កម្ពុជា​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​សន្និសីទ​កីឡា​អន្ដរជាតិ​ថ្នាក់​តំបន់​

ដោយ​ ៖ យឺន ពន្លឺ ថ្ងៃទី 05 កុម្ភះ 2013ម៉ោង 17:45:53

​ភ្នំពេញ​ ៖​ ជា​កិត្ដិយស​ដ៏​ធំ​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ ប្រជុំ​សន្និសីទ​កីឡា​អន្ដរជាតិ​ថ្នាក់​តំបន់​ អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ខាងកើត​ស្ដី​ពី​ ការ​ចុះ​ឈ្មោះ​លើក​ទី​១​នៃ​ការ​ចូលរួម​ ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​ ការ​ប្រកួត​ កីឡា​អាស៊ី​លើក​ទី​៤​នៅ​ Inchoen​ ប្រទេស​ កូរ៉េ​ខាងត្បូង​ដែល​ធ្វើ​នៅ​ចុងខែ​មិថុនា​ ដល់​ដើមខែ​កក្កដា​ ឆ្នាំ​២០១៣​ និង​ការ​ ចុះ​ឈ្មោះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ លើក​ទី​២​ដែល​ធ្វើ​នៅ​ទីក្រុង​ណា​ន​ជី​ង​ ប្រទេស​ចិន​ ខែសីហា​ ឆ្នាំ​២០១៣​ ។​

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​លោក​ វ៉ា​ត់​ ចំរើន​ បានឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​ធ្វើ​ឡើង​នៅ​ខេត្ដ​ សៀមរាប​ដែល​មាន​បណ្ដា​អ្នកដឹកនាំ​កំពូល​ ផ្នែក​កីឡា​មក​ពី​ប្រទេស​២៤​ចូលរួម​ ក្នុង​នោះ​១១​ប្រទេស​មក​ពី​តំបន់​អាស៊ី​ អាគ្នេយ៍​និង​១៣​ប្រទេស​មក​ពី​តំបន់​ អាស៊ី​ខាងកើត​ ។​ ក្រៅពី​នោះ​ក៏​មាន​មេ​ ដឹកនាំ​កីឡា​ដែល​សុទ្ធតែ​ប្រធាន​អូ​ឡាំ​ពិ​ក​ និង​អគ្គលេខាធិការ​អូ​ឡាំ​ពិ​ក​៧០​នាក់​នឹង​ចូលរួម​ក្នុង​សន្និសីទ​ដ៏​ធំ​នេះ​ ។​ 

នេះ​ជា​កិច្ចប្រជុំ​មួយ​ដែល​ដ៏​ធំ​សម្រាប់​ កម្ពុជា​ ខណៈ​ដែល​ពី​មុន​មក​កម្ពុជា​មិន​ ដែល​រៀបចំ​ឡើយ​ហើយ​កិច្ចប្រជុំ​នេះ​ មាន​រយៈពេល​២​ថ្ងៃ​នៅ​ក្នុង​ខុ​ង​ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ។​ ខេត្ដសៀមរាប​គឺជា​តំបន់​ ទេសចរណ៍​ប្រវត្ដិសាស្ដ្រ​ដ៏​មាន​សក្ដា​នុ​ ពល​បំផុត​របស់​ព្រះរាជាណាចក្រ​ដែល​ មាន​ភ្ញៀវ​ទេសចរ​ម្រុះ​ជាតិ​សាសន៍​ធ្វើ​ ដំណើរ​មក​កម្សាន្ដ​ក្នុង​មួយ​ឆ្នាំៗ​រាប់​លាន​ នាក់​ ។​ ដូច្នេះ​កិច្ចប្រជុំ​នេះ​យើង​មិន​ត្រឹម​ តែ​ទទួល​បាន​ផល​ចំណេញ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​ទេ​ ផល​ចំណេញ​មួយទៀត​គឺ​ ពេល​ដែល​តំណាង​២៧​ប្រទេស​ដែល​មក​ដល់​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ​នឹង​ថត​ទិដ្ឋភាព​មួយ​ចំនួន​ពី​ខេត្ដសៀមរាប​ នេះ​ ជា​ពិសេស​ប្រាសាទអង្គរវត្ដ​យក​ទៅ​ ផ្សព្វផ្សាយ​នៅ​ប្រទេស​របស់​គេ​ក្រោយ​ពី​ពួក​គេ​ចូលរួម​កិច្ចប្រជុំ​នេះ​ចប់​ ។​

លោក​អគ្គលេខាធិការ​បញ្ជាក់​ថា​ កិច្ចប្រជុំ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ ឯកភាព​ឱ្យ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រៀបចំ​សន្និសីទ​កីឡា​អន្ដរជាតិ​នៅ​ខេត្ដសៀមរាប​នា​ខែ​ក្រោយ​នេះ​ ហើយ​ សន្និសីទ​នេះ​នឹង​មានការ​ចូលរួម​ពី​មន្ដ្រី​ ជាន់ខ្ពស់​ទទួល​បន្ទុក​រៀបចំ​ការ​ប្រកួត​ កីឡា​កម្រិត​អាស៊ី​ទាំង​២​ព្រឹត្ដិការណ៍​ធំៗ​ ខាងលើ​នេះ​ ៕