ទាហានជើងទឹក​ស្រី​លង្កា​សង្គ្រោះ​ជីវិត​អ្នក​លិច​ទូក​១៣៨​នាក់​

ដោយ​ ៖ ថាច់ យ៉ាត ថ្ងៃទី 04 កុម្ភះ 2013ម៉ោង 16:10:49

​កងទ័ពជើងទឹក​របស់​ប្រទេស​ស្រី​លង្កា​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ថា​ ខ្លួន​បាន​ប្រតិបត្ដិការ​រយៈពេល​ជិត​២០​ម៉ោង​ក្នុង​ការ​ជួយ​ជន​រង​គ្រោះ​លិច​ទូក​នេសាទ​មួយ​គ្រឿង​ដោយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​១៣៨​នាក់​ដែល​ភាគច្រើន​មាន​សញ្ជាតិ​មី​យ៉ា​ន់​ម៉ា​ និង​បង់​ក្លា​ដែ​ស​។​

​អ្នកនាំពាក្យ​ទាហាន​ការពារ​ផ្ទៃសមុទ្រ​ស្រី​លង្កា​បាន​ថ្លែង​ថា​ បន្ទាប់​ពី​ទទួល​បាន​សញ្ញា​អាសន្ន​ថា​មាន​ទូក​នេសាទ​លិច​នៅ​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ច្រាំង​នៃ​ឈូង​សមុទ្រ​របស់​ស្រី​លង្កា​ភាគ​ខាងលិច​នោះ​ទីបញ្ជាការ​កងការពារ​ផ្ទៃសមុទ្រ​បាន​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ​និង​នាវា​៣​គ្រឿង​ទៅ​កាន់​ទីនោះ​ដើម្បី​ធ្វើ​ប្រតិបត្ដិការ​ជួយ​ជន​រង​គ្រោះ​ ។​

​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់​ថា​ទូក​នេសាទ​នេះ​បាន​អណ្ដែត​លើ​ផ្ទៃ​ឈូង​សមុទ្រ​ រយៈពេល​១០​ថ្ងៃ​កន្លង​មក​ហើយដោយ​មិនដឹង​ថា​មាន​គោលដៅ​ទីណា​នោះ​ឡើយ​ ។​

​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ដែល​ថា​ ទូក​នេសាទ​នេះ​មក​ពី​កន្លែង​ណា​ហើយ​កំពុង​ឆ្ពោះទៅ​កាន់​ទីតាំង​ណា​នោះ​ឡើយ​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្រុម​ជួយ​សង្គ្រោះ​បាន​ជួយ​ជីវិត​សរុប​១៣៨​នាក់​និង​ប្រទះ​ ឃើញ​សាកសព​ម្នាក់​ ។​ ពួក​គេ​ទាំងនេះ​មានការ​គំរាមកំហែង​ដោយ​ការ​អត់ឃ្លាន​អាហារ​ ។​
​អ្នក​រួច​ផុត​ពី​ក្ដី​ស្លាប់​បាន​និយាយ​ថា​ ខណៈ​ដែល​ទូក​របស់​ពួក​គេ​ចូល​ទៅ​កាន់​ឈូង​សមុទ្រ​ថៃ​,​ ឆ្មាំ​ការពារ​ដែនសមុទ្រ​របស់​ប្រទេស​នេះ​បាន​ចាប់​ពួក​គេ​ធ្វើ​ទារុណកម្ម​រឹបអូស​ទ្រព្យសម្បត្ដិ​ពួក​គេ​ទម្លាក់​ទឹក​ហើយ​បង្ខំ​ពួក​គេ​ឱ្យ​បន្ដដំណើរ​តាម​យថាកម្ម​ ។​

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ខាងលើ​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងអស់​ដែល​ភាគច្រើន​ជា​ស្ដ្រី​និង​កុមារ​នោះ​ ១៤​នាក់​មាន​សញ្ជាតិ​មី​យ៉ា​ន់​ម៉ា​ ហើយ​ក្រៅពី​នេះ​គឺ​ពលរដ្ឋ​បង់​ក្លា​ដែ​ស​ ។​

​អាជ្ញាធរ​ក្នុង​តំបន់​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​បណ្ដាល​ឱ្យ​ទូក​នេសាទ​នេះ​លិច​នៅឡើយ​ ហើយ​ដំណោះ​ ស្រាយ​បន្ដ​យ៉ាងណា​ចំពោះ​ជន​រង​គ្រោះ​ទាំង​អស់នេះ​ក៏​មិន​បាន​ប្រកាសប្រាប់​ឱ្យ​ដឹងផង​ដែរ​ ៕