ខ្សឹបដាក់ត្រចៀក ៖ កាស៊ីណូ​ហេង​ហេង​បើក​ល្បែង​បញ្ជល់មាន់​និង​បើក​ខារ៉ាអូខេ​ក្នុង​ថ្ងៃ​កាន់​ព្រះរាជ​មរណទុក្ខ​

ដោយ​ ៖ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 14:56:42

​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ខ្លាំង​ថា​ កាស៊ីណូ​ហេង​ហេង​ដែល​មាន​ទីតាំង​ស្ថិត​ នៅ​ជាប់​នឹង​ច្រក​ទ្វារ​អន្ដរជាតិ​ត្រ​ញំ​ង​ស្រែ​-​វ៉ា​លី​ ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ខេត្ដក្រចេះ​ បន្ទាប់​ពី​ម្ចាស់​កាស៊ីណូ​ខាងលើ​នេះ​ បាន​បើក​សង្វៀន​បញ្ជល់មាន់​ឱ្យ​ពលរដ្ឋ​ និង​ជន​ ជាតិ​វៀតណាម​ចូល​លេង​តាម​អំពើ​ចិត្ដ​ ពិសេស​នៅ​ថ្ងៃ​រៀបចំ​ព្រះរាជ​ពិធី​ដង្ហែ​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​ ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ក៏​ដូច​ជា​បណ្ដា​ថ្នាក់​ដឹក​ នាំ​បាន​កាន់​ព្រះរាជ​មរណទុក្ខ​ចុង​ក្រោយ​យ៉ាង​ក្រៀមក្រំ​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​ រតន​កោដ្ឋ​ បែរជា​ម្ចាស់​កាស៊ីណូ​ មិន​អនុវត្ដន៍​ទៅ​តាម​សារាចរ​ណែនាំ​របស់រ​ដ្ឋា​ភិ​ បាល​ អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចូល​រាំច្រៀង​កម្សាន្ដ​ខារ៉ាអូខេ​ក្នុង​កាស៊ីណូ​នេះ​ទៅ​វិញ​ ។​

​គេ​បាន​រាយការណ៍​មក​ថា​ បន្ទាប់​ពី​កាស៊ីណូ​ហេង​ហេង​ បើក​ក្លិប​ខារ៉ាអូខេ​ក្នុង​ថ្ងៃ​ ដែល​រាជរដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​ គេ​បានឃើញ​អាជ្ញាធរ​ស្រុក​ស្នួល​ចុះ​ទៅ​ ពិនិត្យ​ផង​ដែរ​ ប៉ុន្ដែ​មិនដឹង​ជា​យ៉ាងម៉េច​ បានជា​កាស៊ីណូ​ខាងលើ​បន្ដ​ការ​បើក​សង្វៀន​ បញ្ជល់មាន់​ និង​ក្លិប​ខារ៉ាអូខេ​យ៉ាង​គឃ្លើន​បែប​នេះ​ ។​

​ម្ចាស់​កាស៊ីណូ​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា​ សង្វៀន​បញ្ជល់មាន់​ពី​មុន​ជួល​ទៅ​ឱ្យ​ នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដក្រចេះ​ជា​អ្នកគ្រប់គ្រង​ តែ​បច្ចុប្បន្ន​បាន​ជួល​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​ ដូច្នេះ​អ​ជ្ញា​ធរ​គួរ​មាន​វិធានការ​ផង​ ដែរ​ ខណៈ​មាន​ជនជាតិ​វៀតណាម​បើក​សង្វៀន​បញ្ជល់មាន់​ល្មើសច្បាប់​ ។​ ម្យ៉ាង​វិញ​ ទៀត​ ការ​បើក​ក្លិប​ខារ៉ាអូខេ​ក្នុង​កាន់​ព្រះរាជ​មរណទុក្ខ​ គឺ​ការ​បំពាន​ទៅ​នឹង​សារាចរ​ រដ្ឋាភិបាល​ ពីព្រោះ​ករណី​នេះ​សូ​ម្បី​តែ​អាជ្ញាធរ​ស្រុក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួត​ ពិនិត្យ​ ប៉ុន្ដែ​ជា​លទ្ធផល​ការ​ហាមឃាត់​មិន​ទាន់​ចេញ​ជា​ផ្លែផ្កា​នូវឡើយ​ទេ​ ។​ ស្រប​ ពេល​មានការ​បើក​សង្វៀន​បញ្ជល់មាន់​ និង​ក្លិប​ខារ៉ាអូខេ​នៅ​តែ​បន្ដ​ធ្វើ​អាជីវកម្ម​ បែប​នេះ​ ៕