
បង្ក្រាបទីតាំងបញ្ជល់មាន់ស្រុកមេមត់ឃាត់ខ្លួនមនុស្ស៦នាក់ម៉ូតូ៣១គ្រឿង
ដោយ ៖ វណ្ណៈ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 09:43:22
ខេត្ដកំពង់ចាម ៖ នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ចុះដឹកនាំបញ្ជាផ្ទាល់ពីលោក ចាន់ ហោ ជាអនុប្រធានការិយាល័យកណ្តាលនគរបាលព្រហ្ម និងមានការឯកភាពពី លោក រៀល សុភិន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដ បានចុះបង្ក្រាបទីតាំង ល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែង នៅចំណុចចំការស្វាយចន្ទី របស់ឈ្មោះ ញឹប ម៉ក់ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ នៅក្នុងភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្ដកំពង់ចាម ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពីទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខាងលើនេះ កម្លាំងការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌក៏បានដឹកនាំកម្លាំងចុះបង្ក្រាប ។ ក្នុងប្រតិបត្ដិការនេះសមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួនរួមមាន មាន់៦ក្បាល (ងាប់) ស្ដុករុំខ្នាយមាន់១០ កំណាត់ហ៊ុំសង្វៀន១ អង្រុតក្រុងមាន់១ ប្រាក់១.៦០០.០០០រៀល ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ៣១គ្រឿង និងឃាត់ខ្លួនមនុស្សបាន៦នាក់ មានឈ្មោះ ១-ជាវ លីន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យ សុខសាន្ដ ឃុំត្រពាំង ស្រុកតំបែរ, ២- មាំង ម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជន ជាតិខ្មែរ រស់នៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់, ៣-សេង ជាតិ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ សែនជ័យ ឃុំរំចេក ស្រុកមេមត់, ៤- សឿង សុខពីង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិហាន់ជ័យ ឃុំឆ្លូង ស្រុកឆ្លូង ខេត្ដក្រចេះ, ៥-មាន សុគុណ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពង្រ ស្រុកឆ្លូង ខេត្ដក្រចេះ និង ៦-អ៊ុច ស្រឿង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រៃប្រសព្វ ខេត្ដក្រចេះ ។
ក្រោយឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលើរួចមក សមត្ថកិច្ចបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕
