
ផ្សែងអ័ព្ទក្រាស់ឃ្មឹកដែលធ្លាប់មាននៅប្រទេសចិនឥឡូវនេះគំរាមកំហែងនៅជប៉ុន
ដោយ ៖ ថាច់ យ៉ាត ថ្ងៃទី 05 កុម្ភះ 2013ម៉ោង 08:55:10
ការធ្លាក់ផ្សែងអ័ព្ទយ៉ាងខ្លាំងនៅប្រទេសចិននាពេលកន្លងមកនោះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ តំបន់មួយចំនួនក្នុងប្រទេសជប៉ុនបាននិងកំពុងទទួលរងការធ្លាក់អ័ព្ទនេះផងដែរធ្វើឲ្យអាជ្ញាធរចេញប្រកាសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះផ្សែងអ័ព្ទនេះដែលអាចគំរាមកំហែងសុខភាពចំពោះកុមារ និងអ្នកជំងឺ។
គេហទំព័រក្រសួងបរិស្ថានទទួលបានការបើកចូលមើលយ៉ាងច្រើនលើសលប់ពីអ្នកប្រើប្រាស់ដែលចង់ដឹងអំពីវិធីសាស្ត្របង្កានិងវិធីការពារពីការគំរាមកំហែងទាំងអម្បាលមាណកើតឡើងដោយសារតែផ្សែងអ័ព្ទទាំងនោះ។ មន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា«ប្រព័ន្ធវាស់ស្ទង់ស្តីអំពីការពុលផ្នែកបរិស្ថានរបស់យើងបានកើតឡើងតាំងពីសប្តាហ៍មុនមកម្ល៉េះ ចំណែកឯទូរស័ព្ទរបស់យើងក៏ទទួលបានការហៅចូលជាប្រចាំផងដែរពីពលរដ្ឋដែលមានការភ័យខ្លាចចំពោះការគំរាមកំហែងសុខភាពដោយសារតែផ្សែងអ័ព្ទនេះ និងស្នើឲ្យសុំយោបល់ដើម្បីបង្កា»។
រូបភាពឆ្លុះបញ្ចាំងអំពីផ្សែងអ័ព្ទធ្លាក់ខ្លាំងនៅប៉េកាំង និងនៅទីក្រុងផ្សេងៗទៀតរបស់ប្រទេសចិនត្រូវបានគេចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ក្នុងប្រទេសជប៉ុនកាលពីសប្តាហ៍មុន ហើយកម្មវិធីព័ត៌មានមួយបានផ្សព្វផ្សាយ និងបង្ហាញផែនទីស្តីអំពីផ្សែងអ័ព្ទពុលដ៏ក្រាស់ឃ្មឹកនោះបាននិងកំពុងបន្តសាយភាយពីទីតាំងទាំងនោះឆ្ពោះទៅកាន់តំបន់មួយចំនួនក្នុងទឹកដីជប៉ុន។ ប្រព័ន្ធផ្សព្វផ្សាយនោះបានបង្ហាញរូបភាពផ្សែងអ័ព្ទពណ៌ផ្កាឈូក, ពណ៌ក្រហម និងពណ៌ទឹកក្រួចដែលអមដោយខ្យល់បក់រវ៉ិចៗឆ្ពោះចូលទៅកាន់ដែនកោះ គីយូស៊ូ ស្ថិតនៅភាគខាងត្បូងជប៉ុន។
ដែនដីកោះនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសមុទ្រចិនភាគខាងកើតនោះឡើយ ហើយនៅពេលដែលដែនដីក្នុងប្រទេសចិនទទួលរងផលប៉ះពាល់ដោយផ្សែងអ័ព្ទនោះតំបន់មួយចំនួនរបស់ជប៉ុនដែលស្ថិតនៅជាប់ព្រំដែនជាមួយចិនក៏ទទួលរងឥទ្ធិពលដូចគ្នាផងដែរ។ ពលរដ្ឋជប៉ុនម្នាក់ឈ្មោះ Takaharu Abiko អាយុ៥០ឆ្នាំបានឲ្យដឹងថា «ចិនជាអ្នកនៅជិតខាងយើង, ដូច្នេះរាល់បញ្ហាកើតឡើងប៉ះពាល់ដល់ប្រជាជនចិន ផលប៉ះពាល់និងការគំរាមកំហែងនោះតែងតែកើតឡើងនិងយាយីដល់ពួកយើងផងដែរ។ ពួកយើងមានការបារម្ភខ្លាំងណាស់ នេះជាផ្សែងពុលប្រកបដោយគ្រោះថ្នាក់បំផុត, យើងមិនអាចការពារខ្លួនយើងបានទេ យើងខ្លាចខ្លាំងណាស់»។
