
ក្រុមការងារមន្ទីរធនធានទឹកខេត្ដព្រៃវែងបូមទឹកសង្គ្រោះស្រូវប្រជាកសិករ
ដោយ ៖ សិលា ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 10:00:16
ខេត្ដព្រៃវែង ៖ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ដព្រៃវែង បានចុះបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ ប្រជាកសិករនៅស្រុកចំនួន៣ ក្នុងខេត្ដព្រៃវែង ចាប់តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ មកទល់ពេលនេះ សង្គ្រោះស្រូវប្រាំងបានចំនួន ១.២៨០ហិកតា ។ នេះបើតាមការឱ្យដឹងពីលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្ដព្រៃវែង ។
លោកប្រធានមន្ទីរបានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកស្វែងរកប្រភពទឹកសម្រាប់ស្រោចស្រពទៅលើដីស្រែ របស់ប្រជាកសិករ ក្រុមការងាររបស់លោក បានយកម៉ាស៊ីនបូមទឹកចំនួន៤គ្រឿង បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងស្រុក បាភ្នំ ស្រុកពាមជ័រ និងស្រុកពាមរ៍ គឺម៉ាស៊ីនបណ្ដែតរបស់សម្ដេចហ៊ុនសែន មានចំនួន៣គ្រឿង និងម៉ាស៊ីនរបស់ក្រសួង ធនធានទឹកចំនួន១គ្រឿង ដែលមកទល់នឹងពេលនេះ ជាលទ្ធផលសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករបានចំនួន ១.២៨០ហិកតា ។
លោក ជុំ សុភី បានបន្ដថា ជាគោលការណ៍របស់លោករដ្ឋមន្ដ្រីតែងតែជំរុញឱ្យក្រុមការងារតាមមន្ទីរយកចិត្ដទុកដាក់ នាំប្រភពទឹកទៅស្រោចស្រពដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ដូច្នេះក្រុមការងាររបស់លោកនៅតែបន្ដសកម្មភាពបូម ទឹកសង្គ្រោះស្រូវប្រាំង ទៅលើទីតាំងចំនួន៤ របស់ស្រុកបាភ្នំ ស្រុកពាមជ័រ និងស្រុកពារ៍ ពីព្រោះស្រូវរបស់ពួកគាត់ មិនទាន់ទុំ ដូច្នេះចាំបាច់ត្រូវការទឹក ។
ប្រជាកសិករក៏បានសម្ដែងការត្រេកអរនូវអ្វីដែលក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ដ បានយកចិត្ដ ទុកដាក់សម្រួលដល់ការលំបាករបស់ពួកគាត់ តាមរយៈការអន្ដរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់ មានលក្ខណៈល្អប្រសើរជាងពេលមុនៗ មិនខុសពីអ្វីដែលថ្នាក់ដឹកនាំតែងតែចាត់ថា ទុក្ខលំបាករបស់ប្រជាកសិករ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ដូច្នេះទីតាំងដីស្រែចម្ការ ដែលធ្លាប់តែជួបប្រទះបញ្ហា អត់ទឹកសម្រាប់ស្រោចស្រព ពេលនេះទទួលបានប្រភពទឹក រួមទាំងការចុះបូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋ ដោយក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្ដព្រៃវែងទៀតផង ៕
