
ទឹកជំនន់បន្ដស្រកចុះ ខណៈពលរដ្ឋនាំគ្នាវិលចូលលំនៅឋានវិញ
ដោយ ៖ ថាច់ យ៉ាត ថ្ងៃទី 30 មករា 2013ម៉ោង 10:57:39
ពលរដ្ឋជាច្រើនគ្រួសារដែលជម្លៀសទៅរកទីសុវត្ថិភាពតាមការអំពាវនាវរបស់អាជ្ញាធរនាប៉ុន្មានថ្ងៃមុននោះ នៅថ្ងៃពុធនេះបាននាំគ្នាវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញហើយ ។
ទឹកជំនន់បានចាប់ផ្ដើមស្រកចុះបន្ដិចម្ដងៗនៅទូទាំងភាគខាងជើងអូស្ដ្រាលីកាលពីថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៣ ខណៈដែលគ្រឿងសម្អាតកំពុងតែមមាញឹកខ្លាំងក្រោយលំនៅឋានរាប់ពាន់ខ្នងបានជនលិច និងបណ្ដាលឱ្យពលរដ្ឋ៤ នាក់បាត់បង់ជីវិត ។
ជាមួយគ្នានេះ ប៉ូលិសកំពុងផ្សាភ្នែកផងដែរក្នុងការតាមរកអ្នកនៅបាត់ខ្លួនតាំងពីថ្ងៃអាទិត្យ២នាក់ គឺជនជាតិម៉ាឡេស៊ីម្នាក់ និងតៃវ៉ាន់ម្នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើតទៅបំពេញការងាររយៈពេលខ្លីនៅតំបន់ទទួលរងគ្រោះដោយទឹកជំនន់នោះ ។
ផ្ទះពលរដ្ឋជាច្រើនខ្នងពុំមានអគ្គិសនីប្រើប្រាស់ កង្វះទឹកស្អាត ព្រមទាំងជំរុញពលរដ្ឋជាច្រើននាក់ភៀសខ្លួនទៅរកទីទួលសុវត្ថិភាពនៅពេលដែលទឹកជំនន់ ចេះតែបន្ដកើនឡើងពីច្រាំងទន្លេដោយសារតែឥទ្ធិពលនៃទឹកជំនន់ និងព្យុះ អូស្វាដនៅប៉ុន្មានថ្ងៃជាប់ៗក្នុងសបា្ដហ៍ កន្លងមកដោយបណ្ដាលឱ្យពលរដ្ឋ៤នាក់ បាត់បង់ជីវិតក្នុងតំបន់ភាគខាងជើងរដ្ឋ Queensland និងនៅបាត់ខ្លួន២នាក់ ។
ប៉ូលិសបាននិយាយថា រថយន្ដរបស់ បុរសម្នាក់ត្រូវបានរកឃើញនៅតំបន់ ជាយក្រុង ក្បែរ Gatton ភាគខាងលិច រដ្ឋធានី Brisbane កាលពីថ្ងៃរសៀលថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១៣ ប៉ុន្ដែពុំមានការអះអាងណាមួយ សូម្បីតែពីបុគ្គលិករួមការងារថាបានឃើញជនរងគ្រោះទាំងពីរនាក់នេះនៅទីណាឡើយ ។ ប៉ូលិសបានបញ្ជាក់ថា “មិនទាន់ទទួលបានព័ត៌មាននៅឡើយថា ពួកគេទាំងពីរនាក់ពិតជាបានស្គាល់គ្នា ឬក៏ត្រូវបានជម្លៀសតាមក្បូនទៅកាន់កន្លែងសុវត្ថិភាពជាមួយគ្នា ឬយ៉ាងណានៅឡើយ” ។
តំបន់ដែលរងគ្រោះបំផុតនោះស្ថិតនៅBunderberg ដែលមានកម្ពស់ទឹករហូតដល់៩.៦ម៉ែត្រពីទន្លេ Burnett ជនលិចផ្ទះពលរដ្ឋ២ពាន់ខ្នង និងអគារពាណិជ្ជកម្មប្រមាណ២០០ ។
លោក Campbell Newmanមន្ដ្រី ទទួលខុសត្រូវជាន់ខ្ពស់នៅQueensland បានបញ្ជាក់ប្រាប់សារជីវកម្មផ្សព្វផ្សាយ អូស្ដ្រាលីថា “ព្រឹកនេះ យើងមានកម្លាំងទាហាន១២០នាក់មកពីបន្ទាយ Enoggera ជាមួយរថយន្ដ៤៤គ្រឿងធ្វើដំណើរទៅកាន់ភាគខាងជើង Bundaberg ដើម្បីជួយប្រជាសហគមន៍ ។ កម្លាំងទាំងនោះនឹងនៅចាំជួយពលរដ្ឋក្នុងការបោសសម្អាតលំនៅឋានបន្ទាប់ពីទឹកស្រក”។
មន្ដ្រីរដ្ឋករទឹកក្នុងតំបន់ លោក Lord Mayor Graham Quirk បានលើកឡើងថា មានការព្រួយបារម្ភចំពោះកង្វះខាត ទឹកស្អាតក្នុងការផ្គត់ផ្គងជូនពលរដ្ឋក្នុងដំណាក់កាលនេះ ៕
