
ទំនាស់ផ្ទៃក្នុងវិទ្យាល័យ១០ មករា ១៩៧៩ធ្លាយរឿងពុករលួយរបស់លោកនាយកសាលា
ដោយ ៖ ឡាំ សុធា ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 08:51:59
ខេត្ដសៀមរាប ៖ លោក កែវ សូ នាយកវិទ្យាល័យ១០មករា១៩៧៩ ត្រូវបានលោក ស៊ី ណា គ្រូបង្រៀនផ្នែកភាសាអង់គ្លេសថ្នាក់ទី១១ និងទី១២នៅក្នុង វិទ្យាល័យនេះគ្រោងដាក់ពាក្យបណ្ដឹងទៅមន្ទីរអប់រំខេត្ដសៀមរាប និងអង្គភាពប្រឆាំងអំពើពុករលួយ ខណៈដែលលោក កែវ សូ បានដកតួនាទីរបស់លោក និង បានប្រព្រឹត្ដអំពើពុករលួយយ៉ាងច្រើន នៅក្នុងវិទ្យាល័យមួយនេះ ។
លោក ស៊ី ណា បានរៀបរាប់ថា ការដែលលោក កែវ សូ ដករូបលោកចេញ ពីប្រធានក្រុមបច្ចេកទេសនេះ ដោយ ចោទរូបលោកថាមិនបានយកចិត្ដទុក ដាក់ក្នុងការបង្រៀន និងថា លោកបានបង្រៀនសិស្សមិនបានប៉ុន្មាននាទីផងក៏ ស្រាប់តែទារលុយពីសិស្សក្នុងម៉ោង បង្រៀនរដ្ឋ និងចោទលោកទៀតថាបាន ណែនាំអស់រយៈពេល៣ឆ្នាំមកហើយ តែនៅមិនព្រមស្ដាប់ ។
លោក ស៊ី ណា បានបន្ដថា ការដែល លោក កែវ សូ ចោទរូបលោកមិនយក ចិត្ដទុកដាក់ក្នុងការបង្រៀនសិស្សគឺជា រឿងមួយមិនពិតទេ។ កន្លងមកលោក បានខិតខំប្រឹងប្រែងបង្រៀនសិស្សយ៉ាង យកចិត្ដទុកដាក់បំផុត និងទៀងទាត់ពេល វេលាដើម្បីកិត្ដិយស និងទទួលការសរសើរ ពីសិស្សថា រូបលោកជាគ្រូល្អម្នាក់ បើ មិនពិតអាចសួរសិស្សរបស់លោកបាន។ ម្យ៉ាងទៀតលោក កែវ សូ ចោទប្រកាន់ លោកថា ចូលបង្រៀនមិនបានប៉ុន្មាន នាទីពិតក៏ស្រាប់តែទារលុយសិស្សក្នុង ម៉ោងបង្រៀនរដ្ឋ ចំណុចនេះរឹតតែខុសពី ការពិតថែមទៀត គឺនិយាយបង្ខូចកិត្ដិ យសរបស់លោកដើម្បីយកលេសដក តួនាទីលោកតែប៉ុណ្ណោះ ដោយភាពរើសអើង ។
តាមពិតក្នុងនាមលោកជាគ្រូបង្រៀន ម្នាក់ លោកមានឧត្ដមគតិស្រឡាញ់ កិត្ដិយស រូបលោកមិនបានធ្វើបែបនេះ ទេ គឺមានតែស្រឡាញ់ និងមានធម៌មេត្ដា ដល់សិស្សក្រីក្រ ហើយខិតខំបង្រៀន ដោយយកចិត្ដទុកដាក់បំផុត ដើម្បីឱ្យ សិស្សមានចំណេះដឹងផ្នែកភាសាអង់ គ្លេសយកទៅប្រើការនាពេលអនាគត ។
ម្យ៉ាងទៀតពាក្យដែលលោក កែវ សូ ថា បានហៅលោកទៅណែនាំអស់រយៈ ពេល៣ឆ្នាំមកហើយ ប៉ុន្ដែមិនព្រមស្ដាប់ នោះគឺជារឿងបំផ្លើសទាំងស្រុង ធាតុពិត លោកមិនបានធ្វើអ្វីខុសនោះទេ ហើយ លោកកែវ សូ ក៏មិនដែលបានហៅលោក ទៅណែនាំសូម្បីតែមួយដង ព្រោះលោក គ្មានកំហុស ។