អាជ្ញាធរមួយចំនួនបានបន្ទោសទៅលើភាគីប្រទេសជិតខាងដែលបង្កឲ្យមានការរាលដាលផ្សែងពុលនេះ ប៉ុន្តែរដ្ឋមន្ត្រីបរិស្ថានជប៉ុន លោក Yasushi Nakajima បានថ្លែងថា «យើងមិនអាចបន្ទោសបានទេថាវាពិតជាកើតឡើងដោយសារតែការធ្លាក់អ័ព្ទពុលនៅក្នុងទឹកដីចិនតែម្យ៉ាងនោះ»។
លោក Atsushi Shimizu មកពីវិទ្យាស្ថានសិក្សាស្រាវជ្រាវបរិស្ថានបាននិយាយថា អាកាសធាតុពុលនៅភាគខាងលិចជប៉ុននាពេលនេះរដ្ឋាភិបាលត្រូវការពេលវេលាពីរបីថ្ងៃទៀតដើម្បីពិនិត្យនិងវាយតម្លៃលើបញ្ហានេះ។ លោកបន្តថា ខ្យល់បក់ពីទិសខាងលិចបាននាំមកអ័ព្ទពុលទាំងនេះពីដែនទ្វីបអាស៊ី។
កម្រិតនៃអ័ព្ទពុលនេះស្ថិតក្នុងទំហំទាបគឺ២.៥ម៉ៃក្រូមែត្រ(micrometres) ហើយបើឡើងខ្ពស់វិញស្ថិតក្នុងកម្រិត៥០ ម៉ៃក្រូក្រាម( microgrammes) ហើយដែលបាននិងកំពុងកើតមាននៅគីយូស៊ូ នាអំឡុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ រដ្ឋាភិបាលបានបញ្ជាក់ ថាកម្រិតសុវត្ថិភាពស្ថិតនៅក្រោម៣៥ម៉ៃក្រូក្រាម។
គេធ្លាប់ដឹងថាការធ្លាក់អ័ព្ទពណ៌លឿងនេះ កើតឡើងមកពីវាលខ្សាច់នៅម៉ុងហ្គោលី និងប្រទេសចិន ហើយមួយផ្នែកទៀតកើតឡើងដោយសារតែផ្សែងរថយន្តនិងផ្សែងបាញ់ចេញពីសហគ្រាសនិងរោងចក្រមួយចំនួន។ ចំពោះអ័ព្ទពុលនេះ លោក Shimizu បាននិយាយថា «រៀងរាល់ឆ្នាំ ក្នុងអំឡុងពេលនេះ មិនដែលមានអ័ព្ទដែលបណ្តាលមកដោយសារតែវាលខ្សាច់ឡើយ ដូច្នេះ អ័ព្ទនេះ ជាអ័ព្ទពុលយ៉ាងពិតប្រាកដ ហើយពលរដ្ឋដែលមានជំងឺផ្លូវដង្ហើមត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត»។
លោក Toshihiko Takemura សាស្ត្រាចារ្យសាកលវិទ្យាល័យ Kyushu ដែលជាអ្នកធ្វើការងារផ្ទាល់លើប្រព័ន្ធត្រួតពិនិត្យបញ្ហាពុលបរិស្ថានបានថ្លែងថា «ផលប៉ះពាល់លើការពុលបរិស្ថានដែលបណ្តាលមកពីប្រទេសចិនឆ្លងចូលជប៉ុននេះបានធ្លាប់កើតមានតាំងពីជាងមួយទសវត្សរ៍មកហើយ ជាពិសេសនៅគីយូស៊ូនេះតែម្តង។ នៅទីនេះ ការគំរាមកំហែងដោយបរិយាកាសពុលបានកើតមានចំពោះពលរដ្ឋពីរបីឆ្នាំមកហើយ ហើយប្រជាជនរស់នៅភាគខាងលិច និងភាគខាងជើងមានការយឺតពេលទៅហើយក្នុងការបង្កាទៅលើបញ្ហានេះ»៕
