
ទាហានជើងទឹកស្រីលង្កាសង្គ្រោះជីវិតអ្នកលិចទូក១៣៨នាក់
ដោយ ៖ ថាច់ យ៉ាត ថ្ងៃទី 04 កុម្ភះ 2013ម៉ោង 16:10:49
កងទ័ពជើងទឹករបស់ប្រទេសស្រីលង្កាបានប្រកាសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ថា ខ្លួនបានប្រតិបត្ដិការរយៈពេលជិត២០ម៉ោងក្នុងការជួយជនរងគ្រោះលិចទូកនេសាទមួយគ្រឿងដោយសង្គ្រោះអាយុជីវិតមនុស្ស១៣៨នាក់ដែលភាគច្រើនមានសញ្ជាតិមីយ៉ាន់ម៉ា និងបង់ក្លាដែស។
អ្នកនាំពាក្យទាហានការពារផ្ទៃសមុទ្រស្រីលង្កាបានថ្លែងថា បន្ទាប់ពីទទួលបានសញ្ញាអាសន្នថាមានទូកនេសាទលិចនៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីច្រាំងនៃឈូងសមុទ្ររបស់ស្រីលង្កាភាគខាងលិចនោះទីបញ្ជាការកងការពារផ្ទៃសមុទ្របានបញ្ជូនក្រុមជួយសង្គ្រោះនិងនាវា៣គ្រឿងទៅកាន់ទីនោះដើម្បីធ្វើប្រតិបត្ដិការជួយជនរងគ្រោះ ។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថាទូកនេសាទនេះបានអណ្ដែតលើផ្ទៃឈូងសមុទ្រ រយៈពេល១០ថ្ងៃកន្លងមកហើយដោយមិនដឹងថាមានគោលដៅទីណានោះឡើយ ។
មិនទាន់មានព័ត៌មានច្បាស់លាស់ដែលថា ទូកនេសាទនេះមកពីកន្លែងណាហើយកំពុងឆ្ពោះទៅកាន់ទីតាំងណានោះឡើយ ខណៈដែលបច្ចុប្បន្ននេះក្រុមជួយសង្គ្រោះបានជួយជីវិតសរុប១៣៨នាក់និងប្រទះ ឃើញសាកសពម្នាក់ ។ ពួកគេទាំងនេះមានការគំរាមកំហែងដោយការអត់ឃ្លានអាហារ ។
អ្នករួចផុតពីក្ដីស្លាប់បាននិយាយថា ខណៈដែលទូករបស់ពួកគេចូលទៅកាន់ឈូងសមុទ្រថៃ, ឆ្មាំការពារដែនសមុទ្ររបស់ប្រទេសនេះបានចាប់ពួកគេធ្វើទារុណកម្មរឹបអូសទ្រព្យសម្បត្ដិពួកគេទម្លាក់ទឹកហើយបង្ខំពួកគេឱ្យបន្ដដំណើរតាមយថាកម្ម ។
អ្នកនាំពាក្យកងទ័ពជើងទឹកខាងលើបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលភាគច្រើនជាស្ដ្រីនិងកុមារនោះ ១៤នាក់មានសញ្ជាតិមីយ៉ាន់ម៉ា ហើយក្រៅពីនេះគឺពលរដ្ឋបង់ក្លាដែស ។
អាជ្ញាធរក្នុងតំបន់មិនបានបញ្ជាក់អំពីមូលហេតុបណ្ដាលឱ្យទូកនេសាទនេះលិចនៅឡើយ ហើយដំណោះ ស្រាយបន្ដយ៉ាងណាចំពោះជនរងគ្រោះទាំងអស់នេះក៏មិនបានប្រកាសប្រាប់ឱ្យដឹងផងដែរ ៕
