គ្នា​នេះ​ ប៉ូលិស​កំពុង​ផ្សា​ភ្នែក​ផង​ដែរ​ក្នុង​ការ​តាម​រក​អ្នក​នៅ​បាត់​ខ្លួន​តាំងពី​ថ្ងៃអាទិត្យ​២​នាក់​ គឺ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ និង​តៃវ៉ាន់​ម្នាក់​ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើ​តទៅ​បំពេញការងារ​រយៈពេល​ខ្លី​នៅ​តំបន់​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​នោះ​ ។​

​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​ កង្វះ​ទឹក​ស្អាត​ ព្រមទាំង​ជំរុញ​ពលរដ្ឋ​ជា​ច្រើន​នាក់​ភៀសខ្លួន​ទៅ​រក​ទីទួល​សុវត្ថិភាព​នៅ​ពេល​ដែល​ទឹកជំនន់​ ចេះ​តែ​បន្ដ​កើនឡើង​ពី​ច្រាំង​ទន្លេ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ទឹកជំនន់​ និង​ព្យុះ​ អូ​ស្វា​ដ​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​ក្នុង​សបា្ដហ៍​ កន្លង​មក​ដោយ​បណ្ដាល​ឱ្យ​ពលរដ្ឋ​៤​នាក់​ បាត់បង់​ជីវិត​ក្នុង​តំបន់​ភាគ​ខាងជើង​រដ្ឋ​ Queensland​ និង​នៅ​បាត់​ខ្លួន​២​នាក់​ ។​

​ប៉ូលិស​បាន​និយាយ​ថា​ រថយន្ដ​របស់​ បុរស​ម្នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​ ជាយក្រុង​ ក្បែរ​ Gatton​ ភាគ​ខាងលិច​ រដ្ឋធានី​ Brisbane​ កាលពី​ថ្ងៃរសៀល​ថ្ងៃ​ ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ ប៉ុន្ដែ​ពុំ​មានការ​អះអាង​ណាមួយ​ សូ​ម្បី​តែ​ពី​បុគ្គលិក​រួមការ​ងារ​ថា​បានឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​នៅ​ទីណា​ឡើយ​ ។​ ប៉ូលិស​បាន​បញ្ជាក់​ថា​ “​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៅឡើយ​ថា​ ពួក​គេ​ទាំង​ពីរ​នាក់​ពិតជា​បាន​ស្គាល់គ្នា​ ឬ​ក៏​ត្រូវ​បាន​ជម្លៀស​តាម​ក្បូន​ទៅ​កាន់​កន្លែង​សុវត្ថិភាព​ជាមួយ​គ្នា​ ឬ​យ៉ាងណា​នៅឡើយ​”​ ។​

​តំបន់​ដែល​រង​គ្រោះ​បំផុត​នោះ​ស្ថិត​នៅ​Bunderberg​ ដែល​មាន​កម្ពស់​ទឹក​រហូត​ដល់​៩.៦​ម៉ែត្រ​ពី​ទន្លេ​ Burnett​ ជន​លិច​ផ្ទះ​ពលរដ្ឋ​២​ពាន់​ខ្នង​ និង​អគារ​ពាណិជ្ជកម្ម​ប្រមាណ​២០០​ ។​

​លោក​ Campbell​ Newman​មន្ដ្រី​ ទទួលខុសត្រូវ​ជាន់ខ្ពស់​នៅ​Queensland​ បាន​បញ្ជាក់​ប្រាប់​សារ​ជីវ​កម្ម​ផ្សព្វផ្សាយ​ អូស្ដ្រាលី​ថា​ “​ព្រឹក​នេះ​ យើង​មាន​កម្លាំង​ទាហាន​១២០​នាក់​មក​ពី​បន្ទាយ​ Enoggera​ ជាមួយ​រថយន្ដ​៤៤​គ្រឿង​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាងជើង​ Bundaberg​ ដើម្បី​ជួយ​ប្រជា​សហគមន៍​ ។​ កម្លាំង​ទាំងនោះ​នឹង​នៅ​ចាំ​ជួយ​ពលរដ្ឋ​ក្នុង​ការ​បោសសម្អាត​លំនៅ​ឋាន​បន្ទាប់​ពី​ទឹក​ស្រក​”​។​

​មន្ដ្រី​រដ្ឋ​ករ​ទឹក​ក្នុង​តំបន់​ លោក​ Lord​ Mayor​ Graham​ Quirk​ បាន​លើក​ឡើង​ថា​ មានការ​ព្រួយបារម្ភ​ចំពោះ​កង្វះខាត​ ទឹក​ស្អាត​ក្នុង​ការ​ផ្គត់​ផ្គង​ជូន​ពលរដ្ឋ​ក្នុង​ដំណាក់កាល​នេះ​ ៕