ជនសង្ស័យ​ល្មោភកាម​ម្នាក់​ឆ្លើយ​ថា​មក​ពី​ផឹក​ស្រវឹង​រំលោភ​ក្មេង​អាយុ​៥​ឆ្នាំ​

ដោយ​ ៖ ​ វណ្ណៈ​ ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 09:16:43

​ខេត្ដកំពង់ចាម​ ៖​ ជនសង្ស័យ​ចិត្ដ​តិរច្ឆាន​ម្នាក់​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​  បន្ទាប់​ពី​រូបគេ​និង​មិត្ដភក្ដិ​៨​នាក់​ទៀត​ បាន​ផឹកស្រា​បៀរ​អស់​៥​កេស​ ហើយ​បាន​ឆ្លើយ​សារភាព​ថា​ មក​ពី​ស្រវឹង​ ។​ ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​ចំណុច​លើ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ ក្នុងភូមិ​ ត្រ​ពាំង​កក់​ ឃុំ​អូរ​ស្វាយ​ ស្រុក​កំពង់សៀម​ ខេត្ដកំពង់ចាម​ ។​

​ជនសង្ស័យ​ចិត្ដ​តិរច្ឆាន​ខាងលើ​មានឈ្មោះ​ ណុ​ល​ តុល​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ ម​.​ស​.​ណ​ អាយុ​៥​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ។​

​តាម​សារភាព​របស់​ជនសង្ស័យ​ថា​ មក​ពី​គេ​ផឹកស្រា​បៀរ​ស្រវឹង​អស់​ចំនួន​៥​កេស​ ជាមួយ​មិត្ដភក្ដិ​៨នាក់​ទៀត កាលពី​ល្ងាច​ម៉ោង​៥​ នៅ​រោង​លក់​អីវ៉ាន់​ចាបហួយ​ក្នុងភូមិ​ លុះ​ស្រវឹង​គេ​ក៏​បើក​ម៉ូតូ​ទៅ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ ធ្វើ​សកម្មភាព​រំលោភ​តែ​ម្ដង​ ។ បច្ចប្បន្នជនសង្ស័យត្រូវនគរបាលស្រុកកំពង់សៀម ឃាត់ខ្លួនតាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