
សង្វៀនភ្នាល់ប៊ូលដ៏ធំមួយកំពុងដំណើរការនៅភូមិថ្មីសង្កាត់ដង្កោ
ដោយ ៖ ហេង សូរិយា ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 10:02:43
ភ្នំពេញ ៖ ទីតាំងលេងប៊ូលភ្នាល់ដ៏ល្បី មួយកំពុងដំណើរការនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអ្នកលេងជាច្រើនជាមន្ដ្រីរាជការនៅ សាលាសង្កាត់ និងសាលាខណ្ឌ ។ សង្វៀននេះត្រូវគេពិពណ៌នាថា មានលក្ខណៈស្ដង់ដារក្នុងការភ្នាល់ ពីព្រោះតម្លៃនៃ ការភ្នាល់រាប់សិបម៉ឺនរៀល ។
អ្នកលេងក៏ភ្នាល់ អ្នកទៅមើលក៏ភ្នាល់ ដែលបង្ហាញឱ្យឃើញថា វាកំពុងទាក់ ទាញបាននូវការចាប់អារម្មណ៍ពីមហាជន ទូទៅ ហើយចំណូលថ្មីដែលទៅអើតឈ្ងោក នៅទីនោះក៏តែងតែជះទ្រព្យសម្បត្ដិចោល មិនស្ទើរនោះដែរ ។ របៀបនៃការគាប ស៊ីកំពុងកើតមាននៅក្នុងតារាងប៊ូលនៅ ភូមិថ្មី សង្កាត់ដង្កោ ។
កន្លែងភ្នាល់ប៊ូលខាងលើនេះ បើគេ ពិនិត្យពីខាងក្រៅហាក់ដូចជាកន្លែងហាត់ ប្រាណ ឬកន្លែងលេងកីឡាធម្មតា ពីព្រោះ អ្នកដែលទៅលេងនៅទីនោះភាគច្រើន ជាមន្ដ្រីនៅសាលាសង្កាត់ ប៉ុន្ដែនៅពេល ទៅដល់កន្លែងលេង ទើបដឹងថា ជាវេទិកា ភ្នាល់ដ៏ធំមួយ ។
អ្នករស់នៅជិតខាងទីតាំងខាងលើនេះ បានឱ្យដឹងថា ពួកអ្នកលេងភ្នាល់ប៊ូលទាំង នោះស្រែកហ៊ោកញ្ជ្រៀវមើលទៅគួរឱ្យ សប្បាយរីករាយសម្បើមណាស់ ។ គេមិន ដឹងថា តើអាជ្ញាធរសង្កាត់ដង្កោបានដឹង អំពីចំណុចអសកម្មនេះឬយ៉ាងណាទេ ? ៕
