
នាវា LOGOS HOPE នាំយកសៀវភៅអាន៥.០០០មុខដើម្បីឱ្យពលរដ្ឋកម្ពុជាសិក្សាឈ្វេងយល់
ដោយ ៖ សហការី ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 14:35:23
ខេត្ដព្រះសីហនុ ៖ នាវាផ្ទុកសៀវភៅ មួយគ្រឿងមានឈ្មោះ LOGOS HOPE បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយជោគជ័យ ។ នាវា LOGOS HOPE ចូលចតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋ មន្ដ្រី រាជការបានចូលអានសៀវភៅប្រមាណ ជា៥.០០០មុខ នៅលើនាវារបស់ខ្លួន ដើម្បីសិក្សាពីបញ្ហាផ្សេងៗនៅក្នុងពិភពលោកដែលបានកត់ត្រានៅក្នុងសៀវភៅទាំងនោះ ។
លោក ចាន់ សុខា អនុប្រធាននាយក ដ្ឋានចលនានាវានិងកណ្ណធារបានមាន ប្រសាសន៍ឱ្យដឹងថា នាវា LOGOS HOPE មានសញ្ជាតិ Malta មានបណ្ដោយ ១៣២.៥០ម៉ែត្រ ទទឹង ២០.៨ម៉ែត្រ ជម្រៅទឹក ៥.២ម៉ែត្រ មាននាវិក និង បុគ្គលិកស្ម័គ្រចិត្ដអន្ដរជាតិធ្វើការនៅ លើនាវាដោយមិនគិតកម្រៃសរុប៣៥២នាក់ និងមាន៥៧ជាតិសាសន៍ ដែល មានវប្បធម៌ផ្សេងគ្នា។ នាវា LOGOS HOPE ដឹកនាំដោយលោកមេបញ្ជាការ នាវាឈ្មោះ James Thomas ។
លោក ចាន់ សុខា បានឱ្យដឹងទៀតថា នាវា LOGOS HOPE បានចាកចេញពី ហុងកុងមុននឹងចូលមកចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ហើយ នាវា LOGOS HOPE នឹង ចាកចេញពី ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខទៅកាន់ប្រទេសថៃ។ ការចូលចត នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង សិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងចូលរួម លើកកម្ពស់សុច្ឆន្ទៈមិត្ដភាពនិងការយល់ដឹងជាលក្ខណៈអន្ដរជាតិចូលរួមចំណែកក្នុងវិស័យអប់រំ វប្បធម៌តាមសហគមន៍ និងផ្ដល់ជំនួយមនុស្សធម៌ក្នុងប្រទេសដែល ជួបគ្រោះធម្មជាតិ ។ នេះជាការចូលចត លើកដំបូងរបស់នាវា LOGOS HOPE នៅព្រះរាជាណាចក្រកម្ពុជា និងជួបជា មួយនាយកអន្ដរជាតិបម្រើការងារនៅ លើនាវា LOGOS HOPE ដែលមាន បទពិសោធន៍ សម្រាប់បម្រើការងារជា មួយក្រុមគ្រួសារប្រជាពលរដ្ឋនៅលើ ពិភពលោក។ក្រៅពីបុគ្គលិកស្ម័គ្រចិត្ដ បរទេសក៏មានក្រុមបុគ្គលិកស្ម័គ្រចិត្ដ កម្ពុជាចូលរួមការងារជាមួយបុគ្គលិក អន្ដរជាតិផងដែរ ។
នាវា LOGOS HOPE ធ្វើចរាចរណ៍ និងមានការទទួលស្វាគមន៍តាមកំពង់ផែ ចំនួន១.៤០០លើពិភពលោក ដែលមាន ចំនួន១៦០ប្រទេស រួមទាំងការចូល ទស្សនានិងភ្ញៀវកិត្ដិយសជាង ៤២លាននាក់ នៅលើនាវា LOGOS HOPEផែង ដែរ ។
នាវា LOGOS HOPE ជាកម្មសិទ្ធិ របស់អង្គការក្រៅរដ្ឋាភិបាលមួយ ដែល មានផ្ទុកទៅដោយសៀវភៅចម្រុះប្រមាណ ៥.០០០មុខសម្រាប់ឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសនីមួយៗចូលទៅទស្សនា និងអានសៀវភៅនៅលើនាវាដែលមានសៀវភៅចម្រុះជាតិ ចំនួនប្រមាណជា ៥.០០០ក្បាល ។
តាមកម្មវិធីដែលបានគ្រោងទុកនាវាចាប់បើកទ្វារទទួលមន្ដ្រីរាជការកងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស និស្សិត និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេសចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង៨និង៣០នាទីយប់ ចំពោះថ្ងៃអាទិត្យចាប់ពីម៉ោងចាប់បើកពីម៉ោង១រសៀលដល់ម៉ោង៨និង៣០នាទី យប់ និងចំណែកថ្ងៃចន្ទ គឺជាថ្ងៃបិទ ឈប់សម្រាករបស់បុគ្គលិកស្ម័គ្រចិត្ដ ។ ចំពោះសំបុត្រចូលទស្សនានៅលើនាវា មានតម្លៃម្នាក់ៗ៥០០រៀលហើយសម្រាប់ កូនក្មេងអាយុក្រោម១២ឆ្នាំ ចូលទស្សនា ដោយមិនគិតថ្លៃ ក៏ប៉ុន្ដែត្រូវមានមនុស្ស ចាស់ម្នាក់មកតាមថែរក្សាសុវត្ថិភាព ក្មេងៗចៀសវាងនូវការគ្រោះថ្នាក់ ចៃ ដន្យ ដោយប្រការណាមួយ ។
គួរបញ្ជាក់ផងដែរថា កាលពី៣ឆ្នាំ កន្លងមកក៏មាននាវាផ្ទុកសៀវភៅឈ្មោះ MV Dolos បានចូលចតបើកការតាំង ពិព័រណ៍ សៀវភៅនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុចំនួន២លើករួចមក ហើយ ដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំង ប្រទេសកម្ពុជាចូលទស្សនាកម្សាន្ដ ៕
