បង្ក្រាប​ថ្នាំ​ញៀន​២​ករណី​នៅ​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៣​នាក់​

ដោយ​ ៖ ជា ស្រស់|ថ្ងៃទី 06 កុម្ភះ 2013 ម៉ោង 15:16:35

​ខេត្តសៀមរាប​ ៖​ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ការ​ជួញដូរ​គ្រឿងញៀន​ ខេត្តសៀមរាប​ បាន​បង្ក្រាប​ករណី​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​២​ករណី​ផ្សេង​គ្នា​ ដោយ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ និង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​។​

​នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ លោក​វរសេនីយ៍ត្រី​ អ៊ុំ​ សា​អាត​ បាន​ឲ្យ​ នគរវត្ត​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ថា​ កាលពី​យប់​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទឹក​វិល​ ក្រុង​សៀមរាប​ បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ក៏​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ ហម​ បុល​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ចក​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ក្រោយ​ពី​សមត្ថកិច្ច​រក​ឃើញ​នៅ​ជាប់​ខ្លួន​បុរស​រូប​នេះ​ មាន​កញ្ឆា​គ្រាម​ចំនួន​កន្លះ​ខាំ​ ។​ លោក​បន្ត​ថា​ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​មួយ​យប់​ ព្រឹក​ថ្ងៃ​ទី​០៥​ ខាង​នគរបាល​ប៉ុស្តិ៍​ទឹក​វិល​ ក៏​ប្រគល់​បុរស​ ហម​ បុល​ មក​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​។​

​លោក​ អ៊ុំ​ សា​អាត​ បន្ត​ថា​ ក្រោយ​ពី​សាកសួរ​ បុរស​ ហម​ បុល​ បាន​ឆ្លើយ​ថា​ គាត់​បាន​ទិញ​កញ្ឆា​នេះ​ពី​ឈ្មោះ​ ជឹ​ម​ សុខា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោក​ស្នួល​ ឃុំ​ខ្នាត​ ស្រុក​ពួក​ ខេត្តសៀមរាប​។​ ដោយ​បាន​ចម្លើយ​យ៉ាង​ដូច្នេះ​ នគរបាល​ក៏​បាន​ឃាត់ខ្លួន​បុរស​ឈ្មោះ​ ជឹ​ម​ សុខា​ នេះ​ជា​បន្ត​ទៀត​។​

​ លោក​វរសេនីយ៍ត្រី​ អ៊ុំ​ សា​អាត​ បន្ត​ថា​ ក្រោយ​ពី​ការ​សាកសួរ​ និង​ដោយ​មានការ​អនុញ្ញាត​ពី​តំណាង​ អយ្យការ​ផង​នោះ​ នគរបាល​បាន​សម្រេច​ដោះ​លែង​បុរស​ឈ្មោះ​ ហម​ បុល​ វិញ​ ដោយ​គ្រាន់តែ​អប់រំ​ឲ្យ​ បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​(​កញ្ឆា​)​ទៀត​ បើ​ឃាត់ខ្លួន​បាន​លើក​ទី​២​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​ លោក​បន្ត​ថា​ ដោយឡែក​បុរស​ឈ្មោះ​ ជឹ​ម​ សុខា​ ដែល​ជា​អ្នកលក់​កញ្ឆា​នោះ​ ត្រូវ​បាន​នគរបាល​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ ពី​បទ​ចែកចាយ​ និង​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​។​

​ករណី​ដោយឡែក​មួយទៀត​ បុរស​ម្នាក់​ដែល​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ដ៏​សកម្ម​នៅ​ក្នុង​ ក្រុង​សៀមរាប​ ត្រូវ​បាន​នគរបាល​ឃាត់​ខ្ឡួ​ន​ កាលពី​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​ក្នុងភូមិ​វាល​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

​ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​នេះ​មាន​ ឈ្មោះ​ រិ​ន​  រ៉ា​  ភេទ​ ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ ខាងលើ​ ។​ លោក​វរសេនីយ៍​ ត្រី​ អុំ​ សា​អាត​ ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​នេះ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ធ្វើការ​តាមដាន​ជា​យូរ​មក​ហើយ​ ៕