
ខ្សឹបដាក់ត្រចៀក ៖ កាស៊ីណូហេងហេងបើកល្បែងបញ្ជល់មាន់និងបើកខារ៉ាអូខេក្នុងថ្ងៃកាន់ព្រះរាជមរណទុក្ខ
ដោយ ៖ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 14:56:42
ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងថា កាស៊ីណូហេងហេងដែលមានទីតាំងស្ថិត នៅជាប់នឹងច្រកទ្វារអន្ដរជាតិត្រញំងស្រែ-វ៉ាលី ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ បន្ទាប់ពីម្ចាស់កាស៊ីណូខាងលើនេះ បានបើកសង្វៀនបញ្ជល់មាន់ឱ្យពលរដ្ឋ និងជន ជាតិវៀតណាមចូលលេងតាមអំពើចិត្ដ ពិសេសនៅថ្ងៃរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ដែលប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាបណ្ដាថ្នាក់ដឹក នាំបានកាន់ព្រះរាជមរណទុក្ខចុងក្រោយយ៉ាងក្រៀមក្រំបំផុតថ្វាយចំពោះព្រះបរម រតនកោដ្ឋ បែរជាម្ចាស់កាស៊ីណូ មិនអនុវត្ដន៍ទៅតាមសារាចរណែនាំរបស់រដ្ឋាភិ បាល អនុញ្ញាតឱ្យភ្ញៀវចូលរាំច្រៀងកម្សាន្ដខារ៉ាអូខេក្នុងកាស៊ីណូនេះទៅវិញ ។
គេបានរាយការណ៍មកថា បន្ទាប់ពីកាស៊ីណូហេងហេង បើកក្លិបខារ៉ាអូខេក្នុងថ្ងៃ ដែលរាជរដ្ឋាភិបាលចេញសារាចរណែនាំ គេបានឃើញអាជ្ញាធរស្រុកស្នួលចុះទៅ ពិនិត្យផងដែរ ប៉ុន្ដែមិនដឹងជាយ៉ាងម៉េច បានជាកាស៊ីណូខាងលើបន្ដការបើកសង្វៀន បញ្ជល់មាន់ និងក្លិបខារ៉ាអូខេយ៉ាងគឃ្លើនបែបនេះ ។
ម្ចាស់កាស៊ីណូខាងលើត្រូវបានគេដឹងថា សង្វៀនបញ្ជល់មាន់ពីមុនជួលទៅឱ្យ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដក្រចេះជាអ្នកគ្រប់គ្រង តែបច្ចុប្បន្នបានជួលទៅឱ្យជនជាតិវៀតណាម ដូច្នេះអជ្ញាធរគួរមានវិធានការផង ដែរ ខណៈមានជនជាតិវៀតណាមបើកសង្វៀនបញ្ជល់មាន់ល្មើសច្បាប់ ។ ម្យ៉ាងវិញ ទៀត ការបើកក្លិបខារ៉ាអូខេក្នុងកាន់ព្រះរាជមរណទុក្ខ គឺការបំពានទៅនឹងសារាចរ រដ្ឋាភិបាល ពីព្រោះករណីនេះសូម្បីតែអាជ្ញាធរស្រុកក៏បានដឹកនាំកម្លាំងចុះទៅត្រួត ពិនិត្យ ប៉ុន្ដែជាលទ្ធផលការហាមឃាត់មិនទាន់ចេញជាផ្លែផ្កានូវឡើយទេ ។ ស្រប ពេលមានការបើកសង្វៀនបញ្ជល់មាន់ និងក្លិបខារ៉ាអូខេនៅតែបន្ដធ្វើអាជីវកម្ម បែបនេះ ៕
