មាន​អ្នក​រត់ការ​ចង់​ដោះ​លែង​ឪពុក​​និង​កូនប្រុស​ប្រើ​អាវុធ​ច្នៃ​ខុសច្បាប់​

ដោយ​ ៖ សហការី|ថ្ងៃទី 07 កុម្ភះ 2013 ម៉ោង 08:44:43

​ខេត្ដសៀមរាប​ ៖​ តាម​ប្រភព​ព័ត៌មាន​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ឪពុក​និង​កូន​ដែល​ ជាប់ចោទ​ប្រើប្រាស់​អាវុធ​ច្នៃ​ខុសច្បាប់​ និង​កាប់​រាន​ព្រៃ​ មាន​គេ​កំពុង​រត់ការ​ ដើម្បី​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ ក៏​ប៉ុន្ដែ​ អ្នក​រត់ការ​នៅ​ពុំ​ទាន់​សម្រេច​បំណង​នៅ​ ឡើយ​ទេ​ ហើយ​ជនជាប់ចោទ​ឪពុក​កូន​ក៏​ កំពុង​ស្ថិត​នៅ​កន្លែង​ឃុំឃាំង​នៅឡើយ​ ។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៣​ សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​ បាន​ឃាត់ខ្លួន​ឪពុក​កូន​ទាំង​២​នាក់​នេះ​តាម​ បញ្ជា​លោក​ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្ដសៀមរាប​ នៅ​ចំណុច​វាល​ត្រ​ញំ​ង​ ខ្នារ​ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង​ខ្នារ​ ឃុំ​-​ស្រុក​ ស្វាយ​លើ​ ខេត្ដសៀមរាប​ ។​

​ជនសង្ស័យ​ឪពុក​ឈ្មោះ​ អ៊ា​ន​ ឌន់​ អាយុ​៥៦​ឆ្នាំ​ និង​កូនប្រុស​ឈ្មោះ​ ដួង​ សុ​កាន​ អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ គោក​មន​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្ដសៀមរាប​ ។​ ជនសង្ស័យ​ត្រូវ​បាន​ ឃាត់ខ្លួន​ ខណៈ​បាន​ទៅ​ដណ្ដើម​កាន់កាប់​ ដី​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ ចំណុច​កើតហេតុ​ខាងលើ​ ដោយ​រក​ឃើញ​ កាំភ្លើង​កែ​ច្នៃ​១​ដើម​ព្យួរ​នៅ​ក្នុង​រោង​ ដែល​គេ​សង្ស័យ​ថា​ រក្សា​ទុក​ដើម្បី​គំរាម​ ដល់​ពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ ។​

​ក្រៅពី​ដកហូត​កាំភ្លើង​ច្នៃ​សមត្ថកិច្ច​ រក​ឃើញ​រណារ​យន្ដ​១​គ្រឿង​ ព្រម​ជាមួយ​ កាំបិត​ពូថៅ​បម្រើ​ឱ្យ​សកម្មភាព​បំផ្លិច​ បំផ្លាញ​ព្រៃ​នៅ​តំបន់​នោះ​ ។​ ​ក្រោយ​ពី​ការ​ឃាត់ខ្លួន​និង​ដកហូត​វត្ថុ​ តាង​ដូច​មាន​ខាងលើ​ សមត្ថកិច្ច​បាន​ បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​នា​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៣​ ហើយ​ លោកស្រី​ ឈួ​ន​ សុភា​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ដសៀមរាប​ បាន​ សម្រេច​ចោទប្រកាន់​ឪពុក​និង​កូន​២​នាក់​ នេះ​ ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​ កាប់​រាន​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​ដោយ​ខុសច្បាប់​ បញ្ជូន​ឱ្យ​លោក​ លី​ សុខ​លេង​ ចៅក្រម​ ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដសៀមរាប​ ទើប​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ បណ្ដោះអាសន្ន​ រង់ចាំ​ថ្ងៃ​សវនាការ​មក​ ដល់​ ។​

​ក្រោយ​ការ​ឃាត់ខ្លួន​ឪពុក​និង​កូន​ទាំង​២​នាក់​ខាងលើ​នេះ​ គេ​បានដឹង​ថា​មាន​ មនុស្ស​៣-៤​នាក់​និង​មាន​អតីត​ប្រធាន​ ក្រុមប្រឹក្សា​ឃុំ​មួយ​រូប​នៅ​ក្នុងស្រុក​សូទ្រ​និគម​ បាន​ចេញ​មុខ​ដ៏​សកម្ម​បំណង​រត់​ ការ​ឱ្យ​ជនសង្ស័យ​ឪពុក​និង​កូន​បាន​នៅ​ក្រៅ​ឃុំ​ ។​

​ទាក់ទិន​នឹង​អតីត​ប្រធាន​ក្រុមប្រឹក្សា​ ឃុំ​នៅ​ក្នុងស្រុក​សូត្រ​និគម​ស្វះស្វែង​រត់​ ការ​ដោះ​លែង​ជន​ប្រើប្រាស់​អាវុធ​ច្នៃ​នេះ​ ដែរ​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​នៅ​រសៀល​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ម្សិលមិញ​នេះ​ មិន​អាច​ ស្វែងរក​ការ​ពន្យល់​ពី​អតីត​ប្រធាន​ក្រុម​ ប្រឹក្សា​ឃុំ​រូប​នេះ​បាន​ទេ​ ។​ ទោះជា​យ៉ាង​ នេះ​ក្ដី​ ជនជាប់ចោទ​ឪពុក​និង​កូន​ ពេល​ នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរឃុំឃាំង​នៅ​ ឡើយ​ តែ​យ៉ាងណា​គេ​ជឿ​ថា​ តុលាការ​ នឹង​មិន​ដោះ​លែង​ឪពុក​និង​កូន​ទាំង​២​នាក់​ នេះ​ទេ​ ព្រោះ​សមត្ថកិច្ច​បាន​ប្រឹងប្រែង​ បង្ក្រាប​អត់បាយ​អត់​ទឹក​ ហើយ​រឿង​កាប់​ រាន​ព្រៃ​នៅ​តំបន់​ខាងលើ​ ធ្វើ​ឱ្យ​ប្រជា​ពល​ រដ្ឋ​ម្ចាស់​កម្មសិទ្ធិ​ដី​ក៏​ដូច​ជា​អាជ្ញាធរ​ឈឺក្បាល​មិន​តិច​នោះ​ដែរ​ ៕