លោក ស៊ី ណា បានបន្ដថា ចាប់តាំង ពីរូបលោកឈានចូលមកបង្រៀននៅ វិទ្យាល័យនេះមានឋានៈជាគ្រូធម្មតាម្នាក់ រហូតលោកគ្រូអ្នកគ្រូស្រឡាញ់រូបលោក បោះឆ្នោតឱ្យលោកធ្វើជាប្រធានក្រុមបច្ចេកទេស ។
លោក ស៊ី ណា បានបន្ដទៀតថា មានគ្រូមួយចំនួនបង្រៀនខ្វះម៉ោងរដ្ឋ តែបែរជាមានឈ្មោះបង្រៀនលើសម៉ោង ដោយសារការប្រព្រឹត្ដអំពើពុករលួយ ពេញទីរបស់លោកនាយកសាលា ឈ្មោះ កែវ សូ នេះ ។
ចំពោះសិស្សដាក់ពាក្យចូលរៀន លោកនាយកសាលារូបនេះតម្រូវឱ្យ សិស្សបង់ប្រាក់ក្នុងម្នាក់៥.០០០រៀល ដោយ យកលេសថា យកប្រាក់ទៅឧបត្ថម្ភនេះ ឧបត្ថម្ភនោះមិនចេះចប់ជារៀងរាល់ឆ្នាំ។ ចំណែកសិស្សដែលផ្ទេរការសិក្សាពី សាលាផ្សេងចូលមកវិទ្យាល័យ១០មករា ១៩៧៩ គាត់(នាយកសាលា)តម្រូវឱ្យ សិស្សបង់ប្រាក់ក្នុងម្នាក់១៥ដុល្លារ ហើយ សិស្សដែលមានលុយចង់ប្ដូរថ្នាក់រៀនត្រូវ ចំណាយលុយពី១០ទៅ២០ដុល្លារក្នុង សិស្សម្នាក់ ។ ចំពោះសិស្សដែលជាកូន អ្នកមាន លោក កែវ សូ បានប្រមូលផ្ដុំ ឱ្យបក្ខពួករបស់គាត់បង្រៀនដោយមាន លេសថា គ្រូទាំងនេះគេខំប្រឹងប្រែងធ្វើ ការល្អ តាមពិតអ្នកដែលបង្រៀនល្អ និង មានមនសិការការងារពិតប្រាកដមិន ដែលបានទៅបង្រៀនថ្នាក់កូនអ្នកមាន ទាំងនោះទេ គឺនាយកសាលាឱ្យទៅបង្រៀនថ្នាក់ កូនអ្នកក្រីក្រដែលមានចំនួនសិស្ស៣០ នាក់ ប៉ុន្ដែថ្នាក់A, B សម្រាប់កូនអ្នក មានរៀន គឺមានសិស្សច្រើនចាប់ពី៧០ នាក់ទៅ៨០នាក់ ។
ដោយឡែកចំពោះថវិកា PB (ពីមុន ហៅ PAP ) ចាប់តាំងពីលោក កែវ សូ ឡើងធ្វើជានាយកសាលាមកមិនដែល បានផ្សព្វផ្សាយ ឬផ្ដល់ដំណឹងដល់លោក គ្រូអ្នកគ្រូបានដឹងឡើយ គឺថវិកានេះ លោក កែវ សូ អត្ដនោម័តចាយវាយ តែម្នាក់ឯងដូចជាថវិកាផ្ទាល់ខ្លួន និង បានយកលុយចំណូលពីតូបលក់ដូរនៅក្នុង បរិវេណសាលារៀនក្នុងមួយឆ្នាំជាង១ម៉ឺន ដុល្លារមកចាយវាយ យកធ្វើសម្ភារបាញ់ ស្លាកPB បន្ដិចបន្ដួចដើម្បីបន្លំភ្នែក លោកគ្រូ អ្នកគ្រូ និងជាលេសមួយងាយ ស្រួលដោះស្រាយនៅពេលដែលក្រសួង អប់រំចុះមកពិនិត្យម្ដងៗ ។
លោក ស៊ី ណា បានបញ្ជាក់ទៀតថា ជាក់ស្ដែងចាប់តាំងពីលោក កែវ សូ ឡើងធ្វើជានាយកសាលាមកមិនដែល បានផ្សព្វផ្សាយនូវថវិកាចំណូលចំណាយ ឱ្យលោកគ្រូ អ្នកគ្រូបានដឹងនោះទេ គឺមួយ ថ្ងៃៗរូបគាត់គិតតែពីរកល្បិចធ្វើឯកសារ ក្លែងក្លាយដើម្បីបន្លំភ្នែកក្រសួង ។
