ពិធី​សម្ពោធ​ស្ដូប​គោរព​វិញ្ញាណក្ខន្ធ​ជាតិ​និង​អន្ដរជាតិ​ដែល​បាន​ស្លាប់​និង​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា​១៩៧០-១៩៧៥

ដោយ​ ៖ ប្រាថ្នា ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 17:37:26

​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​សួនច្បារ​មុខ​សណ្ឋាគារ​ ឡឺ​ រ៉ូ​យ៉ា​ល់​ មាន​រៀបចំ​ពិធី​សម្ពោធ​ស្ដូប​  សម្រាប់​គោរព​វិញ្ញាណក្ខន្ធ​អ្នកកាសែត​ ជាតិ​ និង​អន្ដរជាតិ​ដែល​បាន​ស្លាប់​និង​បាត់​ ខ្លួន​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា​ឆ្នាំ​ ១៩៧០-១៩៧៥​ ។​

​ពិធី​នេះ​មានការ​ចូលរួម​ជា​អធិបតី​ពី​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ ព័ត៌មាន​,​ លោក​ ឆាំង​ សុង​ អតីតរដ្ឋមន្ដ្រី​ ក្រសួង​ឃោសនាការ​ សម័យ​សាធារណ​ រដ្ឋ​ខ្មែរ​(​របប​លន់​ លន់​)​ និង​មានការ​ចូល​ រួម​ពី​អ្នកកាសែត​ជាតិ​ អន្ដរជាតិ​ប្រមាណ​ ជាង​២០០​នាក់​ផង​ដែរ​ ។​

​ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ លោក​ ឆាំង​ សុង​ អតីតរដ្ឋមន្ដ្រី​ក្រសួង​ឃោសនាការ​ សម័យ​សាធារណរដ្ឋ​ខ្មែរ​នៃ​របប​លន់​ លន់​ បាន​លើក​ឡើង​អំពី​ជីវប្រវត្ដិ​អ្នកកាសែត​ ជាតិ​និង​អន្ដរជាតិ​ជា​ច្រើន​ បាន​ធ្វើ​ពលិកម្ម​  យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ បាន​ស្លាប់​និង​បាត់​ខ្លួន​អស់​ជា​ច្រើន​នាក់​ ។​ លោក​ ឆាំង​ សុង​ បាន​បញ្ជាក់​ថា​ មក​ដល់​ ពេល​នេះ​ អ្នកកាសែត​ជាតិ​ ជា​ពិសេស​ អ្នកកាសែត​អន្ដរជាតិ​មក​ពី​បណ្ដា​ប្រទេស​ ជា​ច្រើន​ដូច​ជា​ ជប៉ុន​,​ បារាំង​,​ អា​មេ​រិ​ក​,​ ហ្វី​លី​ពី​ន​,​ ថៃ​...​នៅ​បាត់​ខ្លួន​រក​មិន​ទាន់​ ឃើញ​នៅឡើយ​ ដូច្នេះ​ហើយ​ទើប​យើង​ ប្រារឰ​ពិធី​ក្នុងថ្ងៃនេះ​ ដើម្បី​រំលឹក​ដួង​ វិញ្ញាណក្ខន្ធ​អ្នក​ទាំងនោះ​ដែល​ស្លាប់​ និង​ បាត់​ខ្លួន​ ដោយ​បាន​ធ្វើ​ជា​ស្ដូប​មួយ​នេះ​ ឡើង​សម្រាប់​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​ អ្នក​ទាំងនោះ​ ព្រមទាំង​ចារឹក​ទុក​កេរ្ដិ៍ឈ្មោះ​ ឱ្យ​ក្រុម​គ្រួសារ​អ្នក​ទាំងនោះ​ឱ្យ​បាន​ ដឹងផង​ ។​

​ជាមួយ​គ្នា​នោះ​ដែរ​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ បញ្ជាក់​ឱ្យ​ ដឹង​ថា​ យើង​យក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ធ្វើ​ជា​ ទិវា​រំលឹក​គុណ​ដល់​អ្នកកាសែត​ប្រយោជន៍​ ឱ្យ​ជនជាតិ​បរទេស​បានដឹង​ បាន​ស្គាល់​ អំពី​ការ​យកចិត្ដទុកដាក់​របស់​រាជរ​ដ្ឋា​ភិ​ បាល​ លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​ កម្ពុជា​ ។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ ការ​ធ្វើ​ស្ដូប​ នេះ​ឡើង​ គឺ​ស្រប​ពេល​ដែល​អ្នកកាសែត​ បរទេស​ដែល​ធ្លាប់​ធ្វើការ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ មក​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​បរមសព​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ​ បាន​គោរព​វិញ្ញាណក្ខន្ធ​អ្នកកាសែត​ដែល​បាន​ស្លាប់​និង​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​  សម័យ​ លន់​ លន់​ និង​ម្យ៉ាងទៀត​គឺ​មាន​ ផល​ចំណេញ​ជា​ច្រើន​ដូច​ជា​ យើង​ទុក​ស្នា​ដៃ​ឱ្យ​ក្រុម​គ្រួសារ​អ្នកកាសែត​ដែល​បាន​ ស្លាប់​និង​បាត់​ខ្លួន​មក​ គោរព​វិញ្ញាណក្ខន្ធ​ នៅ​ស្ដូប​មួយ​នេះ​ ។​ លើស​ពី​នេះ​ទៀត​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​វិស័យ​ព័ត៌មាន​នៅ​ កម្ពុជា​ត្រូវ​បាន​យកចិត្ដទុកដាក់​ដោយ​ រាជរដ្ឋាភិបាល​ ដូច្នេះ​ហើយ​ទើប​យើង​ សាង​ស្ដូប​នេះ​នៅ​ខាងក្រោយ​អតីត​ក្រសួង​ ឃោសនាការ​ចាស់​និង​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​ ប្រយោជន៍​ឱ្យ​ភ្ញៀវ​ដែល​មក​កម្សាន្ដ​នៅ​ កម្ពុជា​ដែល​ចូល​សម្រាក​នៅ​សណ្ឋាគារ​ ឡឺ​រ៉ូ​យ៉ា​ល់​បានដឹង​និង​បានឃើញ​ផង​ដែរ​ ៕