ឡង់​គ្រី​ស័​រ​ V8​បុក​អ្នក​ជិះ​កង់​ស្លាប់​បើក​ជាង​១០​គីឡូម៉ែត្រ​ទុក​រថយន្ដ​ចោល​គេចខ្លួន​បាត់​

ដោយ​ ៖ ស្អាងជ័យ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 10:23:34

​ខេត្ដកណ្ដាល​ ៖​ បុរស​ជា​កម្មករ​ម្នាក់​ ត្រូវ​បាន​រថយន្ដ​១​គ្រឿង​បុក​ពេញទំហឹង​ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ ហេតុ​ខណៈ​កំពុង​ជិះ​កង់​ កាលពី​វេលា​ ម៉ោង​១៩​និង​៣០​នាទី​ នៅ​លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​១៤​ ក្នុងភូមិ​ពាម​រាំង​លើ​ ឃុំ​ ពាម​រាំង​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចុះ​វាស់​ វែង​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ ខាងលើ​មានឈ្មោះ​ ប៉ិ​ សុខ​ជា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ភូមិ​ពាម​រាំង​លើ​ ឃុំ​ពាម​រាំង​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ ធ្វើ​ដំណើរ​ដោយ​កង់​ ។​

ចំណែក​រថយន្ដ​បង្ក​ម៉ាក​ឡង់​ គ្រី​ស័​រ​ V8​ ពណ៌​សម្បក​ឪឡឹក​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 2N-0205​ ក្រោយ​ពេល​បង្ក​ គ្រោះថ្នាក់​ ភាគី​រថយន្ដ​មិន​បាន​ឈប់​ រថយន្ដ​ឡើយ​ គឺ​បាន​ព្យាយាម​បើក​គេច​ ខ្លួន​បាន​ចម្ងាយ​ប្រហែល​ជាង​១០​គីឡូម៉ែត្រ​  ក៏​បាន​ចត​រថយន្ដ​ទុក​ចោល​នៅ​លើ​ផ្លូវ​ ហើយ​រត់គេច​ខ្លួន​បាត់​ ។​

​បើ​តាម​សាក្សី​ប្រជាពលរដ្ឋ​នៅ​កន្លែង​ កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​ភាគី​រថយន្ដ​បង្ក​បាន​បើក​ក្នុង​ល្បឿន​ យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ លុះ​មក​ ដល់​ចំណុច​កើតហេតុ​ ក៏​ជ្រុល​ចង្កូត​បុក​ ជន​រង​គ្រោះ​កំពុង​ជិះ​កង់​ ក្នុង​ទិស​ដៅ​ បញ្ច្រាសទិស​គ្នា​ពេញទំហឹង​ បណ្ដាល​ឱ្យ​ ជន​រង​គ្រោះ​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​ ស្លាប់​ ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ហើយ​យន្ដ​ មួយ​ចំហៀង​មុខ​ ផ្នែក​ខាងស្ដាំ​ ខូចខាត​ ស្ទើរ​ទាំងស្រុង​ ។​

​ក្រោយ​ពិនិត្យ​និង​វាស់វែង​រួច​ កម្លាំង​ ជំនាញ​បាន​រថយន្ដ​មធ្យោបាយ​ទាំង​២​គ្រឿង ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​លើក​ដែក​ ដើម្បី​កសាង​សំណុំ​ រឿង​ចាត់កា​តាម​នីតិវិធី​បន្ដ​ ៕