ចំពោះប្រាក់បានមកពីការផ្ញើកង់ ម៉ូតូពីមុនធ្លាប់ឧបត្ថម្ភលោកគ្រូអ្នកគ្រូ ខ្លះ ប៉ុន្ដែក្នុងឆ្នាំនេះគ្មានទេ ហើយដំឡើង ថ្លៃផ្ញើកង់ម៉ូតូ ដែលកង់ពីមុនផ្ញើតែ១០០ រៀល តែពេលនេះឡើងថ្លៃ២០០រៀល និងម៉ូតូពីមុន២០០រៀល ពេលនេះឡើង ថ្លៃ៣០០រៀល ស្របពេលដែលលោក នាយកសាលារូបនេះជិតចូលនិវត្ដន៍នា ពេលខាងមុខ ។ ថិវកាដែលបានមកពីការ ផ្ញើកង់ ម៉ូតូ ក្នុងមួយខែពី៨-៩លាន រៀលលោកនាយកចាយតែម្នាក់ឯង ។
លោក ស៊ី ណា បានបន្ថែមថា ចំពោះ សិស្សថ្នាក់ទី១២ បើអវត្ដមានពី៣០ទៅ ៤០ដងគ្មានឈ្មោះប្រឡងឆមាស ប៉ុន្ដែ បើចង់ប្រឡងទាល់តែមានលុយពី៧០ ទៅ៨០ដុល្លារឱ្យលោកនាយក ទើបបាន ប្រឡង។ ចំពោះសិស្សប្រឡងកុងគួ បើអវត្ដមានមិនបានមកប្រឡងទាល់តែឱ្យ លុយលោកនាយកពី១០០-២០០ដុល្លារ ទើបអាចមានឈ្មោះប្រឡងឡើងថ្នាក់ បាន ចំពោះសិស្សថ្នាក់ទី៧, ៨ ,១០ និង ថ្នាក់ទី១១ ។
បើតាមប្រភពពីលោកគ្រូអ្នកគ្រូ មួយចំនួនដែលបង្រៀននៅវិទ្យាល័យ១០ មករា ១៩៧៩បាននិយាយថា រាល់ការប្រជុំ ម្ដងៗ លោក កែវ សូ និយាយគ្មានទិស តំបន់តែម្នាក់ឯងដោយមិនអនុញ្ញាតឱ្យ លោកគ្រូ អ្នកគ្រូបញ្ចេញយោបល់ឡើយ និងមានពេលខ្លះនិយាយវាយតម្លៃការ គ្រប់គ្រងនៅតាមសាកលវិទ្យាល័យCUS បោះពាក្យសុំអាហារូបករណ៍ចោលនៅ មុខអង្គប្រជុំ និងគំរាមលោកគ្រូអ្នកគ្រូ ណាដែលហ៊ានយកសម្ដីទៅចុះផ្សាយ តាមកាសែតគាត់នឹងបញ្ជូនឈ្មោះទៅឱ្យ ក្រសួងលុបឈ្មោះចោលតែម្ដង ។
ទាក់ទិននឹងអំពើពុករលួយនៅវិទ្យា ល័យ១០មករា១៩៧៩ ខេត្ដសៀមរាប នេះ លោកកែវ សូ បានឱ្យអ្នកយកព័ត៌ មានដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ថា ការដកលោក ស៊ី ណា ចេញពីប្រធានក្រុមបច្ចេកទេស គឺមានការប្រជុំក្រុមប្រឹក្សាវិន័យជិត២០ នាក់ ដែលបានអនុម័តឱ្យដកចេញ គឺមិន បានដកតាមតែចិត្ដលោកនោះទេ។ ចំណែកគេចោទលោកពុករលួយនោះ លោកមិនខ្លាចកាសែតចុះផ្សាយឡើយ ហើយលោកនឹងរង់ចាំមើលអ្នកណាផ្ដល់ ព័ត៌មានឱ្យអ្នកកាសែតផ្សាយលោកនឹង កាន់កាសែតប្ដឹងបុគ្គលិកដែលផ្ដល់ព័ត៌ មាននោះតែម្ដង ។
ចំណែកលោក អ៊ុង សេរីឌី ប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀម រាបមិនអាចសុំការបំភ្លឺជុំវិញករណីចោទ ប្រកាន់អំពើពុករលួយខាងលើនេះបាន ទេ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល ៕
