
អភិសេកព្រះមាតាធរណី
ដោយ ៖ ឯកឧត្ដម ហ៊ុន ហេង ថ្ងៃទី 19 វិច្ឆកា 2010ម៉ោង 15:08:40
I. ព្រះសង្ឈស្វាធ្យាយពុទ្ធជ័យមន្ដ ប្រោះព្រំសុគន្ធពិដោរឈ្ងុយឈ្វេង
លឺលាន់គឹកកងរំពងដោយភ្លេង មនុស្សម្នាចាស់ក្មេងរែងសង្វេកក្រៃ។
II. រស្មីកាំជ្រួចដូចស្រោចមាសពេជ្រ ភ្លឺផ្លេករំលេចចាំងឆ្លុះជលស័យ
ធម៌ធម្មសង្វេគគ្រលួចពេកក្រៃ សូត្រថ្វាយម្ចាស់ថ្លៃអង្គព្រះមាតា។
III. ស្នូរសំលេងគងទូងនូវភេវី ក្នុងព្រះមណីប្រាសាទប្រាង្គប្រា
សម្លេងជ័យឃោសន៍មហាអាចារ្យ អង្គព្រះមាតាទ្រង់ឈ្នះមារហើយ។
IV. មារាធិរាជ បរាជ័យា មារនាំគ្នាវារត់គ្មានសល់ឡើយ
មាតាធរណីទ្រង់ឈ្នះមារហើយ ពុទ្ធបរិស័ទអើយសាធុព្រមគ្នា។
V. អង្គព្រះមាតាធរណីថ្លាថ្លៃ ជើងឯកល្បាញល្បីតេជដៃផ្ចាញ់មារ
កាលពីពុទ្ធអង្គនៅគង់ធម្មា គង្ហីងព្រះធរណីផ្ចាញ់មារនិគ្រន្ថ។
VI. ច្បូតព្រះកេសីបង្កើតគង្គា ពន្លិចពួកមារដោយឫទ្ធាមន្ដ
ពួកមារបាក់ស្បាតដាច់ខាតថ្វាយខ្លួន លែងហ៊ានរុកគួនព្រះពុទ្ធជាម្ចាស់។
VII. ហៃសាធុជនផងទាំងឡាយអើយ ចូរកុំភ្លេចឡើយនូវព្រះគុណព្រះ
មាតាធរណីទ្រង់មានគុណណាស់ វន្ទាសំពះព្រះឈ្នះមារហើយ។
VIII. សូមឯកឧត្ដមជំទាវឧកញ៉ា មហាឧបាសិកាយាយតាបានស្បើយ
ផល្លានិសង្ឈខ្ពង់ខ្ពស់ដល់ហើយ សុខសាន្ដត្រាណត្រើយសួគ៌ានិញ្វន្ដ។
