
សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពុំទាន់មានចំណាត់ការទៅលើជនដៃដល់ដែលវាយកញ្ចក់រថយន្ដនិងដកកាំភ្លើងអ្នកដទៃនៅឡើយ
ដោយ ៖ ស.សម ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 14:34:53
ភ្នំពេញៈ តាមសេចក្ដីរាយការណ៍មួយ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះ ជនដៃដល់ដែល មានឈ្មោះ ហ៊ង ប៊ុនណ្ណារិទ្ធ នៅពុំទាន់ មានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធណាមួយមានវិធានការទៅលើជននោះនៅឡើយ ដោយគេឃើញជនដៃដល់រូបនេះ ធ្វើដំណើរឆ្វេចឆ្វាចនៅក្នុងទឹកដីខណ្ឌ៧មករានៅឡើយ បើទោះជាមានពាក្យបណ្ដឹងពី ជនរងគ្រោះក៏ដោយ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះប្រ ភពព័ត៌មានពីមន្ដ្រីនគរបាលខណ្ឌ៧មករា ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ភ្នាក់ងារកាសែតនគរវត្ដឱ្យដឹងថា ករណីខាងលើនេះផ្នែកជំនាញព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែរៀបចំឯកសារបញ្ជូនទៅខាងស្ថាប័ន អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ដ។
គួរបញ្ជាក់ថា ឈ្មោះ ហ៊ង ប៊ុណ្ណារិទ្ធ ត្រូវបានស្ដ្រីជាជនរងគ្រោះឈ្មោះ ប៉ុក វ៉ាន់ដា បានដាក់ពាក្យបណ្ដឹងបន្ទាប់ពី បានធ្វើសកម្មភាព យកដុំថ្មទៅវាយបំ បែកកញ្ចក់រថយន្ដរបស់ជនរងគ្រោះ ហើយព្រមទាំងមានការដកកាំភ្លើងគំរាម បាញ់ទៀតផង ដែលករណីនេះបានកើត ឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣ ស្ថិតត្រង់ចំណុច ក្បែរចំណតរថយន្ដកាពីតូល ផ្លូវលេខ១០៧ កែងផ្លូវលេខ១៨២ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។ ករណីនេះគឺផ្ដើម ឡើងចេញពីករណីគ្រោះថ្នាក់ចរាចរ បន្ដិចបន្ដួចតែប៉ុណ្ណោះ រហូតធ្វើឱ្យជន ដៃដល់ដែលអាងអំណាចទឹកប្រាក់របស់ ខ្លួនបង្កើតជាអំពើហិង្សា និងដកកាំភ្លើង គំរាមគេឯងយ៉ាងអនាធិបតេយ្យ។
ក្រោយពីសារព័ត៌មាន កាសែតនគរវត្ដនិងកាសែតក្នុងស្រុកមួយចំនួនទៀត ចេញផ្សាយនៅទង្វើគួរឱ្យស្អប់ខ្ពើមមួយនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋជាច្រើនកំពុង តែយកចិត្ដទុកដាក់តាមដានថា តើសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធនឹងមានវិធាន ការយ៉ាងដូចម្ដេចចំពោះជនរូបនេះ? ឬ មួយដូចពាក្យចាស់ពោលថា មានលុយ អាចធ្វើអ្វីស្រេចតែចិត្ដ បើដូច្នោះមែន ឯណាទៅពាក្យថាយុត្ដិធម៌នៅចំពោះមុខ ច្បាប់?៕
