យី​ឌុ​ប​ជាន់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ ខូច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ

ដោយ​ ៖ យឹម សុថាន|ថ្ងៃទី 06 កុម្ភះ 2013 ម៉ោង 13:00:52

​ខេត្ដស្វាយរៀង​ ៖​ រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ យី​ឌុ​ប​១​គ្រឿង​ ដឹក​សំណល់​អេ​ត​ចាយ​ជាន់​ហ្វ្រាំង​ ហ្វ្រាំង​អត់​ស៊ី​ច្រុ​ល​បុក​បង្កាន់ដៃស្ពាន​បា​ឡេ​ បណ្ដាល​ឱ្យ​ប្រេះ​ ចំណែក​រថយន្ដ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ អ្នកបើកបរ​ និង​ព្រូ​ម្នាក់​រង​របួសស្រាល​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ស្ពាន​បា​ឡេ​ក្នុងភូមិ​សា​ម៉​ ឃុំ​បុស​មន​ ស្រុក​រំដួល​ ខេត្ដស្វាយរៀង​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ រថយន្ដ​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​យី​ឌុ​ប​ ពាក់​ស្លាក​លេខ​ ក​.១៧១៩​ ភព​៣​ (​អ្នកបើកបរ​មិន​ទាន់​ស្គាល់ឈ្មោះ​)​ ធ្វើ​ដំណើរ​ពី​កើតមក​លិច​ ឆ្ពោះ​មក​ខេត្ដស្វាយរៀង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​  ជាន់ហ្វ្រាំងរថយន្ដ​មិន​ស៊ី​ ក៏​ជ្រុល​ទៅ​បុក​នឹង​ បង្កាន់ដៃស្ពាន​បា​ឡេ​ប្រវែង​ជាង​១០​ម៉ែត្រ​តែ​ម្ដង​។​ បច្ចុប្បន្ន​ ភាគី​រថយន្ដ​បង្ក​កំពុង​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ ៕