
មួយយប់មានករណីប្លន់ម៉ូតូបានសម្រេច២ករណីក្នុងរយៈពេល១ម៉ោងនៅសង្កាត់ទឹកថ្លា
ដោយ ៖ អ៊ុំណូន ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 07:54:31
ភ្នំពេញៈ ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២មួយគ្រឿង ត្រូវបានក្រុមចោរមានគ្នា៤នាក់បានភ្ជង់និងគំរាម ប្លន់ពីគូស្នេហ៍មួយគូដែលទើបនឹងជិះមកពីដើរកម្សាន្តហើយត្រឡប់ទៅផ្ទះវិញបានសម្រេច កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះរើន សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជាកីឡាករជម្រើសជាតិបាល់ទះ ស្នាក់នៅសង្កាត់ ព្រែកប្រា ខណ្ឌមានជ័យ រីឯនារីជាសង្សារមានឈ្មោះណារី អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះ ជួលភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវក្រុមចោរមានគ្នា៤នាក់គំរាមភ្ជង់ប្លន់យកម៉ូតូបាន សម្រេចម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-6872 ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ខ្លួនបានជូននារីជាសង្សារដើរកម្សាន្តដល់ក្រុងតាខ្មៅ លុះដល់វេលាម៉ោង១០យប់ក៏ជូនត្រឡប់មកវិញតាមផ្លូវលំកន្លែងស្ងាត់ក៏មានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកស្គូពីនិង១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូបានសម្រេចតែម្តង។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។
ដោយឡែកករណីប្លន់មួយលើកទៀតបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវលំម្ដុំទល់មុខសាលាយ៉ាម៉ាមិតុ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយម៉ូតូដែលក្រុមជនសង្ស័យប្លន់យកទៅនោះម៉ាកស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ កណ្ដាល 1L-1696។
ក្រុមចោរបានធ្វើសកម្មភាពប្លន់ដោយយកមួកសុវត្ថិភាពវាយនារីរងគ្រោះគំរាមយកម៉ូតូបានសម្រេច។
ក្រោយកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា។
គួរបញ្ជាក់ថា ក្រុមចោរដែលតែងតែធ្វើសកម្មភាពឆ្លៀតឱកាសពេលសមត្ថកិច្ចមមាញឹកនឹងពិធីបុណ្យព្រះបរមសព ក៏ធ្វើសកម្មភាពនៅតាមទីកន្លែងស្ងាត់ ។ សមត្ថកិច្ចក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយ ខ្លួនឯងពេលនៅកន្លែងស្ងាត់និងក្នុងថ្ងៃមានពិធីបុណ្យព្រះបរមសព៕
